ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប និងមន្ត្រីរាជការ បាននាំទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគយកទៅប្រគេនព្រះសង្ឃក្នុងឱកាសកាន់បិណ្ឌវេនទី១៣ នៅវត្តដំណាក់ ក្រុងសៀមរាប
សៀមរាប៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមរាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប បានដឹកនាំមន្ត្រីក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប និងមន្ទីរអង្គភាពស្ថាប័ននានាក្នុងខេត្ត បាននាំយកនូវទេយវត្ថុគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនប្រគេនដល់ព្រះភិក្ចុសង្ឃគង់នៅវត្តដំណាក់ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
សម្តេចពិជ័យសេនា បានបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតនត្រៃ និងរាប់បាត្រ ព្រមទាំងបាននាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ បច្ច័យប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមាន មាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន សូមឱ្យដួងវិញាណក្ខន្ធទាំងអស់នោះ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រគេនទេយ្យវត្ថុមាន គ្រឿងឧបភោគបរិភោគចំនួន ១២មុខ និងថវិកាចំនួន ១១លានរៀល ព្រមទាំងប្រាក់ដុល្លារ ៨ពាន់២រយដុល្លារ ហើយបានវេរប្រគេនដល់ព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាក្នុងវត្តដំណាក់ ដែលជាចតុបច្ច័យមួយចំណែកសម្រាប់តំកល់ទុកក្នុងការកសាងនៃទីអារាមវត្ត ព្រមទាំងបានប្រគេននូវសាដក និងបច្ច័យមួយចំនួនដល់ព្រះសង្ឃទាំង ១០០អង្គ និងសីលវ័ន្ត សីលវត្តី ចំនួន ៤០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ ៕ ដោយ ស៊ាន សុផាត