អ្នកនាំពាក្យក្រសួងព័ត៌មានច្រានចោលចំពោះការចោទប្រកាន់អង្គការការពារសិទ្ធិពលរដ្ឋ និងសង្គមស៊ីវិល

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបានច្រានចោលចំពោះការចេញផ្សាយរបាយការណ៍របស់អង្គការការពារសិទ្ធិពលរដ្ឋ និងសង្គមស៊ីវិល (CIVICUS) លើស្ថានភាពសារព័ត៌មាននៅកម្ពុជាស្ថិតក្រោមការវាយប្រហារ និងប្រឈមមុខនឹងការយាយីជាច្រើនទម្រង់ គឺមិនបានឆ្លុះបញ្ចាំងអំពីស្ថានភាពពិតប្រាកដ និងជាក់ស្តែងនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ។ វាជាការវាយតម្លៃមួយ ដែលប្រមូលព័ត៌មានតែមួយផ្នែកតូច ឬតែពីមួយជ្រុង និងពុំបានធ្វើសិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់ពីគ្រប់ភាគីពាក់ព័ន្ធនោះទេ។

ការច្រានចោលនេះ បានធ្វើឡើងបន្ទាប់ពីអង្គការការពារសិទ្ធិពលរដ្ឋ និងសង្គមស៊ីវិល (CIVICUS) កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញរបាយការណ៍ និងបានចោទប្រកាន់ថា សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាបន្តរងការបំពាន… អ្នកកាសែតរងការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ ធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យស្ថិតក្នុងស្ថានភាពគំរាមកំហែងយ៉ាងខ្លាំង។

ឆ្លើយតបទៅនិងរបាយការណ៍នេះ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី២៣ ខែកញ្ញានេះថា ការលើកឡើងក្នុងរបាយការណ៍នេះ គឺជាការវាយតម្លៃដោយភាពលម្អៀង និងមិនបានឆ្លុះបញ្ចាំងឱ្យបានគ្រប់ជ្រុងជ្រោយអំពីស្ថានភាពពិតប្រាកដ និងជាក់ស្តែងនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ។ វាជាការវាយតម្លៃមួយ ដែលប្រមូលព័ត៌មានតែមួយផ្នែកតូច ឬតែពីមួយជ្រុង និងពុំបានធ្វើសិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់ពីគ្រប់ភាគីពាក់ព័ន្ធនោះទេ។ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា សិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិសេរីភាពខាងការបោះពុម្ពផ្សាយ និងការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន ត្រូវបានធានាដោយច្បាប់របបសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ឈរលើមូលដ្ឋាននេះ អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានប្រកបដោយភាពចម្រុះ កំពុងអនុវត្តវិជ្ជាជីវៈ និងសិទ្ធិសេរីភាពរបស់ខ្លួន ដោយសេរី គ្មានការរើសអើង គ្មានការប្រកាន់ទស្សនៈនយោបាយ និងអាចបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានដោយសេរីគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា។

ប្រភពដដែលបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ សារព័ត៌មាននៅកម្ពុជា មានវិវត្តរីកចម្រើនជាលំដាប់ទាំងវិសាលភាព និងមធ្យោបាយនៃការផ្សព្វផ្សាយ ដែលអាចអនុញ្ញាតឱ្យអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានកាន់តែមានភាពងាយស្រួល និងឆាប់រហ័សបន្ថែមទៀត ក្នុងការផ្សព្វផ្សាយព័ត៌មាននានាជូនដល់សាធារណៈជន ហើយសាធារណៈជនក៍អាចទទួលបានព័ត៌មានយ៉ាងសំបូរបែប គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ជាក់ស្តែងគិតត្រឹមខែសីហា ឆ្នាំ២០២២នេះ ក្រសួងព័ត៌មាន បានចេញអាជ្ញា័បណ្ណ និងបន្តសុពលភាពអាជ្ញាបណ្ណដល់អង្គភាពសារព័ត៌មានជាតិ និងបរទេ (ទាំងបែបប្រពៃណី និងទាំងបែបទំនើប) មានចំនួន២១៥៤អង្គភាព ដែលចំនួននេះ មានការកើនឡើងជារៀងរាល់ឆ្នាំ និងបានចេញបណ្ណសារព័ត៌មាន និងបន្តសុពលភាព ជូនដល់អ្នកសារព័ត៌មានជាតិ និងបរទេសប្រមាណជិត៥០០០នាក់ ដោយពុំទាន់គិតអំពីបណ្ណសារព័ត៌មានដែលបានចេញដោយអង្គភាពសារព័ត៌មានសាម៉ីផ្ទាល់ ដែលទាំងនេះ បានបង្ហាញពីការធានានូវសិទ្ធិសេរីភាពសារព័ត៌មាន និងការ ប្រកបវិជ្ជាជីវៈសារព័ត៌មាន ដោយសេរី គ្មានការរើសសអើង បៀតបៀន ដូចដែររបាយការណ៍បានលើកឡើងនោះឡើយ៕
ដោយ៖ពលជ័យ

ads banner