ថវិកាគោលនយោបាយរបស់ក្រសួងការពារជាតិជាង ៦០លានរៀល ត្រូវបាន ប្រគល់ជូនគ្រួសារសពនាយទាហានជាន់ខ្ពស់ ២រូប នៃបញ្ជាការដ្ឋានអង្គរក្ស
ក្នុងឱកាដបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ នាព្រឹកថ្ងៃទី២៣ ខែ កញ្ញា ឆ្នំា២០២២ ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ប្រធានអនុគណៈកម្មាធិការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ឧត្តមនាវី ក្រសួងការពារជាតិ អមអំណើរដោយឧត្តមសេនីយ៍ទោ សៅ ដារ៉ាវុធ នាយក នាយកដ្ឋានកិច្ចការយោធា ស៊ីវិល រួមជាមួយនាយទាហានជា ក្រុមការងារជាច្រើនរូបទៀត បាននាំយកថវិកាគោលនយោបាយរបស់ក្រសួងការពារជាតិជាង ៦០លានរៀល ដើម្បីផ្តលជូនក្រុមគ្រួសារសព ឧត្តមសេនីយ៍ឯក ងី សំណាង និងឧត្តមសេនីយ៍ឯក ង៉ែត ស្រៀង ជាអតីតនាយទាហានការពារផ្ទាល់ នៃបញ្ជាការដ្ឋានអង្គរក្ស នៅក្រុងតាខ្មៅខេត្តកណ្តាល ដែលបានទទួលមរណភាពកន្លងទៅនេះសម្រាប់ដោះស្រាយចំណាយក្នុងពិធីបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនា និងបែបពិធីការកងទ័ព ឲ្យបានសមរម្យ តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក រឿង វុទ្ធី មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ។
ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម សៅ សារឿន បានពាំនាំនូវសមានចិត្តចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំនិងសោកស្តាយជាទីបំផុតចំពោះការបាត់បង់នូវស្វាមី ជាឪពុក និងជាជីតា ព្រមទាំងញាតិមិត្តជិតឆ្ងាយនៃក្រុមគ្រួសារសពដោយក្តីសោកស្តាយជាទីបំផុត ចំពោះការបាត់បង់នូវ អតីតនាយទាហានជាន់ខ្ពស់ ដែលមានគុណបំណាច់ ក្នុងបុព្វហេតុបំរើបម្រើសុខសន្តិភាពនារយៈពេលកន្លងមករហូតដល់ថ្ងៃអវសាន្តនៃជីវិតចុងក្រោយ ៕ សុខ ណេត