អង្គការយូនីសេហ្វនឹងផ្តល់ម៉ាស៊ីនផលិតអុកស៊ីហ្ស៊ែនចំនួន៣៦គ្រឿងទៅឲ្យក្រសួងសុខាភិបាលនៅឆ្នាំ២០២៣

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អង្គការយូនីសេហ្វ នឹងផ្ដល់ម៉ាស៊ីនអុកស៊ីហ្ស៊ែន ចំនួន ៣៦ គ្រឿងបន្ថែម ទៅឲ្យក្រសួងសុខាភិបាល ដែលនឹងដឹកមក ដល់កម្ពុជា នៅឆ្នាំ២០២៣ខាងមុខនេះខណៈដែលបានផ្ដល់ម៉ាស៊ីនផលិតអុកស៊ីហ្ស៊ែន ចំនួនមួយគ្រឿងបានមកដល់កម្ពុជារួចមកហើយ ហើយបាន ផ្តល់ទៅខេត្តព្រះវិហារ។

តាមរយៈជំនួបរវាងក្រសួងសុខាភិបាល និង អង្គការយូនីសេហ្វ (UNICEF )នៅទីស្ដីការក្រសួងសុខាភិបាល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានពិភាក្សាគ្នា ក្នុងការជំរុញកម្មវិធី អាហារូបត្ថម្ភ នឹងផ្ដល់អនុសាសន៍ទៅដល់យូនីសេហ្វ ក្នុងការលើក កម្ពស់ និងជំរុញនូវកម្មវិធីថែទាំសុខភាពបឋម ដើម្បីធ្វើឱ្យកាន់តែមាន ភាព ប្រសើរឡើងនៃកម្មវិធីអាហារូបត្ថម្ភ និងការលើកកម្ពស់ការ អប់រំ សុខភាពដល់ប្រជាជន ដូចជាការផ្ដល់ចំណេះដឹងដល់មាតា និង កុមារដោយផ្ដោតសំខាន់លើការបំបៅកូនដោយទឹកដោះ ម្ដាយ មួយ មុខ គត់ ក្រោយសម្រាល រហូតដល់ប្រាំមួយខែ។

តំណាងអង្គការយូនីសេហ្វ គឺលោកស្រី ហ្វូរូហ្គ៍ ហ្វូយ៉ូហ្សាត បានថ្លែង អំណរគុណទៅដល់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ១៩ និងតែងតែគាំទ្រអង្គការយូនីសេហ្វ ក្នុងការអនុវត្ដ គម្រោង នានា។

ចំណែកប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានប្រាប់ថា ការងាររបស់អង្គការយូនីសេហ្វ ជាអង្គការ ដែលធ្វើការផ្នែកកុមារ ហើយជាបេសកកម្មមួយដែលមានការ គិតគូរ ដល់សុខភាពកុមារ។ ជាពិសេសនោះ ការអនុវត្តការងាររបស់ អង្គការ នេះ គឺមានប្រសិទ្ធភាពជាមួយដៃគូររាជរដ្ឋាភិបាល ដើម្បីសម្រេចឲ្យ បាន ទិសដៅដែលបានកំណត់។

លោកសន ជ័យ ថា៖ «សំខាន់ម្ចាស់ជំនួយUNICEF គេបានផ្ដល់ជូន ហើយ តើការប្រើប្រាស់នឹងអាចមានប្រសិទ្ធភាពប៉ុណ្ណា? ហើយ ទំហំនឹងការចាត់ចែងផ្សេងៗ យើងចង់ឃើញរដ្ឋាភិបាល ជាពិសេស ក្រសួងសុខាភិបាលត្រូវបង្កើននូវភាពជាម្ចាស់ការ ក្នុងការគ្រប់គ្រង ចាត់ចែង ធ្វើមិចដើម្បីអោយមានប្រយោជន៍ទៅដល់ក្រុម គោល ដៅ»។

លោកបន្ដថា អ្វីដែលសំខាន់នោះ ក្រសួងសុខាភិបាលនឹងបង្ហាញអំពី ការប្រើប្រាស់ឧបករណ៍នេះ ឲ្យមាននិរន្តភាព ប្រសិទ្ធភាព ហើយ ចំគោលដៅ ដើម្បីឆ្លើយតបជាមួយនឹងការផ្ដល់ជូនពីម្ចាស់ជំនួយ។

សូមបញ្ជាក់ថា ម៉ាស៊ីនផលិតអុកស៊ីហ្ស៊ែន ជាម៉ាស៊ីនដែលអាច ផលិតអុកស៊ីហ្ស៊ែនចំនួន ៣០០លីត្រក្នុងមួយនាទី (LPM) ជាមួយ នឹងស្ថានីយផ្ទុកដែលមានបំពង់ស៊ីឡាំង និងតភ្ជាប់ទៅបំពង់ អុកស៊ីហ្ស៊ែន របស់មន្ទីរពេទ្យ។ ដូច្នេះវានឹងជួយសន្សំសំចៃពេលវេលា ថវិកា របស់មន្ទីរពេទ្យ ដើម្បីកាត់បន្ថយការប្រឈមនឹង កង្វះ អុកស៊ីហ្ស៊ែន ដែលបង្កគ្រោះថ្នាក់ដល់ ការព្យាបាលអ្នកជំងឺ៕
ដោយ៖ជា សុខនី

ads banner