ព្យុះទីហ្វុង Nanmadol ប៉ះពាល់ចរាចរណ៍ផ្លូវអាកាស ផ្លូវគោកក្នុងប្រទេសជប៉ុន នឹងមានភ្លៀងធ្លាក់កាន់តែច្រើន

តូក្យូ៖ ព្យុះទីហ្វុង Nanmadol បានបោកបក់ភាគខាងលិចប្រទេសជប៉ុន ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង នាថ្ងៃទី១៩ កញ្ញា ២០២២នេះ ដោយបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍នានា លុបចោលជើងហោះហើរ ប្រតិបត្តិការរថភ្លើង ធ្វើឱ្យមនុស្សជាង ៣០០,០០០គ្រួសារគ្មានអគ្គិសនីប្រើប្រាស់ ។

អាជ្ញាធរបានព្រមានអំពីទឹកជំនន់ និងការរអិលបាក់ដី ខណៈដែលព្យុះទីហ្វុងទី១៤ នៃរដូវកាលនេះបានធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសជប៉ុនហើយ។

ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ភ្លៀងរហូតដល់៤០០មីលីម៉ែត្រ ត្រូវបានគេព្យាករណ៍ថា នឹងមាននៅក្នុងតំបន់ Tokai ភាគកណ្តាលនៃប្រទេសជប៉ុន ដែលជាតំបន់ឧស្សាហកម្មរបស់ប្រទេសជប៉ុន ក្នុងរយៈពេល២៤ ម៉ោងបន្ទាប់ ។

មន្ត្រីទីភ្នាក់ងារមួយបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ រលកខ្ពស់ និងខ្យល់ព្យុះ” ។

Kyushu Railway ដែលជាប្រតិបត្តិកររថភ្លើងដែលបម្រើដល់កោះ Kyushu ភាគខាងលិចរបស់ប្រទេសជប៉ុន បាននិយាយថា ខ្លួនបានផ្អាកប្រតិបត្តិការទាំងអស់សម្រាប់ថ្ងៃច័ន្ទ ខណៈដែលក្រុមហ៊ុន Japan Airlines និង ANA Holdings បានលុបចោលជើងហោះហើរប្រហែល ៨០០ សម្រាប់ថ្ងៃនេះ៕ ប្រភពពី CNA, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner