នាវាផ្ទុកយន្តហោះអាមេរិកទៅដល់កូរ៉េខាងត្បូង បង្ហាញសាច់ដុំដាក់កូរ៉េខាងជើង
កូរ៉េខាងត្បូង៖ នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក USS Ronald Reagan បានមកដល់កំពង់ផែ ប៊ូសាន របស់កូរ៉េខាងត្បូងនៅថ្ងៃសុក្រទី២៣ខែកញ្ញាឆ្នាំ២០២២នេះ។ ដំណើរមកដល់នៃនាវាផ្ទុកយន្តហោះរបស់អាមេរិក គឺដើម្បី ចូលរួមសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង ក្នុងគោលបំណងបង្ហាញភាពខ្លាំងរបស់ពួកគេប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង ដែលកំពុងកើនឡើង។
សមយុទ្ធរួមគ្នាដែលគ្រោងធ្វើឡើងនាពេលនេះនឹងមានវត្តមាននាវាផ្ទុកយន្តហោះចម្បាំងផងនោះ គឺជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក។ កាលពីពេលនោះ សហរដ្ឋអាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះចំនួនបីរួមទាំងនាវា Reagan ផង សម្រាប់សមយុទ្ធកងទ័ពជើងទឹកជាមួយកូរ៉េខាងត្បូង ដើម្បីឆ្លើយតបទៅនឹងការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
នៅឆ្នាំ២០២២នេះ ប្រទេសសម្ព័ន្ធមិត្តទាំងពីរ បានស្តាឡើងវិញនូវសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ពួកគេ បន្ទាប់ពីផ្អាក ឬកាត់បន្ថយកាលពីឆ្នាំកន្លងទៅ ដើម្បីគាំទ្រទំនាក់ទំនងការទូតរវាងទីក្រុងព្យុងយ៉ាង និងដោយសារជំងឺកូវីដ-១៩ផង។
កងទ័ពជើងទឹកកូរ៉េខាងត្បូងបានលើកឡើងថា ការហ្វឹកហ្វឺនរួមគ្នាជាមួយនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក នៅពេលនេះ គឺសំដៅជំរុញការត្រៀមខ្លួនខាងយោធារបស់សម្ព័ន្ធមិត្តទាំងពីរនិងដើម្បីបង្ហាញពី«ការតាំងចិត្តដ៏ម៉ឺងម៉ាត់របស់កូរ៉េ-អាមេរិក ដើម្បីសន្តិភាពនិងស្ថិរភាពនៅឧបទ្វីបកូរ៉េ»។
ការគំរាមកំហែងរបស់កូរ៉េខាងជើងក៏ត្រូវបានគេរំពឹងថានឹងក្លាយជារបៀបវារៈដ៏សំខាន់សម្រាប់ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក គឺលោកស្រី ខាម៉ាឡា ហារីស។ លោកស្រីនឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយបន្ទាប់ពីចូលរួមពិធីបុណ្យសពថ្នាក់រដ្ឋរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្សូ អាបេ នៅទីក្រុងតូក្យូ។
គួរជ្រាបថា ការមកដល់នៃនាវាផ្ទុកយន្តហោះចម្បាំង Reagan នៅទឹកដីប្រទេសកូរ៉េខាងត្បូងកើតឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង អ៊ុន បានប្រាប់សភានៃក្រុងព្យុងយ៉ាងក្នុងខែកញ្ញានេះថា លោកនឹងមិនបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលឡើយ។ លោក គីម ថាលោកត្រូវការវាជាចាំបាច់ ដើម្បីប្រឆាំងនឹងអ្វីដែលលោកយល់ថាជាការបង្កអរិភាពរបស់សហរដ្ឋអាមេរិក។
ប្រទេសកូរ៉េខាងជើងក៏បានអនុម័តច្បាប់ថ្មីមួយ ដែលកំណត់ឋានៈរបស់ខ្លួនជាមហាអំណាចនុយក្លេអ៊ែរ និងបានអនុញ្ញាតឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរតាមសេណារីយ៉ូដ៏ធំទូលាយ នៅពេលដែលប្រទេស ឬថ្នាក់ដឹកនាំរបស់ខ្លួនទទួលរងការគំរាមកំហែង។
កូរ៉េខាងជើងបានបង្កើនការសាកល្បងអាវុធដល់កម្រិតកំណត់ត្រាថ្មីក្នុងឆ្នាំ២០២២នេះ ដោយបានបាញ់បង្ហោះអាវុធផ្លោងជាង ៣០គ្រាប់ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបរបស់ខ្លួន។ នេះជាការកើនឡើងគួរឲ្យកត់សម្គាល់នៃការសាកល្បងអាវុធចាប់តាំងពីឆ្នាំ ២០១៧មក។
ខណៈពេលដែលមីស៊ីល ICBMs របស់កូរ៉េខាងជើង ទទួលបានការចាប់អារម្មណ៍ច្រើនពីសហរដ្ឋអាមេរិក ព្រោះវាបង្កការគំរាមកំហែងដល់ទឹកដីអាមេរិក កូរ៉េខាងជើងក៏កំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ និងកាំជ្រួចរយៈចម្ងាយខ្លីដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែ និងត្រូវបានរចនាឡើងដើម្បីគេចពីប្រព័ន្ធការពារកាំជ្រួចរបស់កូរ៉េខាងត្បូង៕ ដោយ៖ យ៉ាន អាន