ប្រធានាធិបតីបារាំងថា ការប្រកាសកេណ្ឌកងទ័ពករបស់លោក ពូទីន គឺជា “កំហុសឆ្គងមួយ” ហើយនឹងធ្វើឱ្យរុស្ស៊ីកាន់តែឯកោថែមទៀត
ញូយ៉ក៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃពុធទី២១ ខែកញ្ញានេះ បាននិយាយថា ផែនការដែលបានប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីកោះហៅទាហានបម្រុងរាប់ម៉ឺននាក់ទៅប្រយុទ្ធនៅអ៊ុយក្រែន គឺជា “កំហុសឆ្គងមួយ” ហើយនឹងធ្វើឱ្យប្រទេសនេះកាន់តែឯកោថែមទៀតប៉ុណ្ណោះ។
លោក ម៉ាក្រុង បាននិយាយនៅក្នុងទីក្រុងញូយ៉ក ជាទីដែលគាត់ចូលរួមកិច្ចប្រជុំផ្សេងៗដែលភ្ជាប់ទៅមហាសន្និបាតអង្គការសហប្រជាជាតិថា ការសម្រេចចិត្តរបស់គាត់ (លោក ពូទីន) គឺជាដំណឹងអាក្រក់សម្រាប់ប្រជាជន និងយុវជនរុស្ស៊ី ហើយថែមទាំងបង្កើនភាពឯកោនៃប្រទេសរបស់គាត់ផងដែរ។
លោក ពូទីន នៅថ្ងៃពុធសប្តាហ៍នេះ បានកោះហៅទាហានបម្រុងចំនួន ៣០០,០០០នាក់ ដើម្បីទៅប្រយុទ្ធនៅអ៊ុយក្រែន ហើយបាននិយាយថា ទីក្រុងម៉ូស្គូនឹងឆ្លើយតបជាមួយនឹងកម្លាំងនៃឃ្លាំងអាវុធដ៏ធំរបស់ខ្លួន ប្រសិនបើលោកខាងលិចបន្តនូវអ្វីដែលលោកហៅថា ការគំរាមកំហែងនុយក្លេអ៊ែរ ជុំវិញជម្លោះនៅទីនោះ។
ឆ្លើយតបនឹងការប្រកាសរបស់មេដឹកនាំរុស្ស៊ីខាងលើនេះដែរ លោក ម៉ាក្រុង បាននិយាយថា មហាអំណាចនុយក្លេអ៊ែរ ឥឡូវនេះ ត្រូវតែទាមទារឱ្យធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ។ លោក ម៉ាក្រុង បានអះអាងបែបនេះបន្ទាប់ពីគាត់បានជួបពិភាក្សាជាមួយប្រមុខទីភ្នាក់ងារឃ្លាំមើលថាមពលអាតូមិកអន្តរជាតិ (IAEA)៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា