ប៉ូលិសចុះត្រួតពិនិត្យរដ្ឋបាលទីតាំងឈ្មោះ ស៊ីង សានទីង ដែលមានជនបរទេសស្នាក់ជិត៥០០នាក់ និងរកបទល្មើសចំនួន៦

ភ្នំពេញ៖ ឧត្ដមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធានយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងឈ្មោះ ស៊ីង សានទីង (ហៅ ឆាង ឆឹង) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីពិនិត្យលើស្ថានភាពទីតាំងអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ការស្នាក់នៅ និងការបម្រើការងាររបស់ជនបរទេស ព្រមទាំងស្រាវជ្រាវស៊ើបអង្កេតបទល្មើសបង្ខាំងមនុស្សដោយខុសច្បាប់ ការធ្វើទារុណកម្ម និងបទល្មើសជួញដូរមនុស្ស។ ទីតាំងដែលចុះត្រួតពិនិត្យនេះ គឺមានជនជាតិបរទេសស្នាក់នៅជិត៥០០នាក់ និងមាន៤សញ្ជាតិ។

ប្រតិបត្តិការចុះត្រួតពិនិត្យនេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានរកឃើញ និងកំណត់បានបទល្មើសចំនួន០៦បទល្មើសផ្សេងគ្នាដូចជា៖ បទល្មើសល្បែងស៊ីសងខុសច្បាប់ បទល្មើសបង្ខាំង និងធ្វើទារុណកម្មមនុស្សខុសច្បាប់ បទល្មើសកាន់កាប់ និងរក្សាទុកអាវុធខុសច្បាប់ បទល្មើសសញ្ចារកម្ម និងជួញដូរមនុស្ស ព្រមទាំងបើកការស៊ើបអង្កេតបទល្មើស សម្អាតប្រាក់ ស្របសំអាងនៃបទល្មើសល្បែងស៊ីសងខុសច្បាប់ និងបទល្មើសសញ្ចារកម្ម និងជួញដូរមនុស្ស។

យោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី១៨ ខែកញ្ញា បានបង្ហាញថា ក្នុងប្រតិបត្តិការរយៈពេល០៥ថ្ងៃនេះ កម្លាំងចម្រុះដឹកនាំដោយគណៈបញ្ជាការឯកភាពខេត្ត បានរកឃើញនូវជនបរទេសខុសច្បាប់អន្តោប្រវេសន៍ចំនួន ១៤១នាក់ ស្រី០៦នាក់ មាន០២សញ្ញាតិ ក្នុងនោះមានជនជាតិចិនចំនួន១៣០នាក់ (ស្រី០៣នាក់) និងជនជាតិវៀតណាមចំនួន ១១នាក់ (ស្រី០៣នាក់) ដោយបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីព្រះរាជាណាកច្រកម្ពុជា។ ក្នុងនោះផងដែរ មានជនបរទេសចំនួន២៦២នាក់ (ស្រី២៥នាក់) ត្រូវបានពិនិត្យឃើញថា បានបម្រើការងារដោយគ្មានប័ណ្ណការងារ ហើយត្រូវបានផាកពិន័យ។

សមត្ថកិច្ចជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយសមត្ថកិច្ចជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងជំនាញនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរកឃើញ និងកំណត់បានបទល្មើសចំនួន០៦បទល្មើសផ្សេងគ្នាដូចជា៖ បទល្មើសល្បែងស៊ីសងខុសច្បាប់ បទល្មើសបង្ខាំងនិងធ្វើទារុណកម្មមនុស្សខុសច្បាប់ បទល្មើសកាន់កាប់ និងរក្សាទុកអាវុធខុសច្បាប់ បទល្មើសសញ្ចារកម្ម និងជួញដូរមនុស្ស ព្រមទាំងបើកការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ស្របសំអាងនៃបទល្មើសល្បែងស៊ីសងខុសច្បាប់ និងបទល្មើសសញ្ចារកម្ម និងជួញដូរមនុស្ស។ ជនបរទេសចំនួន២៧នាក់ ត្រូវបាននាំខ្លួន និងបញ្ជូនទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត (ជនសង្ស័យ ១២នាក់ ជនរងគ្រោះ០៥នាក់ និងនារីបម្រើសេវាផ្លូវភេទ១០នាក់) និងបានដកហូតនូវវត្ថុតាងមួយចំនួនដូចជា អាវុធខ្លីចំនួន០៤ដើម ទូរស័ព្ទដៃសរុប ចំនួន ៨,៧៧៦គ្រឿង កុំព្យូទ័រលើតុ ចំនួន៨០៤គ្រឿង កុំព្យូទ័រយួរដៃ ចំនួន១៦គ្រឿង លិខិតឆ្លងដែន ចំនួន៣៦ក្បាល ឧបករណ៍ផ្ទុកទិន្នន័យ ចំនួន១២គ្រឿង ខ្នោះដៃ ចំនួន០៤គូ ដំបងឆក់ ចំនួន០៨ដើម ពិលឆក់ ចំនួន០២ដើម រួមទាំងសម្ភារៈ ឯកសារ និងប្រាក់មួយចំនួន។

ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជំនាញពាក់ព័ន្ធ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុសម្រេចដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖
១. ធ្វើកិច្ចសន្យាអប់រំដល់ជនបរទេសដែលស្របច្បាប់ និងជនបរទេសដែលបានផាកពិន័យរួច ឱ្យចាកចេញពីទីតាំងទៅរកកន្លែងថ្មីតាមការស្ម័គ្រចិត្ត។
២. បិទអាជីវកម្មទាំងអស់ ដែលស្ថិតក្នុងបរិវេណទីតាំងឈ្មោះ ស៊ីង សានទីង (ហៅឆាង ឆឹង)។
៣. បិទអាគារ A អាគារ B និង អាគារ C ដើម្បីបន្តស៊ើបអង្កេត រហូតដល់កិច្ចស៊ើបអង្កេតត្រូវបានបញ្ចប់ ទាំងស្រុង។
៤. បន្តការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ស្របសំអាងនៃបទល្មើសល្បែងស៊ីសងខុសច្បាប់ លើជនសង្ស័យចំនួន ៤នាក់ និងក្រុមហ៊ុនចំនួន ០១។
៥. បន្តការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ស្របសំអាងនៃបទល្មើសជួញដូរមនុស្ស និងបទល្មើស សញ្ចារកម្ម ជនសង្ស័យចំនួន ០២នាក់។
៦. បន្តការស៊ើបអង្កេតលើករណីរក្សាទុកអាវុធខុសច្បាប់ និងបទល្មើសពាក់ព័ន្ធ។
៧. បន្តការស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនជនសង្ស័យចំនួន ០១នាក់ ដែលជាមេក្លោងក្នុងសំណុំរឿងខាងលើ។ឮ

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា នឹងបន្តធ្វើការត្រួតពិនិត្យរដ្ឋបាលនៅតាមបណ្ដាទីតាំងអាជីវកម្មដែលសង្ស័យមិនមានច្បាប់អនុញ្ញាត ព្រមទាំងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនបរទេសដែលបានត្រួតពិនិត្យ និងមានកិច្ចសន្យា អប់រំរួចហើយ នៅតែបន្តស្វែងរកការធ្វើដោយខុសច្បាប់ និងសូមអំពាវនាវដល់អាជីវករទាំងអស់ ដែលកំពុងសម្ងំលួចលាក់ធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត បញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងឡាយណាដែលច្បាប់ហាមឃាត់៕
ដោយ៖ពលជ័យ

ads banner