មហាសេដ្ឋី ឥណ្ឌា លោក Gautam Adani ផ្ដួល លោក Jeff Bezos ក្លាយជា អ្នកមានបំផុតទីពីររបស់ពិភពលោក
ឥណ្ឌា៖ លោក Gautam Adani មហាសេដ្ឋីឥណ្ឌា បានលេចមុខក្នុងតារាងអ្នកមានទ្រព្យធនច្រើន បំផុតនៅលើពិភពលោកលំដាប់ថ្នាក់ទី ២ ក្នុងឆ្នាំ ២០២២នេះ របស់ គេហទំព័រ Bloomberg។
មហាសេដ្ឋី Adani ដែល ជាម្ចាស់អាជីវកម្មអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិង ថាមពលធំបំផុតមួយរបស់ មហាយក្សឥណ្ឌា ក្លាយជាសេដ្ឋី នៅអាស៊ីដំបូងគេ ចូលមកបំបែកកំណត់ត្រាចំណាត់ថ្នាក់ដ៏ ខ្ពស់ប្រជែងមហាសេដ្ឋីនៅលោកខាងលិច។
បើតាមវាយតម្លៃទ្រព្យសម្បត្តិអ្នកមាននៅទូទាំងពិភពលោក របស់ Bloomberg មហាសេដ្ឋី លំដាប់ថ្នាក់ទី ២ឆ្នាំ ២០២២ជំនួសលោក Jeff Bezos គឺ លោក Gautam Adani ជាជនជាតិឥណ្ឌា មានទ្រព្យសម្បតិ្តគិត ជាទឹកប្រាក់ចំនួន ១៤៦.៩ ពាន់លានដុល្លារ។ មហាសេដ្ឋីឥណ្ឌារូបនេះ ជាស្ថាបនិក ក្រុមហ៊ុនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងថាមពលកកើតឡើងវិញ «Adani Group»។ ភាគហ៊ុន Adani Group បានបន្ត បំបែកកំណត់ត្រាថ្មីនៅក្នុង សប្តាហ៍នេះ និងដែល កើនឡើងជាលំដាប់ជាង ១០០០ភាគរយឯណោះ បើ គិតតាំងពីខែមិថុនា ឆ្នាំ ២០២០មក។
នៅក្នុងសន្ទស្សន៍វាយតម្លៃ ដោយ Bloomberg ចេញផ្សាយនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ មហាសេដ្ឋីអាមេរិកស្ថាបនិក Amazon បានធ្លាក់មកជាមហាសេដ្ឋីលំដាប់ទី ៣។ ទ្រព្យសម្បត្តិរបស់លោក បានធ្លាក់មកនៅសល់ចំនួន ១៤៥.៨ពាន់លានដុល្លារ ពាន់លានដុល្លារ។ រីឯ លោក Elon Musk ស្ថាបនិករបស់ក្រុមហ៊ុន Tesla នៅតែបន្ត ជា មហាសេដ្ឋីលំដាប់លេខ១នៅលើពិភពលោកក្នុងឆ្នាំ២០២២ នេះដដែល ជាមួយ ទ្រព្យសម្បត្តិ ចំនួន ២៦០ពាន់លានដុល្លារ។
នេះ ជារឿងមិននឹកស្មានដល់ទេ លោក Gautam Adani បានក្លាយជាមហាសេដ្ឋីនៅអាស៊ីរូបនេះអាច បំបែកកំណត់ត្រា យកឈ្នះ មហាសេដ្ឋីកំពូលៗផ្នែកបច្ចេកវិទ្យានៅលោកខាងលិច ក្នុងតារាង វាយតម្លៃទ្រព្យសម្បត្តិរបស់ Bloomberg។
មហាសេដ្ឋីឥណ្ឌា លោក Gautam Adani មានអាយុ ៦០ឆ្នាំ មានកម្រិតសិក្សាកម្រិតវិទ្យាល័យ ចាប់ផ្តើមចូល ធ្វើការងារដំបូងជាអ្នកតម្រៀប ត្បូងពេជ្រ នៅទីក្រុង Mumbai នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ មុនពេលនាំចូល សម្ភារៈផ្គត់ផ្គង់ សំណង់ រហូតពង្រីក បង្កើតបានជាក្រុមហ៊ុនធំបន្តិចម្តងៗ និងរហូត ក្លាយជាក្រុមហ៊ុន ដ៏ធំបំផុតនៅឥណ្ឌាផ្នែកអភិវឌ្ឍហេដ្ឋារចនាសំណង់និងថាមពលកកើតឡើងវិញ៕ ដោយ៖ CPA/បណ្តូល ពេជ្រ