ប្រមុខ NATO ហៅការគំរាមប្រើអាវុធនុយក្លេអ៊ែររបស់លោក ពូទីន ថា ជា “វោហាសាស្រ្តដ៏គ្រោះថ្នាក់”
ញូយ៉ក៖ អគ្គលេខាធិការអង្គការណាតូ លោក ជេន ស្តូលធិនប៊ឺក នៅថ្ងៃពុធទី២១ ខែកញ្ញានេះ បានថ្លែងថា ការគំរាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ បន្ទាប់ពីការធ្លាក់ចុះកម្លាំងរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺជា “វោហាសាស្ត្រដ៏គ្រោះថ្នាក់ និងមិនចេះប្រុងប្រយ័ត្ន” ដោយបន្ថែមថា មធ្យោបាយតែមួយគត់ដើម្បីបញ្ចប់សង្គ្រាម នោះគឺរុស្ស៊ីនឹងបរាជ័យនៅលើសមរភូមិ។
លោក ស្តូលធិនប៊ឺក បានប្រាប់កាសែតរ៉យទ័រក្នុងបទសម្ភាសន៍មួយយ៉ាងដូច្នេះថា ការប្រកាសរបស់លោក ពូទីន អំពីការចល័តយោធាលើកដំបូងរបស់រុស្ស៊ីចាប់តាំងពីសង្គ្រាមលោកលើកទីពីរ នឹងធ្វើឱ្យជម្លោះកាន់តែរីកធំឡើង ហើយក៏នឹងធ្វើឱ្យបាត់បង់ជីវិតមនុស្សកាន់តែច្រើនទៀតដែរ។
លោកថា វាក៏តំណាងឱ្យភស្តុតាងដែលថា លោក ពូទីន បានធ្វើ “កំហុសដ៏ធំមួយ” ជាមួយនឹងការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការឈ្លានពានប្រទេសជិតខាងរបស់ខ្លួន (អ៊ុយក្រែន) កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងមកផងដែរ។ ប្រមុខអង្គការណាតូរូបនេះបានសង្កត់ធ្ងន់ទៀតថា មធ្យោបាយតែមួយគត់ដើម្បីបញ្ចប់សង្រ្គាមនេះ គឺការបង្ហាញថា លោកប្រធានាធិបតី ពូទីន នឹងបរាជ័យនៅលើសមរភូមិ ហើយនៅពេលដែលគាត់ដឹងដូច្នេះ គាត់ត្រូវតែអង្គុយចុះ ហើយចរចាកិច្ចព្រមព្រៀងសមហេតុផលជាមួយអ៊ុយក្រែន។
គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាទៅកាន់ជនជាតិរុស្ស៊ីក្នុងសប្តាហ៍នេះ លោក ពូទីន បានប្រកាសថា លោកនឹងកោះហៅកងទ័ពបម្រុងចំនួន ៣០០,០០០នាក់ ដើម្បីទៅប្រយុទ្ធនៅអ៊ុយក្រែន ហើយបានគាំទ្រផែនការដាក់បញ្ចូលផ្នែកខ្លះនៃប្រទេសអ៊ុយក្រែនស្ថិតក្រោមការគ្រប់គ្រងដោយរុស្ស៊ី ហើយថែមទាំងបានប្រាប់លោកខាងលិចថា រូបលោកបានត្រៀមលក្ខណៈរួចហើយ ដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរការពារប្រទេសរុស្ស៊ី៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា