មេដឹកនាំអាមេរិក និងជប៉ុនយល់ព្រមសហការគ្នា ដើម្បីកែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ញូវយ៉ក៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងអះអាងថា ពួកគេនឹងធ្វើការរួមគ្នាដើម្បីកែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។
មេដឹកនាំទាំងពីរកំពុងស្ថិតនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ ពួកលោកបានជួបពិភាក្សាគ្នានៅក្រៅផ្លូវការខ្លីៗ បន្ទាប់ពីកិច្ចប្រជុំដែលរៀបចំដោយសហរដ្ឋអាមេរិក ស្តីពីការបង្កើនការរួមចំណែកដល់មូលនិធិសកល សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងគ្រុនចាញ់។
នាឱកាសនោះដែរ លោក គីស៊ីដា បានប្រាប់លោក បៃដិន ថា លោកបានស្វាគមន៍យ៉ាងខ្លាំងចំពោះសុន្ទរកថារបស់លោកប្រធានាធិបតីទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានលើកឡើងពីតម្រូវការដើម្បីធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ។
ស្របពេលជាមួយគ្នានេះដែរ មេដឹកនាំទាំងពីរបានបញ្ជាក់ទៀតថា ពួកលោកនឹងធ្វើការរួមគ្នាដើម្បីពង្រឹងសម្ព័ន្ធភាពរវាងជប៉ុន-អាមេរិក ចំពេលបរិយាកាសសន្តិសុខអន្តរជាតិកាន់តែឡើងកម្តៅ ដោយសារតែការអះអាងកាន់តែខ្លាំងឡើងរបស់ចិននៅសមុទ្រចិនខាងកើត និងខាងត្បូង ក៏ដូចជាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា