ប្រទេស G7 យល់ស្របបន្តការគាំទ្រដល់អ៊ុយក្រែន ក្រោយលោក ពូទីន ប្រកាសបញ្ជាកែនទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែន
ញូវយក៖ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 បានសម្តែងការព្រួយបារម្ភចំពោះចំណាត់ការរបស់រុស្ស៊ី ក្នុងការកោះហៅកងទ័ពបម្រុង ដើម្បីទៅប្រយុទ្ធនៅអ៊ុយក្រែន ដោយពួកគាត់ក៏បានបញ្ជាក់ពីការបន្តគាំទ្ររបស់ខ្លួនចំពោះរដ្ឋាភិបាលទីក្រុងកៀវផងដែរ។
រដ្ឋមន្ត្រីទាំងនោះបានជួបប្រជុំគ្នា នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។
ស្របពេលជាមួយគ្នានេះដែរ ក្រុមរដ្ឋមន្រ្តីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អំពីការចល័តយោធាមួយផ្នែកនៃក្រុមកងទ័ពបម្រុង និងការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ បន្ថែមលើនេះ ក្រុមរដ្ឋមន្ត្រីក៏បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាឱ្យមានស្ថិរភាពថាមពល និងការផ្គត់ផ្គង់ស្បៀងអាហារផងដែរ។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា ថ្លែងថា ប្រទេសជប៉ុនកំពុងរៀបចំផែនការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ដោយពង្រីកការហាមឃាត់ការនាំចេញទៅកាន់អង្គភាពដែលពាក់ព័ន្ធនឹងយោធា។
លោក ហាយ៉ាស៊ី បានប្រាប់អ្នកសារព័ត៌មានទៀតថា ក្រុមរដ្ឋមន្ត្រីក៏បានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពក្នុងតំបន់នៅក្នុងប្រទេសចិន និងឥណ្ឌូប៉ាស៊ីហ្វិក ហើយបានបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ លោកថា G7 នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីធានារក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ រួមទាំងពិភពលោក។
បើតាមលោក ហាយ៉ាស៊ី ប្រទេសជប៉ុននឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស G7 ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែមេសាឆ្នាំក្រោយ នៅឯទីក្រុងរមណីយដ្ឋាន ការូអ៊ីហ្សាវ៉ា ក្នុងខេត្ត ណាហ្គាណូ។ ចំណែកកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នឹងប្រព្រឹត្តទៅនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន នាខែឧសភា ឆ្នាំ២០២២ខាងមុខនេះ ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា