ធនាគារ ហ្វីលីព សម្ពោធជាផ្លូវការសាខាកំបូល ដើម្បីផ្តល់ជូនសេវាកម្មធនាគារពេញលេញ និងសេវាកម្មហិរញ្ញវត្ថុ ដែលមានភាពងាយស្រួលដល់អតិថិជន
ភ្នំពេញ៖ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជ មានសាខាច្រើនជាងគេមួយនៅកម្ពុជា បានប្រកាសជាផ្លូវការនូវការបើកដំណើរការសាខាថ្មី គឺសាខាកំបូល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ សម្រាប់ផ្តល់ជូនសេវាកម្មធនាគារពេញលេញ និងសេវាកម្មហិរញ្ញវត្ថុ ដែលមានភាពងាយស្រួលដល់អតិថិជន ។
ថ្លែងក្នុងពិធីនេះ អ្នកតំណាងធនាគារ ហ្វីលីព បានមានប្រសាសន៍ថា សាខាកំបូលថ្មីនេះ មានទីតាំងស្ថិតនៅផ្ទះលេខ A០៨-A០៩-A១០ ផ្លូវជាតិលេខ ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ សាខាកំបូលរបស់ធនាគារ ហ្វីលីព នេះ ស្ថិតក្នុងចំណោមសាខាសក្តានុពលជាច្រើន ដែលធនាគារមានគម្រោងបើកដំណើរការនៅក្នុងឆ្នាំ២០២២។
អ្នកតំណាងដដែលបន្តថា សាខាថ្មីនេះ នឹងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុធនាគារដែលទំនើប និងសំបូរបែប ទៅតាមតម្រូវការរបស់រាល់អតិថិជនទូទៅ រួមមានទាំងសាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យម ព្រមទាំងបុគ្គល ។
អ្នកតំណាងដដែលបន្ថែមទៀតថា សេវាកម្ម និងផលិតផលហិរញ្ញវត្ថុបន្ថែមទាំងនោះរួមមាន៖ ហិរញ្ញប្បទានពាណិជ្ជកម្ម, មូលប្បទានបត្រធនាគារ, សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស និង ផលិតផល និងសេវាផ្សេងៗ។
សាខាកំបូលនេះទៀតសោត ត្រូវបានបំពាក់ជាមួយនឹងរចនាបថថ្មី ទាំងរូបរាងអាគារ កន្លែងរងចាំ បញ្ជរសម្រាប់បម្រើអតិថិជនប្រកបដោយផាសុកភាព និងចំណតរថយន្តយ៉ាងធំទូលាយ។
ជាងនេះទៅទៀត សាខាកំបូលក៏បានបំពាក់នូវអេក្រង់ LED នៅខាងមុខសាខា សម្រាប់ឲ្យអតិថិជនដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៤ អាចមើលវីដេអូដែលរៀបរាប់លម្អិតអំពីផលិតផល និងសេវាកម្មរបស់ធនាគារផងដែរ។
ហើយដើម្បីអបអរសាទរការបើកដំណើរការសេវាធនាគារពេញលេញនៃសាខាកំបូល អតិថិជនទាំងអស់ដែលបើកគណនី ឬក្លាយជាអាជីវករទទួលទូទាត់តាមគណនីធនាគារ ហ្វីលីព ឬស្នើសុំឥណទានផ្សេងៗ នឹងទទួលបានកាដូអនុស្សាវរីយ៍ និងការផ្តល់ជូនពិសេសជាច្រើនទៀតផងដែរ៕ ដោយ៖ គ្រី សម្បត្តិ