ប្រមុខការទូតរុស្ស៊ីថ្លែងការពារសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន កំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

ញូវយ៉ក៖ មេដឹកនាំពិភពលោកនៅអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យរុស្ស៊ីទទួលខុសត្រូវ ចំពោះទង្វើរំលោភសិទ្ធិមនុស្សនៅអ៊ុយក្រែន ខណៈដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡារូវ បានចេញមុខថ្លែងការពារចំណាត់ការរបស់ប្រទេសខ្លួន នៅក្នុងសង្គ្រាមរយៈពេល ៧ខែមកនេះ។

លោក ឡារូវ នៅថ្ងៃព្រហស្បតិ៍ទី២២ ខែកញ្ញា ក្នុងអំឡុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានចោទប្រកាន់អ៊ុយក្រែនថា បានដាក់ការគំរាមកំហែងប្រឆាំងសន្តិសុខរុស្ស៊ី និងជាន់ឈ្លីសិទ្ធិរបស់ប្រជាជនរុស្ស៊ីរួមទាំងអ្នកនិយាយភាសារុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។

ប្រមុខការទូតរុស្ស៊ីរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកថា យើងនឹងមិនទទួលយករឿងនេះឡើយ។ អ្វីគ្រប់យ៉ាងដែលខ្ញុំនិយាយនៅថ្ងៃនេះ គ្រាន់តែបញ្ជាក់ថា ការសម្រេចចិត្តដើម្បីធ្វើប្រតិបត្តិការយោធាពិសេស គឺជៀសមិនរួចនោះទេ។ លោកថា ប្រទេសដែលផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន និងបណ្តុះបណ្តាលទាហានរបស់ទីក្រុងកៀវ គឺជាភាគីនៃជម្លោះ។

លោកខាងលិចដែលបង្កើតជម្លោះនេះដោយចេតនា នៅតែគ្មាននរណាផ្តន្ទាទោស ខណៈដែលសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន បានបិទបាំងឧក្រិដ្ឋកម្មនៃរបបទីក្រុងកៀវ។

គួរបញ្ជាក់ថា សម័យប្រជុំពិសេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការចល័តកងទ័ពបម្រុងរាប់ម៉ឺននាក់ភ្លាមៗ ដើម្បីប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់, ជម្លៀសមនុស្សរាប់លាននាក់, បំផ្លាញទីក្រុង និងបំផ្លាញសេដ្ឋកិច្ចពិភពលោក៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner