នាយករដ្ឋមន្ត្រីជប៉ុនចង់ជួបមេដឹកនាំកូរ៉េខាងជើង បន្ទាប់ពីលោក គីម ជុងអ៊ុន ប្រកាសមិនចោលកម្មវិធីនុយក្លេអ៊ែរ
អត្ថបទដោយ៖
លន់ សារ៉ាត
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានលើកឡើងជាថ្មី អំពីបំណងចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើង ខណៈដែលភាពតានតឹងកំពុងកើនឡើង ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ ។
ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី២០ កញ្ញា លោកនាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ថា ជប៉ុននៅតែបន្តប្រកាន់ខ្ជាប់នូវ នយោបាយការទូតដែលត្រូវបានដាក់ចេញកាលពីជាង ២ទសវត្សរ៍មុន ក្នុងនោះ ជប៉ុនត្រៀមខ្លួនសម្រាប់កិច្ចសន្ទនាលើបញ្ហាដែលជាក្ដីកង្វល់រួម ហើយលោកថា លោកប្ដេជ្ញាចិត្តចង់ជួបជាមួយលោកគីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ។
យ៉ាងណាក៏ដោយ លោក គីម ជុងអ៊ុន ថ្មីៗនេះ ទើបបានដាក់ចេញច្បាប់ថ្មី ស្ដីពីអាវុធនុយក្លេអ៊ែរ ជាមួយការសង្កត់ធ្ងន់ថា កូរ៉េខាងជើងនឹងមិនបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរជាដាច់ខាត៕ ប្រភពពី Reuters, ដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ