រដ្ឋបាលខេត្តព្រះសីហនុបង្ហាញលទ្ធផលប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលទីតាំងឈ្មោះ ប៉ាវយ៉ុង តិចណូឡូជី
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុបង្ហាញលទ្ធផលប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលទីតាំងឈ្មោះ ប៉ាវយ៉ុង តិចណូឡូជី ស្ថិតនៅដីឡូត៌ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២២ ត្រឹមម៉ោង ១២ និង ០០នាទីថ្ងៃត្រង់។
បន្ទាប់ពីមានការឯកភាពក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយ នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថាប័នជំនាញពាក់ ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងឈ្មោះ ប៉ាវ យ៉ុងតិចណុឡូជី មានចំនួន០១អគារ រាងជាអក្សរអ៊ុយ (U) (អគារ A, B និង C) ដោយពិនិត្យលើស្ថានភាពទីតាំងអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ការស្នាក់នៅនិងការបម្រើការងាររបស់ជនបរទេស ព្រមទាំងស្រាវជ្រាវស៊ើបអង្កេតបទល្មើសបង្ខាំងមនុស្សដោយខុសច្បាប់ ការធ្វើទារុណកម្ម បទល្មើសជួញដូរមនុស្ស និងបទល្មើសល្បែងខុសច្បាប់ ដោយបើប្រាស់កម្លាំងសរុប ១៣៧រូប ទទួលបានលទ្ធផលដូចខាងក្រោម៖
ទីតាំងឈ្មោះ ប៉ាវយ៉ុងតិចណូឡូជី មានចំនួន០១អគារ មានកំពស់១០ជាន់ មានបន្ទប់សរុបចំនួន៤៣៧បន្ទប់ (បន្ទប់ស្នាក់នៅមានចំនួន ៤១០បន្ទប់, បន្ទប់ធ្វើការមានចំនួន ២៧បន្ទប់ អាហារដ្ឋានមានចំនួន ៣ហាងផ្សារទំនើប (Mart)០១, ហាងលក់ផ្លែឈើ០១, ហាងកាត់សក់០១, ឱសថស្ថាន ០១, ហាងមិនដំណពើរ ០១ និងបន្ទប់ទទួលភ្ញៀវ ០១កន្លែង) មានជនបរទេសសរុប៥៩៧នាក់ (ស្រី ៨២នាក់) មាន០៥សញ្ជាតិ។
ក្នុងប្រតិបត្តិការរយៈពេល ០៤ថ្ងៃនេះ កម្លាំងចម្រុះដឹកនាំដោយគណៈបញ្ជាការឯកភាពខេត្ត បានរកឃើញនូវជនបរទេសខុសច្បាប់អន្តោប្រវេសន៍ចំនួន ១៨៤នាក់ ស្រី២១នាក់ មាន០៣សញ្ជាតិ ក្នុងនោះមានជនជាតិចិនចំនួន ១០០នាក់ (ស្រី០២នាក់) ជនជាតិវៀតណាមចំនួន ៧៩នាក់ (ស្រី១៨នាក់) និងជនជាតិម៉ាឡេស៊ីចំនួន ០៥នាក់ (សី ០១នាក់) ដោយបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្ដេញចេញពីព្រះរាជាណាកច្រកម្ពុជា។ ក្នុងនោះផងដែរ មានជនបរទេសចំនួន ៣៥៧នាក់ (ស្រី ៤៩នាក់) ត្រូវបានពិនិត្យឃើញថា បានបម្រើការងារដោយគ្មានបណ្ណការងារ ហើយត្រូវបានផាកពិន័យដោយជំនាញមកពីនាយកដ្ឋានជន បរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួចទើបអនុញ្ញាតអោយស្នើសុំបណ្ណការងារពីមន្ទីរការងារ។ អង្គភាពទាំងពីរបានប្រមូលអាករចេញពីការផាកពិន័យ និងការផ្តល់បណ្ណការងារសរុបបានចំនួន ២១១,២៤០,០០០រៀល។
តាមការត្រួតពិនិត្យពីសមត្ថកិច្ចជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយសមត្ថកិច្ចជំនាញប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន និងជំនាញនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ពុំឃើញមានសញ្ញណបទល្មើសបង្ខាំង ធ្វើទារុណកម្ម ជួញដូរមនុស្ស និងល្បែងស៊ីសងអនឡាញខុសច្បាប់នោះទេ ប៉ុន្តែសង្ស័យពាក់ព័ន្ធ ករណីទិញលក់រូបិយបណ្ណ និងវិនិយោគភាគហ៊ុន ដោយគ្មានច្បាប់អនុញ្ញាត ប្រើប្រាស់កម្លាំងពលកម្មបរទេសដោយ ខុសច្បាប់ ការរឹតត្បិតសេរីភាពចំពោះការដើរហើរចេញពីទីតាំងរួមទៅខាងក្រៅ និងធ្វើការងារលើសម៉ោង។ ជាមួយ គ្នានេះ ជនបរទេសចំនួន ២៧នាក់ ស្រី ១០នាក់ ត្រូវបានសាកសួរពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងជួញដូរកម្លាំង ពលកម្ម ការព្យាយាមរត់គេចចេញពីការត្រួតពិនិត្យរបស់សមត្ថកិច្ច និងការនាំចេញពីទីតាំងនូវសាច់ប្រាក់ចំនួនច្រើន ខុសប្រក្រតី។ ក្រោយបញ្ចប់ការសាកសួរ ជនបរទេសដែលមានឯកសារធ្វើដំណើរគ្រប់គ្រាន់ និងស្របច្បាប់ត្រូវបាន ធ្វើកិច្ចសន្យាអប់រំ និងអនុញ្ញាតអោយចាកចេញពីទីតាំង ដោយឡែកជនបរទេសដែលខុសច្បាប់អន្តោប្រវេសន៍ត្រូវ បន្តគ្រប់គ្រងដោយសមត្ថកិច្ចជំនាញមកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។
ក្នុងប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលលើទីតាំងឈ្មោះ ប៉ាវយ៉ុងតិចណូឡូជី អាជ្ញាធរបានរកឃើញថាទីតាំងនេះ បានដំណើរការ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនលើវិស័យជួញដូរភាគហ៊ុន និងរូបិយបណ្ណ ដោយគ្មានច្បាប់អនុញ្ញាត ព្រមទាំងពិនិត្យឃើញថាបានប្រើប្រាស់នូវកម្លាំងពលកម្មបរទេសដោយខុសច្បាប់ និងបង្ខំអោយបុគ្គលិកបម្រើការងារ លើសម៉ោងកំណត់ដោយច្បាប់ការងារ។ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគោលការណ៍ឯកភាពគ្នាជារួមពីជំនាញពាក់ព័ន្ធ គណៈបញ្ជាការឯកភាព ខេត្តព្រះសីហនុសម្រេចដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖
-ធ្វើកិច្ចសន្យាអប់រំដល់ជនបរទេសដែលស្របច្បាប់ និងជនបរទេសដែលបានផាកពិន័យអន្តោប្រវេសន៍និងផ្តល់ប័ណ្ណការងាររួចរាល់ អនុញ្ញាតអោយចាកចេញពីទីតាំងដោយស្ម័គ្រចិត្ត។
-បញ្ចូនជនបរទេសជនជាតិចិន និងជនបរទេសផ្សេងទៀត ដែលខុសច្បាប់អន្តោប្រវេសន៍ ទៅនាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំនីតិវិធីបណ្ដេញចេញពីកម្ពុជា។
-បញ្ជូនជនបរទេសជនជាតិវៀតណាម ដែលខុសច្បាប់អន្តោប្រវេសន៍ ជូនស្ថានទូតវៀតណាម ដើម្បីសម្របសម្រួលបញ្ចូនចេញពីកម្ពុជា។
-ធ្វើកិច្ចសន្យាអប់រំចំពោះតំណាងម្ចាស់ទីតាំង អោយបញ្ឈប់សកម្មភាពខុសច្បាប់ និងបានប្រគល់ទីតាំងទៅ តំណាងម្ចាស់ទីតាំងវិញដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហានានាស្របតាមច្បាប់ការងារ ព្រមទាំងបន្ត សហការជាមួយអាជ្ញាធរ ចំពោះការស៊ើបអង្កេតលើបទល្មើសនានាដែលមានក្នុងទីតាំង។
រដ្ឋបាលខេត្តព្រះសីហនុ នឹងបន្តធ្វើការត្រួតពិនិត្យរដ្ឋបាលដូចភ្លៀងរលឹមនៅតាមបណ្ដាទីតាំងអាជីវកម្មដែល សង្ស័យមិនមានច្បាប់អនុញ្ញាត ព្រមទាំងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះម្ចាស់អាជីវកម្ម ក្នុងករណីរកឃើញ បទល្មើស រហូតដល់ភូមិសាស្ត្រខេត្តព្រះសីហនុទាំងមូលលែងមានបញ្ហាទាំងនេះ៕
ដោយ៖ពលជ័យ