ប្រមុខ NATO ប្រកាសថ្កោលទោស និងហៅផែនការរៀបចំការបោះឆ្នោតប្រជាមាតិក្នុងតំបន់គ្រប់គ្រងដោយរុស្ស៊ីថា “ខុសច្បាប់”
ព្រុចសែល៖ ប្រតិកម្មទៅនឹងការប្រកាសថា សាធារណរដ្ឋប្រជាមានិត លូហាន់ស្ក៍ និង ដូណេតស្ក៍ នឹងរៀបចំការបោះឆ្នោតប្រជាមាតិ ដើម្បីក្លាយជាផ្នែកមួយរបស់រុស្ស៊ីនៅចុងសប្តាហ៍នេះ អគ្គលេខាធិការអង្គការណាតូ លោក ជេន ស្តូលធិនប៊ឺគ ក្នុងថ្ងៃអង្គារទី២០ ខែកញ្ញា ឆ្នាំ២០២២ បានហៅទង្វើនេះថា “ខុសច្បាប់” ហើយទាមទារការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែនពីសហគមន៍អន្តរជាតិ។
លោក ស្តូលធិនប៊ឺគ បានបញ្ជាក់នៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា ការធ្វើប្រជាមតិនេះ គឺមិនមានភាពស្របច្បាប់ ហើយមិនផ្លាស់ប្តូរលក្ខណៈនៃសង្រ្គាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនទេ ដោយលោកបានហៅវាថា ការកើនឡើងអរិភាពបន្ថែមទៀតនៅក្នុងសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។
បន្ថែមលើនេះ លោក ស្តូលធិនប៊ឺគ បានគូសបញ្ជាក់ថា សហគមន៍អន្តរជាតិត្រូវតែថ្កោលទោសការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនេះ ហើយបង្កើនការគាំទ្រដល់ប្រទេសអ៊ុយក្រែន។
ជាមួយគ្នានេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក ស៊ូលីវ៉ាន់ បានបន្ទរការថ្កោលទោសរបស់ប្រមុខអង្គការណាតូ នៅក្នុងសន្និសីទសារព័ត៌មាននៅឯសេតវិមានក្នុងថ្ងៃអង្គារសប្តាហ៍នេះ ដោយហៅការបោះឆ្នោតប្រជាមតិថា ជាការប្រមាថចំពោះគោលការណ៍នៃអធិបតេយ្យភាព និងបូរណភាពទឹកដី ហើយថា យើងនឹងមិនទទួលស្គាល់ទឹកដីនេះថា ជាទឹកដីណាមួយ ក្រៅពីផ្នែកមួយរបស់ប្រទេសអ៊ុយក្រែនឡើយ។
គួរបញ្ជាក់ថា ក្រុមមេដឹកនាំផ្តាច់ខ្លួននៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះបាននិយាយថា សាធារណរដ្ឋប្រជាមានិត លូហាន់ស្ក៍ និង ដូណេតស្ក៍ នៃតំបន់ដុនបាស់ ភាគខាងកើតប្រទេសអ៊ុយក្រែន នឹងរៀបចំការបោះឆ្នោតប្រជាមតិ ដើម្បីក្លាយជាផ្នែកមួយរបស់រុស្ស៉ី ហើយការបោះឆ្នោតនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៧ ខែកញ្ញានេះ។
ការបោះឆ្នោតប្រជាមតិចូលរួមជាមួយរុស្ស៉ី ក៏នឹងត្រូវធ្វើឡើងផងដែរ នៅក្នុងតំបន់ខឺសុន និងនៅតំបន់មួយផ្នែកគ្រប់គ្រងដោយកងទ័ពរុស្ស៉ី ក្នុងតំបន់ហ្សាប៉ូរីសហ្ស៉ីយ៉ា៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា