អ្នកគាំទ្រអិល ឌី ភី ថា សមត្ថកិច្ចរារាំងពួកគេមិនឱ្យ ចូលទៅ ដីចម្ការលោក ខឹម វាសនា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អ្នកគាំទ្រលោក ខឹម វាសនា បានឱ្យដឹងនៅថ្ងៃទី២១ខែ កញ្ញា នេះថាអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចបានហាមឃាត់ ពួក គេ មិនឱ្យចូលទៅដីចម្ការ ដែលជាទីតាំងធ្លាប់ជួបជុំ។ប៉ុន្តែ សមត្ថកិច្ច ខេត្តសៀមរាបបានពន្យល់ថា សមត្ថកិច្ចចង់រំសាយការជួបជុំឲ្យអស់ មួយវគ្គសិន ព្រោះមនុស្សជាងមួយពាន់នាក់នៅមិនទាន់ បានចាក ចេញ ហើយការប្រមូលផ្ដុំនេះបានប៉ះពាល់សុខភាពកុមារ ដែល ឪពុកម្ដាយនាំទៅជាមួយ។

លោក ទុំ តាក ជាអ្នកគាំទ្រម្នាក់របស់លោក ខឹម វាសនា បានប្រាប់ថា ក្រោយរំសាយការជួបជុំលោកមិនត្រូវ បានអាជ្ញាធរអនុញ្ញាតឱ្យចូល ទៅកាន់ដីចម្ការរបស់លោក ខឹម វាសនាដូចទម្លាប់ពេលមុនឡើយ។

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទ ណាត ស្នងការនគរបាលខេត្ត សៀមរាបបានថ្លែងឱ្យដឹងនៅថ្ងៃទី២១កញ្ញានេះថា មានមូលហេតុ ជាច្រើនដែលអាជ្ញាធរមិនអនុញ្ញាតអ្នកគាំទ្រចូលទៅកាន់ដីចម្ការរបស់លោក ខឹម វាសនា ក្នុងកាលៈទេសៈនេះ។

លោកឧត្តមសេនីយ៍ត្រីបានចោទសួរថា«តើការចូលទៅកាន់ដីចម្ការពីសំណាក់អ្នកគាំទ្រមានគោលបំណងអ្វី ប្រជុំគណបក្សឬក៏អី?ហើយ កន្លែងហ្នុងជាទីស្នាក់ការបក្សគាត់ឬយ៉ាងម៉េច?មួយទៀតយើង ហាម មិនឱ្យចូលដោយអនុលោមតាមកិច្ចសន្យារវាងម្ចាស់ ចម្ការម្នាក់ ទៀតដែលជាអ្នកគាំទ្រលោក ខឹម វាសនា មិនអនុញ្ញាតឱ្យថ្មី ចូល ឡើយ បើអ្នកចាស់ជាងមួយពាន់នាក់ទៀតអត់ទាន់ស្ម័គ្រ ចិត្តចាក ចេញ»។

គួរបញ្ជាក់ថា តំណាងគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ លោក នី ចាន់ពិនិត្យ នៅថ្ងៃទី ៦ ខែកញ្ញាឆ្នាំ២០២២បាន ផ្ញើលិខិតមួយ ច្បាប់ ទៅរដ្ឋបាលខេត្តសៀមរាបដើម្បីសុំឱ្យខេត្តជួយអន្តរាគមន៍ យកដីចម្ការលោកត្រឡប់មកវិញ បន្ទាប់ពីលោកក្នុងនាមជា ម្ចាស់ដី ផ្ដល់ការស្នាក់នៅបណ្ដោះអាសន្នដល់អ្នកគាំទ្រ លោក ខឹម វាសនា ឯទៀតនាពេលកន្លងមក។

ដីចម្ការទាំងពីរទីតាំងរបស់ លោក ពិនិត្យ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ចំណែកដីចម្ការរបស់លោក ខឹម វាសនា ស្ថិតក្នុងភូមិសសើ ឃុំត្បែង ស្រុកបន្ទាយស្រី។

បើតាមលោកស្នងការអាជ្ញាធរបារម្ភខ្លាំង ពីសុវត្ថិភាពរបស់កុមារ ពាក់ព័ន្ធបញ្ហាកង្វះទឹកស្អាតនិងអនាម័យ។ លោកថា«យើងបារម្ភថា ការប្រមូលម្ដុំជាងមួយពាន់នាក់ហ្នឹង ផាសុកភាពគាត់យ៉ាងម៉េច ?សំខាន់មានទាំងក្មេងទៀតនោះ មានគិតពីការប៉ះពាល់ការ រៀនសូត្រ របស់គ្នាទេ ហើយសួរគាត់ចង់ចូលហ្នឹងចូលទៅធ្វើអី? ហើយគាត់ ប្រាប់យើងថា ចូលទៅគេចពីទឹកជំនន់និងស្ដាប់ធម៌ ស្ដាប់ធម៌ក៏ស្ដាប់ ចុះបើធ្វើឡើងម្ដងម្កាល»។

ចំពោះមនុស្សជាងមួយពាន់ដែលបន្តស្នាក់នៅដីចម្ការរបស់ លោក ខឹម វាសនា អាជ្ញាធរមិនប្រើវិធានការអ្វីទេដោយទុកឱ្យពួក គេចាក ចេញដោយស្ម័គ្រចិត្ត តែលោកស្នងការបានអំពាវនាវឱ្យគិតពីអនាគត កុមារទាក់ទងការសិក្សារៀនសូត្រ។ តែសម្រាប់អ្នកគាំទ្រ លោក ខឹម វាសនា ខាងលើចាត់ទុកសកម្មភាពរារាំងរបស់អាជ្ញាធរ ជាការបំបិទ សិទ្ធិសេរីភាពរបស់ពលរដ្ឋ ព្រោះទីតាំងដីចម្ការដែលអ្នកគាំទ្រ ចង់ចូល ទៅជារបស់ឯកជនមិនមែនរបស់រដ្ឋឡើយហើយ បំណង ដែលចូលទៅទីនោះប្រៀបដូចជាផ្ទះរបស់អ្នកគាំទ្រលោក ខឹម វាសនាទៅហើយ។ នេះជាការបន្ថែមរបស់លោក ទុំ តាក។

គួរជម្រាបជូនថា នៅក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋ នៅ ភូមិរុនតាឯក ក្នុងខេត្តសៀមរាប នាថ្ងៃ ទី១៣ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រាប់លោក ខឹម វាសនា ប្រធាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (អិលឌីភី,LDP) បកស្រាយជុំវិញការលើកឡើងនានាថា សម្តេចជាអ្នកបញ្ជា លោក ខឹម វាសនា ឲ្យបង្កើតព្រឹត្តិការណ៍ប្រមូលផ្ដុំពលរដ្ឋ នៅក្នុងចម្ការម្រេច ជើងភ្នំគូលែន ដើម្បីបង្វែងការចាប់អារម្មណ៍ពីរឿងរ៉ាវជាតិផ្សេងៗ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីថា មូលហេតុដែល រដ្ឋាភិបាល មិនបង្ក្រាបការប្រមូលផ្ដុំនេះ គឺព្រោះតែនេះជាអបិយ ជំនឿតែប៉ុណ្ណោះ មិនមែនជាការធ្វើរដ្ឋប្រហារ ដែលរដ្ឋាភិបាលត្រូវ បង្ក្រាបនោះទេ៕
ដោយ៖អេង រាជនី

ads banner