លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន្តនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារងាយរងគ្រោះចំនួន ១០០គ្រួសារបន្ថែមទៀត ក្នុងក្រុងបាវិត
ស្វាយរៀង៖ នៅថ្ងៃសុក្រទី២៣ ខែ កញ្ញា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខា ព្រមទាំងឯកឧត្តម លោកជំទាវ គណៈកិត្តិយសគណៈកម្មាធិការសាខាបានបន្តចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រារ គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងទីទ័លក្រចំនួន ១០០ គ្រួសារ បន្ថែមទៀត មកពី ៥ សង្កាត់ក្នុងក្រុងបាវិត ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះនៅតាមសហគមន៍ អនុសាខាកាកបាទក្រហមកម្ពុជាក្រុង ស្រុកបានស្នើសុំជំនួយពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានឯកភាពក្នុងការដោះស្រាយជូនពួកគាត់នៅតាមក្រុងស្រុកទាំង ៨ ឲ្យទាន់ពេលវេលានារដួវបុណ្យភ្ជំកាន់បិណ្ឌនេះ ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយមនោសញ្ចេតនា ក្តីអាណិតអាសូ ការស្រលាញ់ និងសូមចែករំលែកនូវការលំបាករបស់បងប្អូនក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ។
លោកជំទាវបានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យ ធ្វេសប្រហេស ពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ របស់រាជរដ្ឋាភិបាល ៣ ការពារ ៣កុំ និងនាំគ្នាទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ត្រូវណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវនាំគ្នាដាំដំណាំ ចិញ្ចឹមសត្វ និងប្រមូលទិន្នផលស្រូវនារដូវវស្សាហ៍ឆ្នាំនេះឲ្យទាន់ពេលវេលា ដើម្បីលើកស្ទួយជីវភាពគ្រួសារប្រចាំថ្ងៃមានភាពប្រសើរឡើង ។
អំណោយដែលបានផ្តល់ជូនក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១) និងថវិកាធ្វើដំណើរ ៥០,០០០ រៀល ៕