រដ្ឋបាលខេត្តកំពត បង្កើតកម្មវិធីវេចនំអន្សមសាមគ្គី ដើម្បីរួមចំណែកអភិរក្សបង្កើនភាពស្និទ្ធស្នាលនិងបង្កបរិយាកាសសប្បាយរីករាយអបអរពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២
ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិនអភិបាលខេត្តកំពត និង លោកជំទាវ ហ៊ុន ចាន់ ធី ព្រមទាំងលោក ជំទាវ ថុង ធារី ជឹង ផល្លា ដោយមានការចូលរួមអំពីមន្ត្រីរាជការនៃបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត រួមនិងយុវជន យុវតីប្រជាពលរដ្ឋ ជាច្រើននាក់ បានមកជួបជុំគ្នា ចូលរួមនៅក្នុងកម្មវិធីវេចនំអន្សមសាមគ្គីលើកដំបូង ជាប្រវត្តិសាស្ត្ររបស់រដ្ឋបាលខេត្តកំពត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ពួកគាត់យល់ឃើញថា ពិធីនេះពិតជាល្អក្នុងការផ្សព្វផ្សាយនិង បានផ្តល់នូវចំណេះដឹង បទពិសោធន៍ថ្មីសម្រាប់មនុស្សជំនាន់ក្រោយ រួមចំណែកអភិរក្សប្រពៃណីទំនៀមទម្លាប់ បង្កើនភាពស្និទ្ធស្នាល និងបង្កបរិយាកាសសប្បាយរីករាយរួមគ្នា។
នៅក្នុងឱកាសនៃ កម្មវិធីវេចនំអន្សមសាមគ្គី ដែលរដ្ឋបាលខេត្តកំពត បានរៀបចំឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ប្រជាពលរដ្ឋក៏ដូចជាអ្នកចូលរួម បានបង្ហាញអារម្មណ៍ដោយចាត់ទុកកម្មវិធីនេះ ពិតជាល្អណាស់ សម្រាប់មនុស្សទូទៅ ព្រោះបានបង្កឱកាសឲ្យបានមកជួបជុំគ្នា សំណេះសំណាល សួរសុខទុក្ខគ្នា ស្និទ្ធស្នាលគ្នា និងបង្កើតបរិយាកាសសប្បាយរីករាយជាមួយគ្នា ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលជាប្រពៃណីទំនាមទម្លាប់របស់ដូនតាខ្មែរ តែងធ្វើជារៀងរាល់ឆ្នាំរហូតមក។ ម្យ៉ាងទៀតពិធីនេះបើកឱកាសឲ្យអ្នកជំនាន់មុន ចែករំលែកនូវបទពិសោធន៍នៃរបៀបរៀបចំផ្សំគ្រឿងនិងការវេចនំអន្សម ព្រមទាំងនំប្រពៃណីផ្សេងៗ ដល់ក្មេងជំនាន់ក្រោយផងដែរ។
ចំណែកក្រុមយុវជន ក៏បានបង្ហាញនូវភាពសប្បាយរីករាយ ក្នុងការចូលរួមពិធីវេចនំអន្សមសាមគ្គីនេះដែរថា ក្រៅពីបានជួបជុំមិត្តភ័ក្តថ្មីៗ ពួកគេបានឃើញនូវសាមគ្គីភាព និងភាពស្និទ្ធស្នាល របស់អ្នកចូលរួមយ៉ាងល្អប្រពៃ ហើយម្យ៉ាងទៀត លើសពីនោះពួកគេបានរៀនសូត្រនូវបទពិសោធន៍ពីរបៀបធ្វើនំអន្សមដែលជានំប្រពៃណីរបស់ខ្មែរដែលពួគគាត់មិនធ្លាប់ចេះធ្វើដោយផ្ទាល់ដៃពីមុនមក។
ចំណែកមន្ត្រីសាលាខេត្តកំពត ក៏បានចាត់ទុកកម្មវិធីនេះ ពិតជាល្អមែនទែន ហើយនេះគឺជាលើកទី១ នៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋបាលខេត្តកំពត ដែលបានជួបជុំគ្នាវេចនំអន្សមនៅសាលាខេត្តដើម្បីចូលរួមអបអរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌយ៉ាងសប្បាយរីករាយ ។ ដូច្នេះហើយគាត់ចង់ឲ្យពិធីនេះធ្វើឡើងជារៀងរាល់ឆ្នាំ បើអាចធ្វើឲ្យបានកាន់តែធំជាងនេះ ក៏ល្អម្យ៉ាងដែរ ព្រោះពិធីនេះផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាង ដូចជាផ្តល់ឱកាសជួបជុំ បង្កើនភាពស្និទ្ធស្នាលរវាងពលរដ្ឋចាស់ៗដែលមានបទពិសោធន៍និងយុវជន ព្រមទាំងមន្ត្រីរាជការ ថ្នាក់ដឹកនាំខេត្ត បង្កើនស្មារតីអភិរក្សទំនៀមទម្លាប់ប្រពៃណីខ្មែរ ពិសេសបង្រៀនរបៀបធ្វើនំអន្សមដល់ក្មេងៗជំនាន់ក្រោយ ។
ការចំណាយក្នុងកម្មវិធីវេចនំអន្សម រួមនិងអន្សមចេកដែលជាលក្ខណៈសាមគ្គីរបស់រដ្ឋបាលខេត្តកំពត ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនាពេលនេះ គឺជាគំនិតផ្តួចផ្តើមឡើង របស់ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ក្រោមការដឹកនាំផ្ទាល់ពីសំណាក់លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និងលោកជំទាវ ថុង ធារី ជឹង ផល្លា ដោយបានប្រើប្រាស់អង្ករដំណើប ១តោន សណ្តែក ៥០០គីឡូ សាច់ខ្លាញ់ ជ្រូក ១៥០គីឡូ ដូងទុំ ៤៨០ផ្លែ ចេកទុំ ៧០ស្និត ស្លឹកចេក ៣០០គីឡូ។ នំទាំងអស់ធ្វើសម្រាប់ហូបជុំគ្នា និងការចែករំលែកគ្នាយកទៅវត្ត ឬផ្ញើទៅមិត្តភ័ក្តិ ក្រុមគ្រួសារហូបផងដែរ ៕Sila Sarin