អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅសមាជិកសភាអាមេរិកទាក់ទងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ បើទោះបីជាគ្មានវត្តមានអតីតមេដឹកនាំនៃគណបក្សប្រឆាំង។ ការបោះឆ្នោតនេះ ត្រូវអនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ជាតិរបស់កម្ពុជា ហើយរាល់បណ្តឹងពាក់ព័ន្ធការបោះឆ្នោតត្រូវ បានដោះស្រាយចប់សព្វគ្រប់ ពេលនោះលទ្ធផល នៃការបោះឆ្នោតនឹងប្រកាសជាផ្លូវការដោយមិនរង់ចាំការប្រថាប់ត្រាដោយការព្រម ឬមិនព្រម ពេញចិត្ត ឬមិនពេញចិត្ត ត្រឹមត្រូវ ឬមិនត្រឹមត្រូវរបស់បុគ្គលណាមួយទេ។

ការបញ្ជាក់នេះ គឺជាការឆ្លើយតបទៅនឹងលោក Alan Lowenthal សមាជិកសភាសហរដ្ឋអាមេរិកដែលបានលើកឡើងកាលពីពេលថ្មីៗកន្លងមកនេះថា ការបោះឆ្នោតជាតិនៅក្នុងឆ្នាំ២០២៣ នឹងគ្មានន័យទេ ប្រសិនបើមេដឹកនាំបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនអាចចូលរួមបាននោះ។

ទាក់ទងការលើកឡើងនេះ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១៧ ខែកញ្ញានេះថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ការបោះឆ្នោតនេះ ត្រូវអនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ជាតិរបស់កម្ពុជា។ តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រគណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់ស្តីពីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ មានសិទ្ធិចូលរួមការប្រកួតប្រជែងការបោះឆ្នោត ទាំងការបោះឆ្នោតនៅថ្នាក់ជាតិ រួមនឹងការបោះឆ្នោតនៅថ្នាក់ក្រោមជាតិ។ ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតត្រូវគោរព និងអនុវត្តតាមបញ្ញត្តិដូចមានចែងនៅក្នុងជំពូកទី៤ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា “អ្វីៗទាំងអស់សម្រាប់ការបោះឆ្នោតនេះ គឺត្រូវគោរព និងអនុវត្តតាមច្បាប់ជាតិ នៃច្បាប់ព្រះរាជាណាចក្រកម្ពុជា។ ការទទួលស្គាល់ ឬមិនទទួលស្គាល់ ឬការវាយតម្លៃបែបណារបស់ស្ថាប័នណា គឺជាសិទ្ធិក្នុងការបញ្ចេញមតិរបស់ពួកគេ។ ក៏ប៉ុន្តែសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលជាស្ថាប័នចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដែលកំណត់តួនាទីភារ កិច្ចឱ្យរៀបចំចាត់ចែងគ្រប់គ្រងការបោះឆ្នោតត្រូវគោរពអនុវត្តទៅតាមច្បាប់ជាតិ។ គ.ជ.ប ខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យគោលការណ៍ទូទៅ នៃច្បាប់ត្រូវបានអនុវត្តដោយពេញលេញសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ការអនុវត្តទូទៅ គឺត្រូវតែគោរពទៅតាមបញ្ញត្តិនៃច្បាប់ ដូចអ្វីដែលបានបញ្ជាក់ជូនខាងដើម។ បន្ទាប់ពីបញ្ចប់ការបោះឆ្នោតការរាប់សន្លឹកឆ្នោត លទ្ធផល នៃការបោះឆ្នោតត្រូវបានរៀបចំ និងអនុវត្តយ៉ាងពេញលេញ។ គ.ជ.ប ប្រកាសលទ្ធផល នៃការ បោះឆ្នោត នៅពេលដែលបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោតត្រូវបានដោះស្រាយបានចប់សព្វគ្រប់។ កិច្ចការនេះ មិនចំណុះទៅលើការលើកឡើងថា ត្រឹមត្រូវ ឬមិនត្រឹមត្រូវរបស់បុគ្គលណា ឬប្រទេសណាមួយទេ។ នៅពេលដែលដំណើរការរៀបចំការបោះឆ្នោត ប្រព្រឹត្តទៅដែលមានការចូលរួមពីប្រជាពលរដ្ឋ ការចូលរួមពីគណបក្សនយោបាយ ហើយដំណើរការទូទៅត្រូវបានអនុវត្តទៅតាមគោលការណ៍ដែលកំណត់ដែលកំណត់ដោយច្បាប់។ រាល់បណ្តឹងពាក់ព័ន្ធការបោះឆ្នោតត្រូវ បានដោះស្រាយចប់សព្វគ្រប់ពេល នោះលទ្ធផល នៃការបោះឆ្នោតនឹងប្រកាសជាផ្លូវការដោយមិនរង់ចាំការប្រថាប់ត្រាដោយការព្រម ឬមិនព្រម ពេញចិត្ត ឬមិនពេញចិត្ត ត្រឹមត្រូវ ឬមិនត្រឹមត្រូវរបស់បុគ្គលណាមួយទេ។ នេះជាគោលការណ៍អនុវត្តជាទូទៅរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត”៕
ដោយ៖ពលជ័យ

ads banner