កម្ពុជា ចង់ឱ្យបង់ក្លាដែសមកវិនិយោគនាំចេញអង្ករពីកម្ពុជាដោយផ្ទាល់

អត្ថបទដោយ៖
CPA

ញូវយ៉ក៖ កម្ពុជា ចង់ឱ្យប្រទេសបង់ក្លាដែសមកវិនិយោគដោយផ្ទាល់ក្នុងការនាំចេញអង្ករដោយការធ្វើឃ្លាំង និងកែច្នៃអង្ករ នាំចេញពីកម្ពុជាទៅបង់ក្លាដែស ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសង្កត់ធ្ងន់ថា គោលបំណងរបស់កម្ពុជា គឺដើម្បីមានស្ថិរភាពនៃការ នាំចេញអង្ករពីកម្ពុជាទៅបង់ក្លាដែស ក្នុងក្របខណ្ឌពង្រីកទំនាក់ទំនងវិស័យពាណិជ្ជកម្ម និងការនាំចេញផលិតផលកសិកម្ម ។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីបង់ក្លាដែសលោកស្រី ស្ហេក ហាស៊ីណា (Sheikh HASINA) នៅទីក្រុងញូវយ៉កនាថ្ងៃទី២២ ខែកញ្ញា នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅភាគីបង់ក្លាដែសថា ចង់ ឲ្យក្រុមហ៊ុនបង់ក្លាដែសចូលមកវិនិយោគធ្វើឃ្លាំង និងកែច្នៃអង្ករ ដើម្បីនាំចេញពីកម្ពុជាទៅបង់ក្លាដែស បន្ថែមទៀត។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា កន្លងមកបង់ក្លាដែសបានចរចាទិញអង្ករពីកម្ពុជា ប្រមាណ ២០ម៉ឺនតោនទៅហើយ ខណៈដែលបច្ចុប្បន្នកម្ពុជាមានស្រូវប្រមាណជាង៦លាន៧សែនតោន និងអង្ករប្រមាណ ៤លាន២សែនតោនហើយសម្ដេចតេជោនាយករដ្ឋមន្ត្រីថា កម្ពុជានឹងផ្តល់ឱកាសដល់បង់ក្លាដែសមកវិនិយោគផលិតអង្ករនាំចេញទៅប្រទេសខ្លួន។

ជាការឆ្លើយតប លោកស្រី ហាស៊ីណា បានលើកឡើងថា បង់ក្លាដែសតែងងាយរងគ្រោះពីទឹកជំនន់ដែលប៉ះពាល់ដល់សន្តិសុខស្បៀងក្នុងស្រុក ដូច្នេះបង់ក្លាដែសត្រូវការទិញអង្ករពីក្រៅប្រទេស ដែលលោកស្រីបានអះអាង ថាលោកស្រីបានស្នើទៅកាន់វិស័យឯកជននានាឱ្យមកវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេសលើវិស័យកសិកម្ម និងការនាំចេញអង្ករ។
ជុំវិញការជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បង់ក្លាដែស និងធុរកិច្ច ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការកសិកម្មនេះ នាយករដ្ឋមន្ត្រីបង់ក្លាដែសបានគូសបញ្ជាក់ដូច្នេះថា៖ «តាមរយៈនេះយើងអាចមានកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីបង្កើនការតភ្ជាប់រវាងប្រទេសទាំងពីរ តាមរយៈការធ្វើពាណិជ្ជកម្ម និងធុរកិច្ច ខាងយើងខ្ញុំនឹងខិតខំប្រឹងប្រែងក្នុងការធ្វើឲ្យមានកិច្ចព្រមព្រៀងទីផ្សារសេរីសម្រាប់ប្រទេសទាំងពីរ ដើម្បីបង្កើនឱកាសបន្ថែមទៀត»។

ភាគីកម្ពុជាក៏បានសាទរនឹងគំនិតរបស់នាយករដ្ឋមន្រ្តីបង់ក្លាដែស ទាក់ទិននឹងកិច្ចព្រមព្រៀងទីផ្សារសេរីកម្ពុជា-បង់ក្លាដែស ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនយល់ស្របថាដើម្បីជំរុញកំណើនពាណិជ្ជកម្ម នៃប្រទេសទាំងពីរឲ្យកាន់តែមានទំហំទ្វេឡើង ហើយកម្ពុជាក៏កំពុងស្វែងរកដៃគូបន្ថែមទៀត ដើម្បីបង្កើនពាណិជ្ជកម្ម និងធុរកិច្ចនៃប្រទេសទាំងពីរ។

ទាក់ទិននឹងរឿងនេះ លោកលន់ យ៉េង អគ្គលេខាធិការ នៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា(Cambodia Rice Federation – CRF) បានឲ្យដឹងថា បង់ក្លាដែសជាប្រទេសមួយដែលមានចំនួនប្រជាជនច្រើន និងដែលត្រូវការស្រូវអង្ករជាចាំបាច់។ កន្លងមក ប្រទេសបង់ក្លាដែសច្រើននាំចូលអង្ករពីប្រទេសក្បែរខាងតួយ៉ាង ភូមា ឥណ្ឌា ប៉ាគីស្ថាន ដែលអាចមានតម្លៃធូរថ្លៃសម្រាប់ខ្លួន។ ចំណែកកម្ពុជាវិញ លោកថា បង់ក្លាដែសធ្លាប់នាំចូលអង្ករពីកម្ពុជាកាលពីឆ្នាំ ២០១៨ ប្រមាណជា ៣៥ ០០០តោន ប៉ុន្តែ ដោយបញ្ហាតម្លៃ និងការសជញ្ជូន ការនាំចេញក៏ត្រូវបានផ្អាកជាបណ្តោះអាសន្ន។

លោកលន់ យ៉េង បញ្ជាក់ថា កន្លងមកភាគីបង់ក្លាដែសក៏បានធ្វើសំណើរចរចាទិញអង្ករពីកម្ពុជាបន្ថែមទៀតដែរ ហើយខាងសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងពាណិជ្ជកម្ម កំពុងសិក្សាពីលទ្ធភាពដែលអាចនាំចេញអង្ករពីកម្ពុជាទៅបង់ក្លាដែសជាបន្តទៀត។

អគ្គលេខាធិការ CRF បន្ថែមទៀតថា កន្លងមកបង់ក្លាដែសក៏បានចុះអនុស្សរណៈយោគយល់( MoU) ជាមួយក្រសួងពាណិជ្ជកម្មកម្ពុជារួចហើយដែរក្នុងការទិញយកអង្ករសរុប ២០ម៉ឺនតោន។ «យើងបានចុះ MoU រួចហើយ ប៉ុន្តែអ្វីជាបញ្ហាគឺការអនុវត្តដូចជាបញ្ហាតម្លៃ យន្តការនៃការទូទាត់ និងបញ្ហាដឹកជញ្ជូន ដែលកម្ពុជាច្រើនដឹកតាមកុងតឺន័រចំណែកបង់ក្លាដែសច្រើនដឹកជាបាវទៅវិញ ដែលរៀបម្តង ២ម៉ឺនតោន ឬ៣ម៉ឺនតោនហ្នឹង។ កន្លងមកកម្ពុជាមិនទាន់បានធ្វើទេ ព្រោះនៅផែយើងសូម្បីកប៉ាល់ ៣ម៉ឺនតោនហ្នឹងក៏ចូលមិនបានដែរ អ៊ីចឹងយើងកំពុងសិក្សាមើលដើម្បីធ្វើកិច្ចការហ្នឹងបានជោគជ័យ »។

បើតាម លន់ យ៉េង កន្លងមកបង់ក្លាដែសនិងបណ្តាប្រទេសមួយចំនួនទៀត ក្រៅពីសហភាពអឺរ៉ុបដែលមានក្រុមហ៊ុនឯកជនទិញដូរនោះ គឺសុទ្ធតែជាការទិញដូរតាមរយៈការចរចារវាងរដ្ឋនិងរដ្ឋ ហើយអ្វីជាឧបសគ្គរវាងបង់ក្លាដែសនិងកម្ពុជាលើការនាំចេញអង្ករនេះគឺការចរចាតម្លៃ។ លោកក៏សាទរផងដែរចំពោះ វត្តមានក្រុមហ៊ុនបង់ក្លាដែសដែលចង់មកវិនិយោគស្រូវអង្ករនៅកម្ពុជា តែលោកឆ្លៀត លើក ឡើង ដែរ ថា សព្វថ្ងៃកម្ពុជាក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការនាំចូលអង្ករទៅបង់ក្លាដែសដែរ តែអ្វីដែលសំខាន់ គឺភាគីបង់ក្លាដែសផ្តល់តម្លៃសមរម្យជូន ។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសហព័ន្ធស្រូវអង្ករកម្ពុជានាដើមខែកញ្ញានេះ រយៈពេល ៨ខែ ក្នុងឆ្នាំ២០២២ នេះ កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសសរុបជិត ៣៩ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួនរង្វង់ ២៤៣លានដុល្លារ ក្នុងនោះ ប្រទេសចិនបានឈរនៅលំដាប់ទី១ ដែលស្មើនឹងអាត្រា ៤៦% បារាំងឈរនៅលំដាប់ទី២ ក្នុងអាត្រា ១៥% ចំណែកម៉ាឡេស៊ីឈរនៅលំដាប់ទី៣ ក្នុងអាត្រា ៦% ព្រមទាំងបណ្តាប្រទេសចំនួន ៥១ផ្សេងទៀតក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក។

របាយការណ៍ដែលផ្តល់ឲ្យពីក្រសួងកសិកម្មវិញឲ្យដឹងថា ការនាំចេញអង្ករដែលកម្ពុជាសម្រេចបានចំនួនជិត ៣៩ម៉ឺនតោន ក្នុងរយៈពេល ៨ខែ នាឆ្នាំ២០២២ នេះ បានកើន ក្នុងអាត្រា ១៣,២៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner