កិច្ចប្រជុំ ត្រួតពិនិត្យ និងវាយតម្លៃ មុខសញ្ញាយោធិនចូលនិវត្តន៍ យោធិនពលី និង ពិការ ដែលជាអតីតមន្ត្រីបុគ្គលិក CMAC ដើម្បីផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាគ្រប់គ្រងបន្ត
ភ្នំពេញ ៖ នារសៀលម្សិលមិញនេះ ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ជាប្រធាន ក្រុមការងារត្រួតពិនិត្យវាយតម្លៃគោលនយោបាយក្រសួងការពារជាតិ បានប្រជុំបូករុបលទ្ធផលការងារត្រួតពិនិត្យមុខ សញ្ញាយោធិនចូលនិវត្តន៍ យោធិនពលី និង ពិការ ដែលជាអតីតមន្ត្រីបុគ្គលិក CMAC ។
ឯកឧត្តម សៅ សារឿន ជាប្រធាន ព្រមទាំងមន្ត្រីជំនាញក្រុមប្រឹក្សាវាយតម្លៃ និងតំណាងមជ្ឈមណ្ឌល CMAC ជំនាញសុខាភិបាល បានលើកយកមកពិនិត្យ ពិភាក្សា ផ្តល់យោបល់ ភាពមិនប្រក្រតីមួយចំនួនដែលទាក់ទងទៅនឹង ជំនាញនីមួយៗក្នុងការត្រួតពិនិត្យនិងវាយតម្លៃយ៉ាងយកចិត្តទុកដាក់ចំពោះផលប្រយោជន៍មុខ សញ្ញាយោធិនចូលនិវត្តន៍ យោធិនពលី និង ពិការ ទាំង ៣៥៤នាក់ ។
ឯកឧត្តមប្រធាន ក្រុមការងារបានបញ្ជាក់ថា ក្រុមការងារ”ខ”មានភារកិច្ចបំពេញសំណុំលិខិតតាមនីតិវិធីដាក់ឱ្យចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ ពិការ ពលី និងមរណៈ។ ដោយឡែកយោធភូមិភាគពិសេស ត្រូវទទួលបន្ទុករៀបចំបែបបទត្រួតពិនិត្យនិងវាយតម្លៃតាមលក្ខណៈបច្ចេកទេស របស់ក្រុមប្រឹក្សាវាយតម្លៃប្រភេទថ្នាក់ពិការ និងបាត់បង់សមត្ថភាពការងារ។ ក្រោយពីការត្រួតពិនិត្យវាយតម្លៃ រៀបចំបែបបទសំណុំលិខិតរួចរាល់ជាស្ថាពរ ក្រុមការងារត្រូវបូកសរុបធ្វើរបាយការណ៍ជូនប្រធានគណៈកម្មការបញ្ចូលក្របខ័ណ្ឌនិងប្រគល់ឋានន្តរស័ក្តិកងយោធពលខេមរភូមិន្ទ ដើម្បីដាក់ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិចេញប្រកាសជាផ្លូវការ ផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាគ្រប់គ្រងបន្ត។
យោងតាមលទ្ធផលរបស់ក្រុមការងារត្រួតពិនិត្យវាយតម្លៃគោលនយោបាយក្រសួងការពារជាតិ បានត្រួតពិនិត្យមុខសញ្ញាយោធិនចូលនិវត្តន៍ យោធិនពលី និង ពិការ ដែលជាអតីត មន្ត្រីបុគ្គលិកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ទាំង ៣៥៤នាក់ ក្នុងរយៈពេលពេញ ១ថ្ងៃម្សិលមិញនេះ ឧត្តមសេនីយ៍ទោ ចេង សុផល នាយករង នាយកដ្ឋានកិច្ចការយោធា ស៊ីវិល តំណាងឲ្យក្រុមការងារត្រួតពិនិត្យវាយតម្លៃមុខ សញ្ញាយោធិនចូលនិវត្តន៍ យោធិនពលី និង ពិការ ដែលជាអតីត មន្ត្រីបុគ្គលិក CMAC ដែលមានចំនួនសរុប ៣៥៤នាក់ បានជាប់ថ្នាក់ពិការ ២៨៩នាក់ សោធននិវត្តន៍ ៥៨នាក់ បេសកកម្ម ៣នាក់ ចំពោះយោធិននិវត្តន៍ ៤នាក់ ត្រូវបញ្ជូនទៅពិនិត្យមុខសញ្ញាបន្តនៅមន្ទីរពេទ្យព្រះកេតុ មាលា ។
ឯកឧត្តម សៅ សារឿន បានថ្លែងពីបំណង់ ប្រាថ្នា របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការយក ចិត្តទុកដាក់គិតគូរជួយឧបត្ថម្ភលើកកំពស់ជីវ ភាព យោធិនពិការ ដើម្បីកាត់បន្ថយនូវភាពក្រីក្រ ក្នុងស្រទាប់យោធិនពិការ។ ឯកឧត្តម សៅ សារឿន ក៏បានរំលឹក ពីការយកចិត្តទុកដាក់ពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត និង ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជា ការដែលតែងតែគិតគូរដោះដ្រាយរាល់គោលនយោបាយនានាជាបន្តបន្ទាប់ ដើម្បីជាការលើកទឹកចិត្តពីគុណបំណាច់ ចំពោះវីរៈភាពដ៏ អង់អាចក្លាហាន របស់បងប្អូន យោធិនពិការនិងបងប្អូនអតីតៈយុទ្ធជន ដែលបានលះបង់ សាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ក្នុង អំឡុងសម័យសង្គ្រាមស៊ីវិល នៅកម្ពុជាកន្លងមក ។
ឯកឧត្តម សៅ សារឿន ក៏បានថ្លែងអំណរគុណចំពោះជំនាញក្រុមការងារ ទាំងអស់ដែលបានយកចិត្តទុកដាក់ និងមាន ការទទួលខុសត្រូវខ្ពស់ ក្នុងការត្រួតពិនិត្យវាយតម្លៃ និងបានបំពេញសំណុំលិខិតជូនមុខសញ្ញាឲ្យបានត្រឹមត្រូវ យុត្តិធ៌មនិងទាន់ពេលវាលា ដើម្បីត្រៀមលក្ខណៈរៀបចំបំពេញ សំណុំលិខិតក្នុងការគ្រប់គ្រង រួចផ្ទេរ ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា គ្រប់គ្រងបន្ត ដោយដោះស្រាយនូវរបបគោលនយោបាយសន្តិសុខសង្គមប្រចាំខែ ជូនលោក លោកស្រី ដែលជាយោធិនពិការ សោធននិវត្តន៍បន្ត ដោយបានរស់នៅប្រកបដោយភាពសុខដុបរមនា ៕ ដោយ ៖ សុខ ណេត