សិក្ខាកាមគ្រូបង្រៀន គ្រូអប់រំកាយ និងតំណាងការិល័យយុវជនអប់រំកាយ និងកីឡាខណ្ឌចំនួន៤បញ្ចប់សិក្ខាសាលា ការសិក្ខាស្រាវជ្រាវថ្នាក់អប់រំកាយដោយជោគជ័យ
ភ្នំពេញ៖ សិក្ខាកាមដែលជាគ្រូបង្រៀនថ្នាក់បឋមសិក្សា គ្រូអប់រំកាយមធ្យមសិក្សាទុតិយភូមិ និង មន្រ្តីការិល័យអប់រំយុវជននិងកីឡា ចំនួន៥៦នាក់ មកពី៤ខណ្ឌ មាន ខណ្ឌជ្រោយចង្វា ខណ្ឌ៧មករា ខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង បានបញ្ចប់សិក្ខាសាលាការសិក្ខាស្រាវជ្រាវថ្នាក់អប់រំកាយ ដែលរៀបចំអង្គការក្រៅរដ្ឋាភិបាលបេះដូងមានរយៈពេល៣ថ្ងៃ នៅវិទ្យាល័យព្រះស៊ីសុវត្ថ ដោយជ័យ ។
លោក MORI Hirotaka អ្នកសម្របសម្រួលគម្រោងនៃអង្គការបេះដូងមាស បានលើកឡើងថា មូលហេតុដែលនាំឱ្យមានសិក្ខាសាលានេះឡើង ដោយយោងអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ស្ថិតក្រោមកម្មវិធីភាពជាដៃគូរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា JICA” ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីគម្រោង “អប់រំកាយសម្រាប់ទាំងអស់គ្នា” គឺការសិក្សាគុណភាពអប់រំកាយចាប់ពីបឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ ដែលត្រូវអនុវត្តចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៥។
លោក បញ្ជាក់ទៀតថា សិក្ខាសាលារយៈពេល៣ថ្ងៃនេះ បានរៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបមុខវិជ្ជាអប់រំកាយដែលត្រូវអនុវត្តក្នុងបង្ហាត់សិស្សស្សានុសិស្សនៅក្នុងសាលាឲ្យមានប្រសិទ្ធិភាព ដើម្បីឲ្យសិស្សទទួលបាននូវការអប់រំកាយត្រឹមត្រូវស្របតាមស្តង់ដារ ដែលអាចធ្វើឲ្យពួកចេះនៅជំនាញកីឡាច្បាស់លាស់ ហើយ ជួយឲ្យពួកគេអាចក្លាយជាកីឡាករអាជីពនៅថ្ងៃអនាគតផងដែរ។
អ្នកសម្របសម្រួលរូបនេះ អះអាងទៀតថា ក្នុងរយៈពេល៣ថ្ងៃនៃសិក្ខាសាលាការសិក្ខាស្រាវជ្រាវថ្នាក់អប់រំកាយនេះ សិក្ខាកាមទាំងអស់បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការសិក្សាស្រាវជ្រាវរួមគ្នា ដើម្បីក្រេបជញ្ជក់យកចំណេះដឹងដែលផ្តល់ឲ្យតាមរយៈអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរបស់យើង។ លោក សង្ឈឹមជឿជាក់ថា ក្រោយពីបញ្ចប់សិក្ខាសាលារយៈពេល៣ថ្ងៃនេះ សិក្ខាកាមទាំងអស់ត្រឡប់ទៅកាន់សាលារៀនវិញ ធ្វើការចែករំលែកដល់សិស្សានុសិស្សអំពីគុណភាពអប់រំកាយ ស្តីអំពីវិជ្ជាសម្បទា ចរិយាសម្បទា និងបំណិនសម្បទា ដែលជួយឲ្យសិស្សទទួលបាននូវពុទ្ធិទទួលបានពីសាលាយកទៅប្រើប្រាស់នៅក្នុងគ្រួសារនិងសហគមន៍។
លោក Saito Kazuhiko សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Hiroshima ប្រទេសជប៉ុន មានប្រសាសន៍ថា ថ្វីត្បិតវគ្គសិក្សារយៈពេល៣ថ្ងៃមានរយៈពេលខ្លីពិតមែន ប៉ុន្តែអ្វីដែលលោកជួយបាន គឺលោកជួយអស់ពីចិត្ត ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅកាន់លោកគ្រូអ្នកគ្រូ។ ដូច្នោះនេះជាឱកាសមួយនៃការបើកឆាកលើការផ្សព្វផ្សាយកម្មវិធីអប់រំកាយនៅកម្ពុជា។ លោក សង្ឃឹម លោក គ្រូអ្នកគ្រូដែលបានសិក្សាក្នុងវគ្គសិក្សានេះ យកចំណេះដឹងទទួលបានទាំងអស់យកទៅជួយក្នុងកម្មវិធីអប់រំកាយនៅតាមសាលារបស់ខ្លួនប្រកដដោយប្រសិទ្ធិភាព ។
ឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍លើកឡើងថា មុខវិជ្ជាអប់រំកាយនិងកីឡាពីមុនមកមិនមានកម្មវិធីសម្រាប់បង្រៀនឡើយ ម៉ោងកីឡាមានតែលំហាត់ប្រាណលើកដៃលើកជើងបន្តិចបន្ទួចហើយគ្រូបោះបាល់ទាត់ គឺចាប់តែម្តង ប៉ុន្តែមកដល់បច្ចុប្បន្ននេះ មុខវិជ្ជាអប់រំកាយបែបថ្មីសម្រាប់បង្ហាត់សិស្សនៅក្នុងកម្មវិធីសិក្សាក្នុងសាលារៀនគឺបានចង់ក្រងជាមុនវិជ្ជាយ៉ាងច្បាស់លាស់ពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស។ដូច្នោះហើយនេះជាជោគជ័យធំធេងណាស់សម្រាប់ប្រទេសកម្ពុជា លើជំហ៊ានអភិវឌ្ឍកីឡានៅតាមសាលារៀន។
ឯកឧត្តម បានគូសបញ្ជាក់ទៀតថា មុខវិជ្ជាអប់រំកាយបែបថ្មីនេះ ពិតជាមាសារៈសំខាន់ខ្លាំងណាស់ចំពោះសិស្សនុសិស្សស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលប្រជាជបម្នាក់ចេះលេងកីឡាមួយមុខ ដោយហេតុថាមុខវិជ្ជាអប់រំកាយបែបថ្មីមានលក្ខណៈចង្អុលទិសសម្រាប់សិស្សនូវប្រភេទកីឡាមួយដែលពួកគេចូលចិត្តហ្វឹកហាត់តាមការណែនាំពីលោកគ្រូអ្នកគ្រូចាប់ពីថ្នាក់បឋមរហូតថ្នាក់ទី១២ធ្វើឲ្យពួកគេអាចក្លាយខ្លួនជាកីឡាករកីឡាការិនីអាជីពក្នុងប្រភេទកីឡាណាមួយផងដែរ។
ឯកឧត្តម បានសូមណូមពរឲ្យសិក្ខាកាមដែលជាគ្រូបានចូលរួមសិក្ខាសាលា ការសិក្ខាស្រាវជ្រាវថ្នាក់អប់រំកាយរយៈពេល៣ថ្ងៃនេះយកចំណេះដឹងទទួលបានពីអង្គការបេះដូងមាសទៅអនុវត្តឲ្យមានប្រសិទ្ធិភាពនៅតាមសាលារៀនរបស់ខ្លួនឲ្យបានល្អប្រសើរ ដើម្បីឲ្យសិស្សទទួលបាននូវជំនាញអប់រំកាយត្រឹមត្រូវអាចអភិវឌ្ឍសមត្ថភាពក្លាយជាកីឡាករកីឡាការិនីឆ្នើមនិងសក្កានុពលសម្រាប់កម្ពុជានាថ្ងៃអណាគត។
សូមបញ្ជាក់ថា សិក្ខាសាលា ការសិក្ខាស្រាវជ្រាវថ្នាក់អប់រំកាយរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសមានសិក្ខាកាមចូលរួមចំនួន៥៦នាក់ មកសាលាបឋមសិក្សា មធ្យមសិក្សាទុតយភូមិ និងមន្រ្តីការិយាល័យអប់រំកាយនិងកីឡា ចំនួន៤ខណ្ឌ មាន ខណ្ឌជ្រោយចង្វា ខណ្ឌ៧មករា ខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង៕អត្ថបទ ជាវ ចន្ធូ