ប៉ូលីសរុស្ស៊ីឃាត់ខ្លួនជាងមួយពាន់នាក់នៅក្នុងបាតុកម្មប្រឆាំងនឹងការប្រកាសកេណ្ឌបន្ថែម

រុស្ស៊ី៖តាមរយៈការអំពាវនាវរបស់មេប្រឆាំងនៅរុស្ស៊ី លោក Aleksei A. Navalny ដែលកំពុងតែជាប់ឃុំ និងក្រុមប្រឆាំងសង្រ្គាម Vesna ឬ Spring បាតុករនៅទូទាំងប្រទេសរុស្ស៊ី បានចុះផ្លូវធ្វើបាតុកម្ម ប្រឆាំងនឹងការប្រកាសរបស់លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន នៅថ្ងៃពុធ ទី២១ ខែកញ្ញា។ ជាការប្រកាសតាមកញ្ចក់ទូរទស្សន៍ អំពីការកេណ្ឌទ័ពបន្ថែមចំនួន៣០ម៉ឺននាក់តាមរយៈក្រឹត្យមួយ ដែលចុះហត្ថលេខាចូលជាធរមាននៅថ្ងៃពុធនោះតែម្ដង។

នៅក្នុងបាតុកម្មដែលផ្ទុះឡើងនៅក្នុងទីក្រុងចំនួន៣៨ នៃប្រទេស រុស្ស៊ី ក្រុមប៉ូលីសបានចាប់ឃាត់ខ្លួនបាតុករចំនួន ១,២៥២នាក់។ នេះបើតាមសេចក្ដីរាយការណ៍របស់ក្រុមអ្នកសិទ្ធិមនុស្ស ដែលបាន តាមដានការវិវត្តចុងក្រោយនៅរុស្ស៊ីនេះយ៉ាងយកចិត្តទុកដាក់។

នៅមូស្គូ បាតុកររាប់រយនាក់បានប្រមូលផ្ដុំគ្នានៅដងវិថី Old Arbat នៅកណ្ដាលទីក្រុងមូស្គូតែម្ដង។ អ្នកទាំងនោះ នាំគ្នាស្រែកពាក្យ ស្លោក ជាច្រើនដែលមានខ្លឹមសារថា៖ «បញ្ជូនលោកពូទីនទៅ លេណដ្ឋានឲ្យបាត់ទៅ ហើយទុកឱ្យកូនចៅរបស់ពួកគេ រស់នៅ ដោយស្ងប់សុខ!»។ នៅក្នុងឃ្លីបវីដេអូនៃព្រឹត្តិការណ៍នេះ គេសង្កេត ឃើញក្រុមប៉ូលីសប្រើកម្លាំងលើ ក្រុមបាតុករ អូសពួកគេចេញពី ការប្រមូលផ្ដុំ។

ចំណែកនៅទីក្រុង Tomsk ស្ដ្រីម្នាក់ដែលលើកស្លាកថា៖ «ឱបខ្ញុំ បានប្រសិនបើអ្នកក៏ភ័យខ្លាចដូចគ្នា»។ បើទោះជាត្រូវប៉ូលីស៣នាក់ អូសចេញពីបាតុកម្មជួបជុំមួយក្រុមតូចរបស់នាងក៏ដោយ ក៏នាងនៅ តែរក្សាស្នាមញញឹមជាប់នឹងបបូរមាត់ជានិច្ច។ ដោយឡែក នៅក្នុង ទីក្រុង Novosibirsk ដែលជាទីក្រុងដ៏ធំបំផុតមួយរបស់រុស្ស៊ី ស្រែកប្រកាសក្ដែងៗអស់ពីសំឡេងថា៖ «ខ្ញុំមិនចង់ស្លាប់ដើម្បីពូទីន និងដើម្បីអ្នកនោះទេ!»។ បុរសម្នាក់នេះ ក៏ត្រូវប៉ូលីសចាប់ខ្លួនដែរ។

ការប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម គឺជាអំពើដែលងាយនឹងទាញភ្ជាប់ទៅនឹង បទឧក្រិដ្ឋបំផុតនៅប្រទេសរុស្ស៊ី។ របាយការណ៍ពីក្រុម អ្នកឃ្លាំមើល សិទ្ធិមនុស្សដដែលបង្ហាញថា កាលពីសប្ដាហ៍មុនៗ មនុស្សចំនួន ១៦,៥០០នាក់ ត្រូវបានប៉ូលីសឃាត់ខ្លួនដោយសារតែសកម្មភាព ប្រឆាំងនឹងសង្គ្រាម។ ខ្លះជាសកម្មភាពតូចតាចបំផុត ដូចជាការ ឈរតែម្នាក់ឯងនៅទីតាំងសាធារណៈ ដោយកាន់ក្រដាសសស្អាត មួយសន្លឹកតែប៉ុណ្ណោះ។ នៅក្នុងខែមីនា សកម្មភាពតិចតួចអស់ ទាំងនេះ ត្រូវបានរដ្ឋរុស្ស៊ីចាត់ទុកថាជា «ការផ្សព្វផ្សាយព័ត៌មាន មិនមិនពិតអំពីសង្គ្រាម» ដែលធ្វើឲ្យ «ខូចខាតដល់មុខមាត់ កងទ័ពរុស្ស៊ី»។

ជាការកត់សម្គាល់ ប្រជាជនរុស្ស៊ីហ៊ានចេញមុខចុះផ្លូវធ្វើ បាតុកម្ម តវ៉ាប្រឆាំងនឹងការកេណ្ឌទ័ពបន្ថែមរបស់លោកពូទីន បើទោះបីជា ការិយាល័យរដ្ឋអាជ្ញារុស្ស៊ីបានចេញសេចក្ដីព្រមានកាលពីថ្ងៃពុធ ទី២១ ខែកញ្ញាម្សិលមិញរួចហើយថា អ្នកដែលប្រមូលផ្ដុំគ្នាតវ៉ាធ្វើ បាតុកម្មអាចនឹងត្រូវប្រឈមមុខនឹងការផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ទៅ១៥ឆ្នាំពីបទផ្សព្វផ្សាយព័ត៌មានមិនពិតអំពី «ប្រតិបត្តិការ យោធា របស់រុស្ស៊ីនៅអ៊ុយក្រែន» ដែលត្រូវបានចាក់ថ្នាក់ជា បទឧក្រិដ្ឋ កាលពីខែកុម្ភៈ។

សូមជម្រាបថា ក្រឹត្យរបស់លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន អំពីការ កេណ្ឌទ័ពបន្ថែមចំនួន៣០ម៉ឺននាក់ ដើម្បីជាកម្លាំង បន្ថែមសម្រាប់ សង្គ្រាមឈ្លានពានអ៊ុយក្រែន ធ្វើឲ្យពលរដ្ឋរស្ស៊ីមិនសប្បាយចិត្ត និងខ្លះមានទំនោរប្រឆាំងតែម្ដង។ នោះក៏ព្រោះតែបុរសរុស្ស៊ី ភាគច្រើន ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់២៧ឆ្នាំ ត្រូវជាប់ កាតព្វកិច្ចយោធា ដែលបានកំណត់ដោយច្បាប់។

រដ្ឋមន្ដ្រីការពារជាតិរុស្ស៊ី លោក Sergei K. Shoigu ធ្លាប់បាន បញ្ជាក់ថា មានតែអ្នកដែលមានបទពិសោធយោធាពីមុនប៉ុណ្ណោះ ទើបរុស្ស៊ីកេណ្ឌយកទៅសមរភូមិ។ ប៉ុន្តែជាក់ស្ដែង កន្លងមកនេះ កងទ័ពរុស្ស៊ីរាប់ពាន់នាក់ ដែលបានស្លាប់នៅក្នុងសង្គ្រាមឈ្លាន ពាន អ៊ុយក្រែនតាំងពីចុងខែកុម្ភៈកន្លងមក ត្រូវបានសហគមន៍អន្ដរជាតិ វាយតម្លៃថា កើតឡើងដោយសារតែអ្នកទាំងនោះ ខ្វះបទពិសោធនៅ ក្នុងសមរភូមិ និងខ្លះទៀត មិនទាំងបានឆ្លងកាត់ការហ្វឹកហ្វឺនផ្នែក យោធាត្រឹមត្រូវផង។

នៅថ្ងៃពុធ ទី២១ ខែកញ្ញា ក្រោយពេលដែលលោកពូទីន ប្រកាស កេណ្ឌទ័ពបន្ថែម មេប្រឆាំងនៅរុស្ស៊ី លោក Aleksei A. Navalny បានផ្សព្វផ្សាយលទ្ធផលនៃការស្ទង់មតិមួយរបស់អង្គការលោក ដែលបានសាកសួរអំពីប្រតិកម្មរបស់ពលរដ្ឋរុស្ស៊ី អំពីការកេណ្ឌទ័ព បន្ថែមនេះ។ លទ្ធផលនៃការស្ទង់មតិនេះ បង្ហាញថា ជិតពាក់ កណ្ដាល នៃអ្នកដែលត្រូវគេសាកសួរ មិនយល់ស្របចំពោះ ការ កេណ្ឌទ័ព នេះទេ៕
ដោយ៖កែវ កិរិយា

ads banner