រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ វិស័យកសិកម្មបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើតការងារនៅជនបទ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងធានាសន្តិសុខស្បៀង
ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Jean Pierre Marcelli នាយកទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ីអាគ្នេឃ៍ និងលោកស្រី Sandrine BOUCHER នាយកទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD) ប្រចាំនៅកម្ពុជា នាទីស្តីការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអបអរសាទរ និងស្វាគមន៍ចំពោះលោកស្រីនាយកទីភ្នាក់ងារ AFD ដែលទើបបានតែងតាំងថ្មី និងថ្លែងអំណរគុណជូនចំពោះ AFD ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា រួមទាំងវិស័យកសិកម្មផងដែរ ។
ឯកឧត្តម វេង សាខុន បញ្ជាក់ថា បច្ចុប្បន្នវិស័យកសិកម្មបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើតការងារនៅជនបទ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងធានាសន្តិសុខស្បៀង។ ឯកឧត្តមក៏បានជម្រាបជូន អំពី ដំណើរការវិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាពីដំណាក់កាលមួយ មកដំណាក់កាលមួយ រហូតមកទល់បច្ចុប្បន្នដែលបានក្លាយជាប្រទេសមានសន្តិសុខស្បៀង និងការនាំចេញផលិផលកសិកម្ម ជាពិសេសស្រូវនិងអង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ចេក ស្វាយ កៅស៊ូ ។ល។ ទោះជាយ៉ាងណា វិស័យកសិកម្មកម្ពុជាត្រូវការកិច្ចសហការចាំបាច់ពីដៃគូអភិវឌ្ឍ និងវិស័យឯកជន ក្នុងការវិនិយោគលើខ្សែច្រវាក់ផលិតកម្មកែច្នៃស្របតាមលក្ខខណ្ឌតម្រូវពីប្រទេសបញ្ជាទិញ ដែលទាមទារនូវការគាំទ្រទុននិងបច្ចេវិទ្យាទំនើប។ល។
លោកនាយក Jean Pierre Marcelli បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលកន្លងមកបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយទីភ្នាក់ងារ AFD សម្រេចទទួលបានលទ្ធផលគួរជាទីមោទន។ ជំនួបនារសៀលថ្ងៃនេះ លោកនាយក ក៏បានបង្ហាញអំពីទស្សនផ្ទាល់ខ្លួនពីការពិនិត្យ និងវាយតម្លៃលើសមិទ្ធផលកន្លងមកដែលភាគីទាំងពីរបានសហការរួមគ្នាអនុវត្ត និងសិក្សាស្វែងយល់បន្ថែមអំពីសេចក្តីត្រូវការចាំបាច់នាពេលបច្ចុប្បន្ននៃវិស័យកសិកម្មបន្ទាប់ពីមានវិបត្តិជំងឺកូវីដ ១៩ ជាមួយគ្នានេះដែរ ក៏ពិនិត្យមើលគម្រោងអាទិភាពសំខាន់ៗមួយចំនួនសម្រាប់អនុស័យនីមួយៗដែលត្រូវការចាំបាច់ និងចង់ឲ្យAFD ជួយទាំងបច្ចេកទេស និងហិរញ្ញវត្ថុ និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មឲ្យកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត ។
លោកនាយក បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា AFD មានគម្រោងពីរដែលនឹងជួយដល់ក្រសួងកសិកម្មគឺ ទី១- គម្រោងការអភិវឌ្ឍវារីវប្បកម្មទឹកប្រៃនិងការគ្រប់គ្រងតំបន់ឆ្នេរប្រកបដោយនិរន្តភាព (Sustainable Coastal and Marine Fisheries) ដែលគ្រោងនឹងអនុមតិនៅចុងឆ្នាំនេះ និងទី២- គម្រោង RAD4CAM ទាក់ទងនិងដំណាំកៅស៊ូ និងផលិតកម្មពោតដែលនឹងអនុម័តនៅឆ្នាំ២០២៣ ។
ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យ AFD ពិនិត្យ ពិចារណាលើការលើកគម្រោងចាំបាច់ដែលទាក់ទងទៅដល់ការលើកកម្ពស់ខ្យែច្រវ៉ាក់ផលិតកម្មកសិកម្មរួមទាំង ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ បម្រើដល់ការផលិតនិងការកែច្នៃដែលជាតម្លៃតម្លៃបន្ថែម ដែលមានលក្ខណប្រទាក់ក្រឡាគ្នា ដែលទាមទារចាំបាច់អនុវត្តបច្ចេកវិទ្យាកសិកម្មទំនើបព្រមទាំងខ្សែច្រវ៉ាក់ផលិតកម្ម និងការកែច្នៃ ហើយករណីនេះ យើងត្រូវមានការគាំទ្រ ជំនួយឧបត្ថម្ភ និងកិច្ចសហការពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រួមទាំងការផ្តល់ឥណទានដែលមានការប្រាក់ទាបសម្រាប់វិស័យឯកជន។ ចំពោះគម្រោងទាំងពីរដែលបានលើកឡើងខាងលើ លោកនាយក AFD ប្រចាំតំបន់ និងឯកឧត្តមរដ្ឋមន្ត្រីបានឯកភាពគ្នាក្នុងការជំរុញ និងគាំទ្រគម្រោងនេះឲ្យទទួលបានការអនុវត្តបានពេញលេញនៅបំណាច់ឆ្នាំ២០២២ខាងមុខនេះ ៕ សេឌី