លោក ហ្សេលេនស្គី មិនជឿថា លោក ពូទីន នឹងប្រើអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមអ៊ុយក្រែនទេ
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ នៅថ្ងៃពុធទី២១ ខែកញ្ញានេះថា លោកមិនជឿថា រុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរទេ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងម៉ូស្គូនឹងប្រើគ្រប់មធ្យោបាយដើម្បីការពារទឹកដីរបស់ខ្លួន ។
លោក ហ្សេលេនស្គី បានប្រាប់ស្ថានីយទូរទស្សន៍ Bild របស់អាល្លឺម៉ង់យ៉ាងដូច្នេះថា ខ្ញុំមិនជឿថា គាត់ (លោក ពូទីន) នឹងប្រើអាវុធទាំងនេះទេ ដោយសំដៅលើអាវុធនុយក្លេអ៊ែរ ហើយខ្ញុំក៏មិនជឿថា ពិភពលោកនឹងអនុញ្ញាតឱ្យគាត់ប្រើអាវុធទាំងនេះដែរ ។
លោក ហ្សេលេនស្គី បន្ថែមថា ការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី ក្នុងការបញ្ជាកោះហៅទាហានបម្រុងរាប់ម៉ឺននាក់ ដើម្បីទៅប្រយុទ្ធនៅអ៊ុយក្រែន គឺដោយសារតែមានសីលធម៌ទាប ក្នុងចំណោមកងកម្លាំងរបស់គាត់។ គាត់ត្រូវការកងទ័ពរាប់លាននាក់ ព្រោះគាត់យល់ឃើញថា មួយផ្នែកធំនៃទាហានទាំងនោះ ដែលមករកយើង គ្រាន់តែដើម្បីរត់គេចខ្លួនប៉ុណ្ណោះ។
លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ទៀតថា លោក ពូទីន ចង់ធ្វើឱ្យអ៊ុយក្រែនស្លាប់ក្នុងថ្លុកឈាម ហើយក៏ជាថ្លុកឈាមទាហានរបស់គាត់ផងដែរ។ ទោះបីជាយ៉ាងណា មេដឹកនាំអ៊ុយក្រែនរូបនេះបានព្រមានមិនព្រមចុះចាញ់នឹងការគំរាមកំហែងរបស់លោក ពូទីន នោះឡើយ។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធសប្តាហ៍នេះ បានកោះហៅទាហានបម្រុងចំនួន ៣០០,០០០នាក់ ដើម្បីទៅប្រយុទ្ធនៅអ៊ុយក្រែន ហើយបាននិយាយថា ទីក្រុងម៉ូស្គូនឹងឆ្លើយតបជាមួយនឹងកម្លាំងនៃឃ្លាំងអាវុធដ៏ធំរបស់ខ្លួន ប្រសិនបើលោកខាងលិចបន្តនូវអ្វីដែលលោកហៅថា ការគំរាមកំហែងនុយក្លេអ៊ែរ ជុំវិញជម្លោះនៅទីនោះ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា