ក្រសួងការបរទេសកម្ពុជាបង្ហាញលទ្ធផលនៃកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
ភ្នំពេញ៖ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន (IAMM) ប្រចាំឆ្នាំ ក្នុងឱកាសនៃសម័យប្រជុំលើកទី៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។
កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈអំពីបេក្ខភាពរបស់ប្រទេសជាសមាជិកអាស៊ាន នៅក្នុងស្ថាប័នអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា និងបានឯកភាពគ្នាថា ការបន្តលើកកម្ពស់បេក្ខភាពអាស៊ាន នឹងលើកមុខមាត់ និងសារៈសំខាន់របស់អាស៊ានលើឆាកអន្តរជាតិបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះ កម្ពុជាបានស្វែងរកការគាំទ្រពីប្រទេសជាសមាជិកអាស៊ានដទៃទៀត សម្រាប់សមាជិកភាពរបស់កម្ពុជា នៅក្នុងគណៈកម្មាធិការរៀបចំនៃគណៈកម្មការកសាងសន្តិភាព (Organizational Committee of the Peacebuilding Commission-OCPBC) សម្រាប់អាណត្តិ ២០២៥-២០២៦ និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) សម្រាប់អាណត្តិ ២០២៨-២០៣០។
ចំពោះទំនាក់ទំនងអាស៊ាននិងដៃគូខាងក្រៅ កិច្ចប្រជុំបានស្វាគមន៍ចំពោះការចូលជាសមាជិកនៅក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែលបច្ចុប្បន្នមានចំនួន៤៩ភាគី បន្ទាប់ពីប្រទេសចំនួន៦បន្ថែមទៀត បានចុះហត្ថលេខាលើសន្ធិសញ្ញានេះ កាលពីខែសីហាឆ្នាំនេះ និងបានយល់ព្រមទទួលយកការចូលជាសមាជិករបស់ប្រទេសអេស្ប៉ាញ និងអ៊ុយក្រែន។ ពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ពីថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី បានជម្រាបជូនអង្គប្រជុំអំពីការត្រៀមរៀបចំ និងកម្មវិធីបណ្ដោះអាសន្ន ហើយបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីធានា បាននូវលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលនេះ ក៏ដូចជាកិច្ចសន្ទនាជាសកលរបស់អាស៊ាន លើកទី២ ស្ដីពីការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយក្រោយជំងឺកូវីដ-១៩ ដែលជាព្រឹត្តិការណ៍អមមួយដ៏សំខាន់។
ក្រៅពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន អង្គប្រជុំក៏បានផ្លាស់ប្តូរទស្សនៈយោបល់គ្នាអំពីស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា និងការតាមដានអនុវត្តន៍ការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ាន កាលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រួមជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានផ្សេងៗទៀត បានបញ្ជាក់សារជាថ្មីពីសារៈសំខាន់នៃការពន្លឿនវឌ្ឍនភាពក្នុងការអនុវត្ត 5PC នៅក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់នៃភាពតានតឹងភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ននេះ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ