កម្ពុជា បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសហ្កំប៊ី និងប្រេស៊ីល

ភ្នំពេញ៖ នៅក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា មានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេសហ្កំប៊ី និងប្រស៊ីល ដើម្បីពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ នៅក្នុងថ្ងៃដដែលនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។ នេះបើយោងតាមសេចក្តីព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួងការបរទេសកម្ពុជាបានបន្តថា ជំនួបជាមួយ ឯកឧត្តមបណ្ឌិត Mamadou Tangara រដ្ឋមន្រ្ដីការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ និងអណិកជនហ្កំប៊ី នៃសាធារណរដ្ឋហ្កំប៊ី៖
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង ឯកឧត្តមបណ្ឌិត Mamadou Tangara បានឯកភាព រៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការនៅលើគ្រប់វិស័យដែលមានសក្តានុពលភាព រួមទាំង វិស័យកសិកម្មផង រវាងកម្ពុជា និងប្រទេសហ្កំប៊ី។ ដើម្បីអាចដំណើរការបាន ភាគីទាំងពីរបានយល់ស្របគ្នាធ្វើយ៉ាងណាសម្រេចឱ្យបានឆាប់នូវកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការនៃប្រទេសទាំងពីរ ដែលនឹងជួយសម្រួលដល់ការផ្លាស់ប្តូរមន្រ្តីរាជការ រួមទាំងរវាងស្ថាប័ន នីតិប្បញ្ញត្តិផងដែរ។ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាពគ្នាថា ភាគីទាំងពីរគួរគិតគូអំពីការបង្កើតកុងស៊ុលកិត្តិយសនៅក្នុងប្រទេសរៀងៗខ្លួន ដើម្បីជំរុញការភ្ជាប់ទំនាក់ទំនង និងធុរកិច្ច។ ភាគី ទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជា-ហ្កំប៊ី និងការគាំទ្របេក្ខភាពគ្នាទៅវិញទៅមកនៅក្នុងអង្គការតំបន់ និងអន្តរជាតិនានា។

ក្រសួងការបរទេសបានបន្តទៀតថាជំនួបជាមួយ ឯកឧត្តម Carlos Alberto Franco França រដ្ឋមន្ត្រីការបរទេសប្រេស៊ីល៖
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរប្រេស៊ីលដែលទើបទទួលបានឋានៈជាដៃគូ សន្ទនាតាមវិស័យរបស់អាស៊ាន និងបានឯកភាពជាមួយសមភាគីប្រេស៊ីលរបស់ឯកឧត្តមថា នៅមានវិស័យសក្តានុពលជាច្រើនទៀតសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-ប្រេស៊ីល និងកម្ពុជា-ប្រេស៊ីល។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានសម្តែងសុទិដ្ឋិនិយមថា កិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការបរទេសកម្ពុជា និងប្រេស៊ីល ដែលនឹងប្រព្រឹត្តទៅក្នុងខែធ្នូឆ្នាំនេះ នឹងពង្រីកទំហំពាណិជ្ជកម្មនិងការវិនិយោគ ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ នៅក្នុងជំនួបនេះដែរ ឯកឧត្តម Carlos Alberto Franco França បានបង្ហាញពីបំណងចង់បើក ស្ថានទូតប្រេស៊ីលប្រចាំនៅកម្ពុជា នាពេលខាងមុខ។ ឯកឧត្តម ក៏បានស្វាគមន៍ចំពោះបំណងរបស់កម្ពុជាចង់បើកស្ថានទូតរបស់ខ្លួន នៅទីក្រុង Brasilia នាពេលខាងមុខផងដែរ។ លើសពីនេះ រដ្ឋមន្ត្រី ទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា-ប្រេស៊ីល និងបានសន្យាបង្កើនការគាំទ្រគ្នាក្នុងក្របខ័ណ្ឌអន្តរជាតិ។

ប្រភពដដែលបានបន្តថា ជំនួបជាមួយលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងស្និទ្ធស្នាលជាមួយលោកជំទាវ Louise Mushikiwabo ស្តីពីការជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ជាពិសេសក្នុងការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការ វិនិយោគនៅក្នុងរង្វង់អង្គការនេះ។ ភាគីទាំងពីរបានយល់ស្របគ្នាថា មានវិស័យសក្តានុពលជាច្រើនដែលសមាជិក OIF អាចសហការគ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមក ដូចជាវិស័យកសិកម្ម និងថាមពលកកើតឡើងវិញ។ លោកជំទាវ Louise Mushikiwabo បានរំឮកឡើងវិញដោយក្តីរីករាយក្រៃលែងអំពីទស្សនកិច្ចនៅកម្ពុជាប្រកបដោយជោគជ័យរបស់លោកស្រី កាលពីខែមីនាឆ្នាំនេះ៕
ដោយ៖ពលជ័យ

ads banner