រដ្ឋមន្ត្រីការបរទេសអាមេរិក ជួបសមភាគីចិន ចំពេលសំណុំរឿងកោះតៃវ៉ាន់កាន់តែតានតឹង
អាមេរិក៖កិច្ចប្រជុំដ៏កម្រមួយរវាងប្រមុខការទូតអាមេរិកលោក អង់តូនី ប្ល៊ីងកិន និងសមភាគីចិនលោក វ៉ាង យី នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ។ ជាកិច្ចប្រជុំដែលធ្វើឡើងចំពេលមានភាពតានតឹងនៃទំនាក់ទំនងប្រទេសទាំងពីរកាន់តែខ្លាំង វិញសំណុំរឿងកោះតៃវ៉ាន់។
សេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិកឱ្យដឹងថា លោកប្ល៊ីងកិន និងលោក វ៉ាង យី នឹងមានជំនួបទ្វារភាគីដាច់ដោយឡែកនៅអំឡុងពេលនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញ៉ូវយកនៃសហរដ្ឋអាមេរិក។
សម្រាប់ក្រសួងការបរទេសអាមេរិក ជំនួបលើកនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបង្ហាញពីការរក្សាទំនាក់ទំនងជាមួយអាមេរិកដោយបើកចំហរ និងធ្វើយ៉ាងណាឱ្យការប្រកួតប្រជែងរវាងប្រទេសមហាអំណាចទាំងពីរ ធ្វើឡើងដោយការទទួលខុសត្រូវ។
នេះជាកិច្ចប្រជុំផ្លូវការដ៏កម្រមួយរបស់ប្រមុខការទូតនៃប្រទេសទាំងពីរ ក្រោយរងការប៉ះទង្គិចខ្លាំងដោយសំណុំរឿងកោះតៃវ៉ាន់ដែលកំពុងកើនកម្តៅខ្លាំង។ ជំនួបនេះ ត្រូវបានក្រសួងការបរទេសអាមេរិក អះអាងក្នុងសេចក្តីប្រកាសថា ជាការស្វែងរកមូលដ្ឋានគ្រឹះសម្រាប់ជំនួបដោយផ្ទាល់រវាងលោកប្រធានាធិបតីអាមេរិក និងប្រធានាធិបតីចិនក្នុងពេលខាងមុខ ចាប់តាំងពីលោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកមក។
សូមជ្រាបថា ទំនាក់ទំនងរវាងចិន និងអាមេរិក បានធ្លាក់ចុះទាបបំផុត បន្ទាប់ពីលោកស្រីណាន់ស៊ី ប៉េឡូស៊ី បានទៅទស្សនកិច្ចនៅកោះតៃវ៉ាន់ ដែលនាំឱ្យមានសមយុទ្ធយោធាដ៏សម្បើមពីសំណាក់ទីក្រុងប៉េកាំង។ ចិនក៏បានប្រកាសផ្អាកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការមួយចំនួនជាមួយសហរដ្ឋអាមេរិក ក្នុងនោះគឺមានសំណុំរឿងអាកាសធាតុ ការប្រយុទ្ធប្រឆាំងនឹងការកើនឡើងកម្តៅផែនដីជាដើម។
កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ប្រធានាធិបតីអាមេរិក លោកចូ បៃដិន បានបញ្ជាក់ថា ទ័ពអាមេរិកនឹងការពារតៃវ៉ាន់ បើកោះមួយនេះរងការវាយប្រហារចូលឈ្លានពានពីចិន។ ហើយចិនបានឆ្លើយតបវិញក្នុងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ដោយចាត់ទុកការលើកឡើងរបស់លោកបៃដិន ថាជាការបំពានធ្ងន់ធ្ងរលើការសន្យារបស់អាមេរិកដែលមិនគាំទ្រឯករាជ្យរបស់តៃវ៉ាន់៕
ដោយ៖បណ្តូល ពេជ្រ
ប្រភព៖ www.mainichi.jp www.rfi.fr