ធនាគារអភិវឌ្ឍន៍អាស៊ី៖កំណើនសេដ្ឋកិច្ចកម្ពុជា ៦.២ភាគរយ នៅឆ្នាំក្រោយ
ភ្នំពេញ៖ធនាគារអភិវឌ្ឍន៍អាស៊ី ឬអេឌីប៊ី (ADB) បានព្យាករកំណើន សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ មានត្រឹម៦.២ភាគរយវិញ។ នោះ បើយោងតាមការធ្វើបច្ចុប្បន្នភាពនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២២ (ADO 2022 Update) ដែលបានចេញផ្សាយ នៅថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២។ កាលពីពេលមុនអេឌីប៊ីបាន
ព្យាករណ៍ថា មានកំណើនប្រមាណ៦.៥ភាគរយ។
នាយិកា អេឌីប៊ី ប្រចាំកម្ពុជា លោកស្រី Jyotsana Varma បាន លើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា នៃការនាំចេញ ផលិតផលកាត់ដេររបស់កម្ពុជា និង ការងើបឡើងវិញបន្តិចម្តងៗ ក្នុងវិស័យសំណង់ និង សេវាកម្ម បានជួយដល់កំណើនសេដ្ឋកិច្ច នៅឆ្នាំ២០២២ ទោះបីជាមានការថយចុះនៃកំណើនវិស័យ កសិកម្ម ដែលបណ្តាលមកពីការកើនឡើង នៃថ្លៃប្រេងឥន្ធនៈ និង ជី និង ភ្លៀងធ្លាក់ខ្លាំងក៏ដោយ។
នាយិកាអេឌីប៊ីប្រចាំកម្ពុជា លោកស្រី Jyotsana Varmaនិយាយថា ៖ «អន្តរាគមន៍ សេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល ដូចជាកម្មវិធី ឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ បាននិងកំពុង មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការ កើនឡើង ថ្លៃទំនិញលើពិភពលោក សម្រាប់ពលរដ្ឋក្រីក្រ។
ទន្ទឹមនឹងនេះរបាយការណ៍ដដែល បានដំឡើងការព្យាករអតិផរណា ឆ្នាំ២០២២ របស់កម្ពុជាទៅ៥.០ភាគរយដែលកាលពីខែ មេសា ធនាគារនេះបានព្យាករថាអតិផរណានៅកម្ពុជាមានត្រឹម៤.៧ភាគរយ។ អតិផរណាឬការកើនឡើងនៃថ្លៃទំនិញនេះដោយសារឥទ្ធិពលរាលដាល នៃការកើនឡើងតម្លៃប្រេងឥន្ធនៈដែលបណ្តាល មកពីការឈ្លាន ពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ អេឌីប៊ី រក្សាការព្យាករអតិផរណា សម្រាប់ឆ្នាំ២០២៣នៅកម្ពុជានៅត្រឹម២.២ភាគរយ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាអាច មាន កំណើនច្រើនជាងការព្យាករណ៍របស់ អេឌីប៊ីបើផ្អែកលើស្ថានភាព ប្រសើរឡើងនៃការដាក់ចេញនូវគោលនយោបាយនានារបស់រដ្ឋភិបាល។ប៉ុន្តែលោកកត់សម្គាល់ថា វិស័យអចលនទ្រព្យនៅកម្ពុជាបាន ជាប់គាំងដែលបង្កជាឧបសគ្គរារាំងដល់កំណើនសេដ្ឋកិច្ចទៅថ្ងៃមុខដែរ។
លោកបណ្ឌិត គីសេរីវឌ្ឍន៍ និយាយថា៖«អ្វីដែលរារាំងកំណើន សេដ្ឋកិច្ច នោះគឺអចលនទ្រព្យនិងដីធ្លី ហើយការជាប់គាំង ក្នុងរយៈពេលប្រាំឆ្នាំទៀត ដោយសារតែវិស័យនេះ មិនអាចបង្កើត តម្លៃបន្ថែម ខ្ពស់ជាងផលិតកម្មទេ។អីចឹងរដ្ឋាភិបាល គួរងាកមក ជំរុញ ផលិតកម្មឱកាន់តែមានកំណើនវិញប្រសើរជាង»។
ធនាគារអភិវឌ្ឍន៍អាស៊ីកត់សម្គាល់ថាលើវិស័យមួយចំនួនជាគ្រឹះ សេដ្ឋកិច្ចកម្ពុជា ដោយបង្ហាញថា ការនាំចេញផលិតផល សម្លៀក បំពាក់ ទំនិញធ្វើដំណើរ និង ស្បែកជើងរបស់កម្ពុជា នៅតែរឹងមាំ ដោយមានកំណើន ៣៩.៨ភាគរយ ក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លើសពីនេះវិស័យកម្មន្តសាលមិនមែនកាត់ដេរ បានបន្តកំណើន ដ៏រឹងមាំថែមទៀត។
វិស័យសំណង់បានងើបឡើងវិញជាបណ្តើរៗ ជាមួយការនាំចូល សម្ភារសំណង់កើនឡើង ២២.៨ភាគរយ ក្នុងរយៈពេលដូច គ្នាបើធៀបនឹងឆ្នាំមុខ។ ប៉ុន្តែADB បានបន្ទាបការព្យាករ លើ វិស័យឧស្សាហកម្ម ពីកំណើន ៩.១ភាគរយ នៅឆ្នាំនេះ មកនៅត្រឹម ៨.៦ភាគរយ នៅឆ្នាំ ២០២៣ ក្រោមហេតុផល ការចុះខ្សោយនៃ តម្រូវការ ក្រៅស្រុក។
អេឌីប៊ីកត់សម្គាល់ថា ហានិភ័យសម្រាប់ទស្សនវិស័យនេះរួមមាន ការលេចឡើងនៃមេរោគកូវីដ១៩ប្រភេទថ្មី និងជំងឺអុតស្វា កំណើន ឆាប់ រហ័សនៃកម្ចីមិនដំណើរការ កំណើនសេដ្ឋកិច្ចនៃដៃគូ ពាណិជ្ជកម្ម សំខាន់ៗមានភាពកាន់ តែទន់ខ្សោយ ការរំខាននានា ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ជាសកល និង ការកើនឡើងនៃថ្លៃ ថាមពល និងទំនិញ នានាដែលអាចអាក្រក់ជាងការរំពឹងទុក។
បច្ចុប្បន្ន អេឌីប៊ី កំពុងអនុវត្តគម្រោងវិនិយោគដែលមានទឹកប្រាក់ ២.៤៣ ពាន់លានដុល្លារនៅកម្ពុជា។ នៅឆ្នាំ២០២១ អេឌីប៊ី បានសន្យាផ្តល់ប្រាក់កម្ចី និងជំនួយសម្រាប់ស្ថាប័នរដ្ឋចំនួន ៣២៧.១លានដុល្លារ ហើយបានកៀគរបន្ថែម៥លានដុល្លារ តាមរយៈសហហិរញ្ញប្បទានសម្រាប់កម្ពុជា។ ប្រាក់កម្ចីត្រៀមរបស់ អេឌីប៊ី សម្រាប់កម្ពុជាឆ្នាំ ២០២២-២០២៥ រួមមានការផ្តល់កម្ចី សម្បទានចំនួន១.១៧ពាន់លានដុល្លារ និង ជំនួយចំនួន ៤៣.៩ លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស និងការស្តារឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩៕
ដោយ៖វណ្ណ ស័ក្តិ