ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាមានចំនួន ៥.៣% ក្នុងឆ្នាំ២០២២ និង៦.២%នៅឆ្នាំ២០២៣

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា ធនាគារនេះបានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ប្រទេសកម្ពុជានៅកម្រិត ៥.៣% ក្នុងឆ្នាំ ២០២២ ប៉ុន្តែបានបន្ទាបការព្យាករនៅឆ្នាំ ២០២៣ មកនៅត្រឹម៦.២% ពី៦.៥% ដោយសារការចុះខ្សោយ នៃកំណើនសេដ្ឋកិច្ចពិភពលោក។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា លោកស្រី Jyotsana Varma បានបញ្ជាក់ថា ការកើនឡើងនៃការនាំចេញផលិតផលកម្មន្តសាលរបស់កម្ពុជា និង ការងើបឡើងវិញបន្តិចម្តងៗ ក្នុងវិស័យសំណង់ និង សេវាកម្ម បានជួយដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២២ ទោះបីជាមានការថយចុះនៃកំណើនវិស័យកសិកម្មដែលបណ្តាលមកពីការកើនឡើង នៃថ្លៃប្រេងឥន្ធនៈ និង ជី និង ភ្លៀងធ្លាក់ខ្លាំងក៏ដោយ។

លោកស្រីបន្តថា អន្តរាគមន៍សេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ បាននិងកំពុងមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងថ្លៃទំនិញលើពិភពលោក សម្រាប់ពលរដ្ឋក្រីក្រ។

យោងតាមការធ្វើបច្ចុប្បន្នភាពនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ២០២២ (ADO 2022 Update) បានបង្ហាញថា ការនាំចេញផលិតផលសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និង ស្បែកជើងរបស់កម្ពុជា នៅតែរឹងមាំ ជាមួយកំណើន ៣៩.៨% ក្នុងឆមាសទីមួយនៃឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាមានការថយចុះនៃកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិក និង អឺរ៉ុបក៏ដោយ។

វិស័យកម្មន្តសាលមិនមែនកាត់ដេរ បានបន្តសន្ទុះកំណើនដ៏រឹងមាំ។ វិស័យសំណង់បានងើបឡើងវិញជាបណ្តើរៗ ជាមួយការនាំចូលសម្ភារសំណង់កើនឡើង ២២.៨%។ វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងកើនឡើង ៩.១% នៅឆ្នាំនេះ មុនពេលថយមកត្រឹម ៨.៦% នៅឆ្នាំ២០២៣ ដោយសារការចុះខ្សោយនៃតម្រូវការ ក្រៅស្រុក។

របាយការណ៍ខាងលើនេះ បានដំឡើងការព្យាករអតិផរណាឆ្នាំ២០២២ របស់កម្ពុជាទៅ៥.០% ពីការព្យាករ៤.៧% ក្នុងខែមេសា ដោយសារឥទ្ធិពលរាលដាល នៃការកើនឡើងតម្លៃប្រេងឥន្ធនៈដែលបណ្តាល មកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

ការព្យាករអតិផរណាសម្រាប់ឆ្នាំ២០២៣ ត្រូវបានរក្សាទុកនៅ២.២%។ ហានិភ័យសម្រាប់ទស្សនវិស័យនេះរួមមាន ការលេចឡើងនៃមេរោគកូវីដ១៩ប្រភេទថ្មី និងជំងឺអុតស្វា កំណើនឆាប់រហ័សនៃកម្ចីមិនដំណើរការ កំណើនសេដ្ឋកិច្ចនៃដៃគូពាណិជ្ជកម្មសំខាន់ៗមានភាពកាន់ តែទន់ខ្សោយ ការរំខាននានាដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល និង ការកើនឡើងនៃថ្លៃថាមពលនិងទំនិញ នានាដែលអាចអាក្រក់ជាងការរំពឹងទុក។

ការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដល់កម្ពុជា គឺស្របទៅនឹងអាទិភាពកំណើនរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្ន ADB កំពុងអនុវត្តគម្រោងវិនិយោគដែលមានទឹកប្រាក់ ២.៤៣ ពាន់លានដុល្លារនៅកម្ពុជា។ នៅឆ្នាំ២០២១ ADB បានសន្យាផ្តល់ប្រាក់កម្ចី និងជំនួយសម្រាប់ស្ថាប័នរដ្ឋចំនួន ៣២៧.១លានដុល្លារ ហើយបានកៀគរបន្ថែម៥លានដុល្លារ តាមរយៈសហហិរញ្ញប្បទានសម្រាប់កម្ពុជា។

ប្រាក់កម្ចីត្រៀមរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់កម្ពុជាឆ្នាំ ២០២២-២០២៥ រួមមានការផ្តល់កម្ចីសម្បទានចំនួន១.១៧ពាន់លានដុល្លារ និង ជំនួយចំនួន ៤៣.៩លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស និងការស្តារឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner