ឯកឧត្តម អ៊ុន ចាន់ដា ដាក់ផែនការ ដល់អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ សហការគ្នាបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម
ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ស្តីពី វិធានការបង្ក្រាប ការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី លោក លោកស្រីជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុក និងមន្ត្រីពាក់ព័ន្ធ ជាច្រើននាក់ ផងដែរ ។
ឯកឧត្ដម អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា មកដល់ពេលនេះ ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដាច់ខាតត្រូវតែបង្ក្រាបឲ្យអស់ពីមូលដ្ឋាន បូករួមទាំងការជួញដូរមនុស្ស ការសម្អាតលុយកខ្វក់ និងបទល្មើសគ្រឿងញៀន ដែលកើតមាន ត្រូវបង្ក្រាបឲ្យគ្រប់ជ្រុងជ្រោយ ។ ជាមួយគ្នានោះ សមត្ថកិច្ចជំនាញ ត្រូវកំណត់ទីតាំង ដែលធ្លាប់ធ្វើអាជីវកម្មល្បែងស៊ីសងខុសច្បាប់ ត្រូវបន្តធ្វើកិច្ចសន្យា ឲ្យម្ចាស់ទីតាំងទាំងនោះ ទទួលខុសត្រូវ ចំពោះមុខអាជ្ញាធរ ដោយធានាថា មិនឲ្យមានការលេងល្បែងស៊ីសងខុសច្បាប់ បន្តទៀតនោះឡើយ ។
ឯកឧត្ដម អ៊ុន ចាន់ដា បានលើកសំណូមពរ ដល់មន្ត្រីមានសមត្ថកិច្ច ទាំងអស់ ហាមពាក់ព័ន្ធ ជាមួយនឹងបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ។ ជាងនេះទៅទៀតនោះ សូមឲ្យមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង បីប្រភេទ ធ្វើការណែនាំបន្ថែម ទៅមន្ត្រីរបស់ខ្លួន នៅឯមូលដ្ឋាន កុំឱ្យពាក់ព័ន្ធ កុំនៅពីក្រោយ កុំអន្តរាគមន៍ និងកុំបិទបាំង ឲ្យសោះ ។ ជាមួយគ្នានោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំ ឲ្យគណៈបញ្ជាការឯកភាព ក្រុង ស្រុក បន្តសហការ ជាមួយស្ថាប័នអយ្យការសាលាដំបូងខេត្ត ដោយត្រូវដើរទន្ទឹមគ្នា ទាំងនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ រួមទាំងសារព័ត៌មាន ត្រូវបន្តនូវកិច្ចសហការឈានទៅបង្ក្រាបឲ្យបានជោគជ័យ ។
បើតាមព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចាម ឯកឧត្ដម វង្សប៊ុន វិសុទ្ធ បានលើកឡើងផងដែរថា ទាក់ទិននឹងការចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ សូមឱ្យសមត្ថកិច្ច ត្រូវផ្ដោតសំខាន់ ទៅលើវត្ថុតាង នឹងត្រូវប្រមូលឧបករណ៍ ដែលជាធាតុផ្សំ នៃល្បែងស៊ីសងនោះ ឲ្យបានគ្រប់គ្រាន់ ដើម្បី ចងក្រងឯកសារ ចាត់ការទៅតាមនីតិវិធី ។
សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារសម្លេងពិសេស ដោយបានអំពាវនាវ ដល់ អាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ច និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធានការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅទូទាំងប្រទេស ៕ លី ពៅ