ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ កម្ពុជា បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជា បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ខណៈបច្ចុប្បន្ន កងកម្លាំងកម្ពុជាសរុប ចំនួន ៨០១នាក់ កំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅក្រៅប្រទេស។ នេះបើតាមសារលិខិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្រោមមូលបទ «បញ្ចប់ការរើសអើងជាតិសាសន៍ និង កសាងសន្តិភាព» ការអបអរសារទរ «ទិវាសន្តិភាពអន្តរជាតិ» ឆ្នាំនេះ ផ្តោតលើការពង្រឹងសាមគ្គី ភាពអន្តរជាតិ ការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលសុខសម្រាប់មនុស្សជាតិ ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ កម្ពុជា បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក។
សម្ដេចបន្តថា ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២ កម្ពុជា បានបញ្ជូនកងកម្លាំងសរុបចំនួន ៨,៣០២នាក់ (ក្នុងនោះ ស្ត្រី៥៨០នាក់) ទៅបំពេញបេសកកម្ម ថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសចំនួន០៩ រួមមាន៖ ឆាដ ស៊ូដង់ ស៊ូដង់ ខាងត្បូង អាហ្វ្រិកកណ្ដាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។ បច្ចុប្បន្ននេះ កងកម្លាំងកម្ពុជាសរុប ចំនួន ៨០១នាក់ (ក្នុងនោះស្ត្រី១១៨នាក់) កំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប្រទេស ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិកកណ្ដាល និងយេម៉ែន។
ក្នុងឱកាសនេះ សម្ដេចតេជោ បង្ហាញនូវជំនឿយ៉ាងមុតមាំថា ពិធីអបអរសារទរ «ទិវាសន្តិភាពអន្តរជាតិ» ឆ្នាំនេះ ស្ដែងឱ្យឃើញកាន់តែច្បាស់អំពីឆន្ទៈ និងការប្តេជ្ញាចិត្តកាន់តែក្លៀវក្លា របស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ក្នុងការលើកកម្ពស់តម្លៃនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្ន ទៅវិញទៅមក ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងសាសនា សំដៅកសាងពិភពលោក មួយ ប្រកបដោយសន្តិសហវិជ្ជមាន ភាពធន់ និងការអភិវឌ្ឍដោយបរិយាប័ន្ន និងចីរភាព ៕ ដោយ វណ្ណលុក