ហុងកុងគ្រោងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយកម្ពុជាកាន់ តែខ្លាំងក្លា

អត្ថបទដោយ៖
CPA

ភ្នំពេញ ៖ ហុងកុងគ្រោងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម កាន់តែខ្លាំងក្លាជាមួយកម្ពុជា ដោយការការខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាលចិន ក្នុងការបង្កើនឱកាស ការវិនិយោគទុន ដែលធ្វើឲ្យតំបន់ស្វយ័តហុងកុងនឹងក្លាយជាដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជានាពេលខាងមុខ។

លោក Algernon Yau អគ្គលេខានៃការិយាល័យអភិវឌ្ឍន៍ សេដ្ឋកិច្ចនិង ពាណិជ្ជកម្មហុងកុង បានលើកឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នាអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅ កម្ពុជាថា ហុងកុងបានត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រីក និង ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយកម្ពុជា បន្ទាប់ពី តំបន់រដ្ឋបាលពិសេសមួយនេះ ត្រូវបានរដ្ឋាភិបាលចិនដាក់បញ្ចូល ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ទាំងក្របខណ្ឌតំបន់ស្វយ័តពិសេស និងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។

អគ្គលេខានៃការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មហុងកុងរូបនេះ អះអាងថា កោះហុងប្រាកដនឹងក្លាយទៅជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់របស់កម្ពុជានៅថ្ងៃមុខជាក់ជាមិនខាន ក៏ព្រោះរដ្ឋបាល ហុងកុង ក៏ដូចជារដ្ឋបាលកណ្តាលទីក្រុងប៉េកាំងខិតខំបង្កើនឱកាស វិនិយោគនានា ទាំងតំបន់ដីគោក និងដីកោះ។

លោក Algernon Yau បានគូសបញ្ជាក់ពីមូលហេតុនានាដែលជា កត្តាអំណោយផលដល់ភាពជាដៃគូសម្រាប់កម្ពុជា-ហុងកុង រួមមាន ទម្រង់សេដ្ឋកិច្ចទីផ្សារសេរី ប្រព័ន្ធពន្ធសាមញ្ញនិងមានតម្លៃ បណ្តាញ ហេដ្ឋារចនាសម្ព័ន្ធ បរិយាកាសធុរកិច្ចអន្តរជាតិ និងជាពិសេសកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសតំបន់អាស៊ាន។

នារាជធានីភ្នំពេញ នៅក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំដែលកោះ ហុងកុងបានវិលមកស្ថិតក្រោមការគ្រប់គ្រងរបស់ចិនក្រោយរបបអាណានិគមអង់គ្លេស ដែលមានអ្នកចូលរួមប្រមាណជាង ៤០០នាក់ ព្រមទាំងវត្តមានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian ផងនោះ លោក Algernon Yau បានថ្លែងសុន្ទរកថា ដូច្នេះថា៖ «ក្រោមការប្រឹងប្រែង ជ្រោមជ្រែងពីរដ្ឋបាលកណ្តាល ជាមួយនឹងគោលនយោបាយប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ ហុងកុងបានកែប្រែខ្លួនទៅជាទីក្រុងលំដាប់ពិភពលោកនារយៈកាល ២៥ឆ្នាំចុងក្រោយនេះ »។

លោកបានថ្លែងបន្ថែមថា៖ «យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បី ធ្វើកាជាមួយដៃគូរក្នុងតំបន់របស់យើង រួមទាំងកម្ពុជាផង ដើម្បី ចាប់យកឱកាសអាជីវកម្មដែលមិនធ្លាប់មានពីមុនមក »។

នាអំឡុងដំណើរទស្សនកិច្ចបួនថ្ងៃនៅកម្ពុជារបស់អគ្គលេខានៃការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មហុងកុង លោក Algernon Yau បានជួបពិភាក្សាជាមូយសមាសភាគីអាស៊ាននានា ដើម្បីជំរុញ វត្តមានរបស់ហុងកុងក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ផងដែរ។

ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី កាលពីឆ្នាំ២០២១ កន្លងទៅទំនាក់ ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ហុងកុង បានកើនឡើងក្នុងរង្វង់ ៨ភាគរយ គិតជាទឹកប្រាក់ទំហំប្រមាណ ១,២ពាន់លានដុល្លារ។ នេះបើតាមការបញ្ជាក់ពីការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មហុងកុង។ តាមទិន្នន័យនេះ ហុងកុងឈរនៅលំដាប់ទី១១ ជា ប្រទេស ដៃគូរពាណិជ្ជកម្មសំខាន់របស់កម្ពុជា។ នេះបើយោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕
ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner