រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបជាមួយរដ្ឋមន្រ្ដីការបរទេស ពាណិជ្ជកម្មអន្តរជាតិនិងធម្មការអាហ្សង់ទីន និងរដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ
ភ្នំពេញ៖ នៅក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Santiago Cafiero រដ្ឋមន្រ្ដីការបរទេស ពាណិជ្ជកម្មអន្តរជាតិ និងធម្មការ នៃសាធារណរដ្ឋអាហ្សង់ទីន និង ឯកឧត្តម Abdulla Shahid រដ្ឋមន្រ្ដីការបរទេសម៉ាល់ឌីវ កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញានេះ។
ក្រសួងការបរទេសកម្ពុជាបានបន្តថា ជំនួបជាមួយ ឯកឧត្តម Santiago Cafiero រដ្ឋមន្រ្ដីការបរទេស ពាណិជ្ជកម្មអន្តរជាតិ និងធម្មការ នៃសាធារណរដ្ឋអាហ្សង់ទីន រដ្ឋមន្ត្រីការបរទេសទាំងពីរ បានជម្រាបជូនគ្នាទៅវិញទៅមកអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា និងអាហ្សង់ទីន រួមទាំងការដោះស្រាយជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់របស់វាផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍ដ៏ខ្លាំងរបស់អាហ្សង់ទីន ដែលបានលើកឡើងដោយឯកឧត្តម Santiago Cafiero ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងតំបន់អាស៊ាន នៅក្នុងវិស័យដែលមានសក្តានុពលជាច្រើន រួមមានវិស័យសុខាភិបាល សន្តិសុខស្បៀង កសិកម្មនិងនេសាទ ថាមពលនិងការទាញយករ៉ែ ការលើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានឯកភាពធ្វើការជាមួយគ្នាដើម្បីស្វែងរកលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហគមន៍នៃបណ្ដារដ្ឋនៅអាមេរិកឡាទីន និងការ៉ាប៊ីន (CELAC) នៅក្នុងវិស័យទាំងនេះផងដែរ។
ដោយយល់ស្របគ្នាលើតម្រូវការក្នុងការបង្កើតយន្តការមួយដើម្បីចាប់ផ្តើមធ្វើឱ្យសម្រេចបាននូវបំណង ប្រាថ្នារួមសម្រាប់ទំនាក់ទំនងមិត្តភាពកាន់តែរឹងមាំ ការផ្លាស់ប្តូរសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយលើគ្រប់វិស័យដែលអាចធ្វើទៅបានរវាងកម្ពុជានិងអាហ្សង់ទីន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម Santiago Cafiero បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីសង្រ្គាមនៅអ៊ុយក្រែន និងផលប៉ះពាល់ពីសង្រ្គាមនេះទៅលើសន្តិសុខស្បៀង និងថាមពលរបស់ពិភពលោក និងវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនសមភាគីអាហ្សង់ទីនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ តាមរយៈការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ហើយនិងបញ្ហាប្រឈមនានាដែលកម្ពុជាជួបប្រទះ។
ក្រសួងការបរទេសកម្ពុជា បានបន្តទៀតថា ជំនួបជាមួយឯកឧត្តម Abdulla Shahid រដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានរំលឹកពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តម Abdulla Shahid មកកាន់កម្ពុជាកាលពីខែសីហាកន្លងទៅ និងបានពិភាក្សាអំពីការសម្រេចឱ្យបាននូវការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជម្រាបជូនសមភាគីម៉ាល់ឌីវថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រីករាយនឹងទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីម៉ាល់ឌីវ នៅដើមឆ្នាំក្រោយ តាមវេលាសមស្រប។ ភាគីទាំងពីរ បានឯកភាពគ្នាថាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីម៉ាល់ឌីវ មកកាន់កម្ពុជាលើកនេះ និងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសម៉ាល់ឌីវ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព ហើយនឹងឈានទៅដល់ការពង្រីកកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាង ប្រជាជាតិទាំងពីរ។
ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកម្ពុជា-ម៉ាល់ឌីវ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពគ្នាពិចារណាលើការសម្រេចឲ្យបាននូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់នយោបាយកម្ពុជា និងម៉ាល់ឌីវ។ ភាគីទាំងពីរ ប្តេជ្ញាពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ការបង្កើតជើងហោះហើរត្រង់រវាងកម្ពុជានិងម៉ាល់ឌីវ ការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវសម្រាប់ការនាំចេញ រួមទាំងនាំចេញទៅកាន់ប្រទេសម៉ាល់ឌីវផង និងវិស័យផ្សេងៗទៀតដែលមានសក្តានុពល។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរទៅលើការរៀបចំការសម្រួលការផ្តល់ទិដ្ឋាការ ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងធុរកិច្ច រវាងប្រទេសទាំងពីរ។ ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម Abdulla Shahid បានសម្តែងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជា និងម៉ាល់ឌីវ រួមទាំងការគាំទ្របេក្ខភាពគ្នាទៅវិញទៅមកនៅក្នុងអង្គការតំបន់ និងអន្តរជាតិផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ