រដ្ឋមន្ត្រីការបរទេសអាស៊ាន បើកកិច្ចប្រជុំក្រៅផ្លូវការ ក្នុងឱកាសនៃ សម័យប្រជុំលើកទី៧៧ នៃមហាសន្និបាត អ.ស.ប
អាមេរិក៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រៅផ្លូវការរបស់ រដ្ឋមន្ត្រីការ បរទេសអាស៊ាន (IAMM) ប្រចាំឆ្នាំ ក្នុងឱកាសនៃសម័យប្រជុំ លើកទី៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសបានបញ្ជាក់ថា កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈអំពីបេក្ខភាពរបស់ប្រទេសជាសមាជិកអាស៊ាន នៅក្នុងស្ថាប័នអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នានា និងបានឯកភាពគ្នាថា ការបន្តលើកកម្ពស់បេក្ខភាពអាស៊ាន នឹងលើកមុខមាត់ និងសារសំខាន់របស់អាស៊ានលើឆាកអន្តរជាតិ បន្ថែម ទៀត។
ឆ្លៀតក្នុងឱកាសនោះ កម្ពុជាបានស្វែងរកការគាំទ្រពីប្រទេសជា សមាជិក អាស៊ានដ៏ទៃទៀត សម្រាប់សមាជិកភាពរបស់កម្ពុជា នៅក្នុងគណៈកម្មាធិការរៀបចំនៃគណៈកម្មការកសាងសន្តិភាព (Organizational Committee of the Peacebuilding Commission-OCPBC) សម្រាប់អាណត្តិ ២០២៥-២០២៦ និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) សម្រាប់អាណត្តិ ២០២៨-២០៣០។
ចំពោះទំនាក់ទំនងអាស៊ាន និងដៃគូខាងក្រៅ កិច្ចប្រជុំបានស្វាគមន៍ ចំពោះ ការចូលជាសមាជិកនៅក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហ ប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែលបច្ចុប្បន្នមានចំនួន៤៩ ភាគី បន្ទាប់ពីប្រទេសចំនួន៦បន្ថែមទៀត បានចុះហត្ថលេខាលើ សន្ធិសញ្ញានេះ កាលពីខែសីហាឆ្នាំនេះ និងបានយល់ព្រមទទួល យកការចូលជាសមាជិករបស់ប្រទេសអេស្ប៉ាញ និងអ៊ុយក្រែន។ ពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ពីថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី បានជម្រាបជូនអង្គប្រជុំអំពីការត្រៀមរៀបចំ និងកម្មវិធីបណ្ដោះ អាសន្ន ហើយបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការ គាំទ្រ យ៉ាងពេញទំហឹងរបស់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីធានា បាននូវលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលនេះ ក៏ដូច ជាកិច្ចសន្ទនាជាសកលរបស់អាស៊ាន លើកទី២ ស្ដីពីការស្ដារ ឡើងវិញគ្រប់ជ្រុងជ្រោយក្រោយជំងឺកូវីដ-១៩ ដែលជាព្រឹត្តិការណ៍ អមមួយដ៏សំខាន់។
ក្រៅពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន អង្គប្រជុំក៏បាន ផ្លាស់ ប្តូរ ទស្សនៈយោបល់គ្នាអំពីស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា និងការតាមដានអនុវត្តន៍ការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ាន កាលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រួមជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានផ្សេងៗទៀត បានបញ្ជាក់សារ ជាថ្មីពីសារៈសំខាន់នៃការពន្លឿនវឌ្ឍនភាពក្នុងការអនុវត្ត 5PC នៅក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់នៃភាពតានតឹងភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ននេះ៕ ដោយ៖ សួង ពិសិដ្ឋ