ក្នុងនាមប្រធានអាស៊ាន កម្ពុជា កំណត់យកមូលបទ៖ “អាស៊ានរួមគ្នាធ្វើ ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គា្ន” ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម នានា ក្នុងស្មារតីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងអន្តរជាតិ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងនាមប្រធានអាស៊ាន ឆ្នាំ២០២២នេះ កម្ពុជា បានកំណត់យកមូលបទ៖ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គា្ន” ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានា ក្នុងស្មារតីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងអន្តរជាតិ ។ នេះបើតាមសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្រោមមូលបទ «បញ្ចប់ការរើសអើងជាតិសាសន៍ និង កសាងសន្តិភាព» ការអបអរសារទរ «ទិវាសន្តិភាពអន្តរជាតិ» ឆ្នាំនេះ ផ្តោតលើការពង្រឹងសាមគ្គី ភាពអន្តរជាតិ ការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលសុខសម្រាប់មនុស្សជាតិ ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងស្មារតីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព កម្ពុជា បាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយគ្រប់ប្រទេសទាំងអស់នៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ ក្នុងនាមជាប្រធាន អាស៊ានឆ្នាំ២០២២នេះ កម្ពុជា បាននិងកំពុងដឹកនាំអាស៊ាន ឆ្លងកាត់បញ្ហាប្រឈមធំៗព្រមគ្នាដ៏ច្រើនមិនធ្លាប់មានពីមុនមក។ ក្នុងបរិបទនេះ កម្ពុជា បានកំណត់យកមូលបទ៖ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គា្ន” ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ ព្រមទាំងបន្តកសាងសហគមន៍អាស៊ាន លើកកម្ពស់មជ្ឈអាស៊ាន ក្នុងការកសាងនិម្មាបនកម្មតំបន់ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា សំដៅរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុង និងក្រៅតំបន់អាស៊ាន។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្តថា ដោយសារសន្តិភាព ការរួបរួមជាធ្លុងមួយ និងសុខដុមនីយកម្មរវាងប្រទេសជាសមាជិកអាស៊ាន ជាមូលដ្ឋានដ៏មានសារៈសំខាន់ជាសារវន្ត កម្ពុជា បានប្រឹងប្រែងជួយស្វែងរកដំណោះស្រាយវិបត្តិមីយ៉ាន់ម៉ា ដោយផ្អែកលើអភិក្រមជាក់ស្តែង និយម តាមរយៈការអនុវត្តតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច របស់អាស៊ាន ដើម្បីជួយឱ្យមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាពឡើងវិញ ក៏ដូចជាអនុញ្ញាតឱ្យអាស៊ានវិលត្រឡប់ទៅរកការរួបរួមរវាងសមាជិកទាំង ១០ វិញ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner