អវសាននៃសមមិត្ត ខៀវ សំផន
ក្រោយពេលដំណើរការសំណុំរឿងក្តីរយៈពេល១៥ឆ្នាំ ចាប់តាំងពីការបើកការស៊ើបអង្កេតដំបូងការចាប់ខ្លួន រហូតដល់ការជំនុំជម្រះ និងការប្រកាសសាលដីកានៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ នៃរបបខ្មែរក្រហម ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) ប្រកាសសាលដីកាលើបណ្តឹងសាទុក្ខសំណុំរឿង០០២/០២ របស់ជនជាប់ចោទ ដោយសម្រេចតម្កល់សេចក្តីសម្រេចរបស់ខ្លួន កាត់ទោស ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយបិទផ្លូវតវ៉ាតែម្តង។
គួរឱ្យដឹងថា សំណុំរឿង០០២ ជាសំណុំរឿងដ៏មានសារៈសំខាន់ដែលបណ្តុំទៅដោយអតីតមេដឹកនាំកំពូលៗនៃរបបខ្មែរក្រហម៤រូប ហើយនៅចុងបញ្ចប់នៃសំណុំរឿងនេះ ជនជាប់ចោទ១រូប ក្នុងចំណោម៤រូប គឺអតីតប្រធានគណៈប្រធានរដ្ឋ លោក ខៀវ សំផន បច្ចុប្បន្ននេះ មានអាយុ៩១ឆ្នាំ នៅរស់រានមានជីវិត និងបានចូលរួមក្នុងដំណើរការនីតិវិធីច្បាប់រហូតដល់សំណុំរឿងបិទបញ្ចប់ទាំងស្រុង ខណៈជនជាប់ចោទ៣រូបផ្សេងទៀត រួមមាន លោក អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស (ស្លាប់ខែមីនា ឆ្នាំ២០១៣) និងលោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច (ស្លាប់នៅខែសីហា ឆ្នាំ២០១៥ ក្រោយរកឃើញថាមានជំងឺវង្វេងវង្វាន់បាត់ការចងចាំ) បានស្លាប់នៅក្នុងដំណើរការនីតិវិធីជំនុំជម្រះ រីឯលោក នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជននៃរបបខ្មែរក្រហមមានពិរុទ្ធភាព និងផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង ០០២/០១ និងបានស្លាប់នៅក្នុងដំណាក់កាលបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩។
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #នីតិវិធីតុលាការ #បណ្ដឹងសារទុក្ខ #ខៀវសំផន #មេដឹកនាំខ្មរក្រហម #របបកម្ពុជាប្រជាធិបតេយ្យ #អង្គជុំនំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា #សំណុំរឿង