យុវវ័យ និយាយពីការធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ទិដ្ឋភាពទូទៅនៃការធ្វើដំណើររបស់ប្រជាជននាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បានត្រឡប់ទៅរកភាពកកស្ទះដូចដែលធ្លាប់មានកាលពីមុនផ្ទុះជំងឺរាតត្បាតឡើងវិញ។ បណ្ដាផ្លូវនានាដែលជាប្រភពតភ្ជាប់ពីក្រុងភ្នំពេញទៅខេត្ត មានភាពមមាញឹកតាំងពីមុនពិធីបុណ្យភ្ជុំបិណ្ឌទៅទៀត។ ឥវ៉ាន់សំពីងសំពោងត្រូវបានដឹកតាមម៉ូតូ ។រីឯឡានតាក់ស៊ី មានទាំងចងឥវ៉ាន់ហៀរដល់ផ្នែកខាងក្រោយនៃរថយន្ត។ ចំណែកឯអ្នកជិះខាងក្នុងក៏ប្រជ្រៀតគ្នាមិនធម្មតាដែរ។

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រាជរដ្ឋាភិបាលបានដាក់ចេញមធ្យោបាយធ្វើដំណើរតាមផ្លូវថ្នល់ និងផ្លូវដែក ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយមិនគិតប្រាក់ ហើយរដ្ឋក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនរថយន្តឈ្នួលផ្សេងទៀត កុំឱ្យដំឡើងថ្លៃហួសហេតុពេក។ ប៉ុន្តែយ៉ាងណា ការអំពាវនាវរបស់រដ្ឋក៏មិនបានស្រោចស្រពទៅដល់គ្រប់ខេត្តក្រុងដែរ ដោយឡានឈ្នួលមួយចំនួននៅតែឡើងថ្លៃដដែល។

រស់នៅខេត្តត្បូងឃ្មុំ ដែលមិនមានឡានក្រុងទៅដល់ យុវជនម្នាក់បានទម្លាប់នឹងការជិះរថយន្ដសាំយ៉ុងតាំងពីមករៀននៅភ្នំពេញដំបូង ដូច្នេះហើយយុវជនម្នាក់នេះហាក់មិនមានបញ្ហាទៅលើការឡើងថ្លៃរបស់ឡានឈ្នួលនេះទេ។

យុវជន ហាក់ ដា និយាយថា៖ «សម្រាប់ថ្ងៃធម្មតា ជិះក្នុងតម្លៃពីរម៉ឺន ឥឡូវនេះឡើងដល់បីម៉ឺន។ តែចំពោះខ្ញុំមិនអីទេ ព្រោះយូរៗម្ដង គាត់រកបានតែពេលហ្នឹងឯង តែផុតភ្ជុំក៏ធ្លាក់ទៅដូចដើមវិញហើយ»។

យុវជនរូបនេះបន្តថា មិនសូវជាសម្បូរឡានរត់កាត់ស្រុកខ្លួនទេ ដូច្នេះមិនសូវជាមានជម្រើសដូចខេត្តប្រជុំជនផ្សេងៗ ម៉្យាងទៀតតាំងពីដើមមកខ្លួនជិះតែឡានឈ្នួលមួយនេះ ដោយសារស្គាល់គ្នា និងទុកចិត្តលើការបើកបររបស់តៃកុង។

រីឯកញ្ញា ថា ស្រីដែន វិញដែលជ្រើសរើសជិះរថយន្ដ វីអាយភី(VIP) ត្អូញត្អែរថាតម្លៃសំបុត្រឆ្នាំនេះកាន់តែឡើងខ្ពស់ បើទោះជារដ្ឋខំប្រកាសយ៉ាងណាក៏ដោយ។ កញ្ញាបន្តថា ខ្លួនសុខចិត្តចំណាយជិះរថយន្ដ VIP ព្រោះមិនចង់ប្រជ្រៀតគ្នា ខណៈដែលកញ្ញាត្រូវធ្វើដំណើរផ្លូវឆ្ងាយ គឺពីភ្នំពេញទៅឧត្តរមានជ័យ។

កញ្ញា ថា ស្រីដែន និយាយថា៖ «សម្រាប់ខ្ញុំគិតថាឡើងថ្លៃខ្លាំងណាស់! ព្រោះមុនពេលសាំងឡើងថ្លៃហ្នឹង តែ៩ដុល្លារទេ ឡើងខ្ពស់បំផុតដល់ ១២ដុល្លារ ស្រាប់តែពេលនេះឡើងដល់១៦ដុល្លារកន្លះ។»

ទោះជាយ៉ាងណា កញ្ញាស្រីដែន បញ្ជាក់ថា ខ្លួនមិនជាបញ្ហាទេចំពោះការឡើងថ្លៃទូទៅ ព្រោះយល់ថាក្រុមហ៊ុនក៏ត្រូវចាយលើបុគ្គលិកដែលធ្វើការក្នុងរដូវភ្ជុំភ្ជរដូចគ្នា ប៉ុន្តែគួរឡើងក្នុងកម្រិតមួយដែលទទួលយកបាន។

ងាកទៅខាងខេត្តរតនៈគិរីឯណោះវិញ កញ្ញា ខឿន សុនឈីង ដែលទទួលសេវាកម្មឡានក្រុងយប់ពីភ្នំពេញទៅ រៀបរាប់ថាមិនមានការឡើងថ្លៃនោះទេ។តម្លៃគឺនៅតែរក្សាក្នុងចំនួនប្រាំម៉ឺនរៀលដូចទៅនឹងពេលធម្មតាដែលកញ្ញាតែងតែជិះទៅលេងស្រុក។

កញ្ញា ចន្ថា ដែលត្រូវធ្វើដំណើរពីភ្នំពេញទៅប៉ែកនិរតីវិញ ជ្រើសរើសប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន គឺជិះម៉ូតូតែម្ដង ដោយកញ្ញាអះអាងថា ជិះរថយន្ដឈ្នួល ឬរថយន្ដក្រុងរាល់ឆ្នាំមានការឡើងថ្លៃប៉ុន្តែក្នុងកម្រិតមួយអាចទទួលយកបាន។ ប៉ុន្តែអ្វីដែលធ្វើឱ្យកញ្ញាសម្រេចចិត្ត ជិះម៉ូតូចម្ងាយជិត២០០គីឡូទៅផ្ទះដោយខ្លួនឯង ក៏ព្រោះតែបញ្ហាកកស្ទះតាមផ្លូវ និងចង្អៀតក្នុងឡាន ដែលកន្លងមកតៃកុងតែងតែដាក់ភ្ញៀវលើសចំណុះ។
សម្រាប់កញ្ញា សុធារ៉ា ដែលជានិស្សិតមកពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងត្រូវធ្វើដំណើរទៅកាន់ស្រុកកំណើតនៅក្នុងខេត្តកំពង់ចាមឯណោះវិញ បានសាកល្បងជិះរថយន្ដក្រុងដែលរដ្ឋផ្ដល់ឱ្យដោយមិនគិតថ្លៃ។ សុធារ៉ា សង្កេតឃើញថារថយន្ដក្រុងសាធារណៈនេះមានផាសុកភាពគួរសម ព្រមទាំងមិនចង្អៀតខ្លាំងទេ ព្រោះកៅអីមួយអង្គុយតែមនុស្សម្នាក់ប៉ុណ្ណោះ រីឯតៃកុងឡានក៏រួសរាយថែមទៀត។

តែយ៉ាងណាកញ្ញានិយាយថា៖ «ត្រូវចាយពេលរង់ចាំបន្តិច ព្រោះទាល់តែមនុស្សពេញទើបឡានចេញដំណើរ ម្យ៉ាងទៀតគោលដៅរបស់ឡានមានការកំណត់ ដោយមានម៉ោងចេញដំណើរតែពេលព្រឹកទេ។»

បើទោះជាយ៉ាងនេះក្ដី កញ្ញាពេញចិត្តនឹងការសម្រួលរបស់រដ្ឋាភិបាលបែបនេះ និងយល់ថាគួរតែមាននៅឆ្នាំក្រោយៗទៀត ថ្វីត្បិតតែមធ្យោបាយធ្វើដំណើរនេះមិនទាន់បានចាក់ស្រេះទៅដល់ទីជនបទនៅឡើយ ពោលគឺអ្នករស់នៅជនបទ មិនមានជម្រើសអ្វីក្រៅពីជិះរថយន្ដសាំយ៉ុងដដែល៕ ដោយ៖ សាន ម៉ានិច្ច

ads banner