សម្ដេចតេជោ ហ៊ុន សែន ៖ ពិភពលោកនាពេលនេះ កំពុងជួបនូវភាពមិនប្រាកដប្រជា កាន់តែធ្ងន់ធ្ងរឡើងៗ
អាមេរិក៖ ក្នុងពេលឡើងថ្លែងការណ៍នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ពិភពលោកនាពេលនេះ កំពុងជួបនូវភាពមិនប្រាកដប្រជា កាន់តែធ្ងន់ធ្ងរឡើងៗ។
![](https://asset.ams.com.kh/central/media/2022/09/photo_2022-09-24_01-35-16-1024x566.jpg)
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវិត្តកម្មចំពោះបញ្ហាប្រឈម ប្រទាក់ក្រឡាគ្នា» នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ ថា ពិតជាសមស្របនឹងបរិការណ៍បច្ចុប្បន្ន។
![](https://asset.ams.com.kh/central/media/2022/09/photo_2022-09-24_01-35-38-1024x585.jpg)
សម្ដេចតេជោ បានបន្តថា ភាពមិនប្រាកដប្រជាជាសកល កាន់តែមានសភាពធ្ងន់ធ្ងរឡើងៗ តាមរយៈការកើនឡើងនូវភាពតានតឹងនៃជម្លោះប្រដាប់អាវុធ ការប្រណាំងប្រជែងសព្វាវុធ ការកើនឡើងនៃសម្ព័ន្ធភាពសន្តិសុខខ្នាតតូច សង្គ្រាមបច្ចេកវិទ្យា និងពាណិជ្ជកម្ម ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះពហុភាគីនិយម។
![](https://asset.ams.com.kh/central/media/2022/09/photo_2022-09-24_01-36-02-1024x549.jpg)
សម្ដេចបានបន្តទៀតថា ជាក់ស្តែង សង្គ្រាមនៅអ៊ុយក្រែនបានបង្កភាពស្មុគស្មាញ មិនត្រឹមតែចំពោះទំនាក់ទំនងអន្តរជាតិនៅតំបន់អឺរ៉ុប ប៉ុណ្ណោះទេ ប៉ុន្តែបានបន្ទច់បង្អាក់សកម្មភាពសេដ្ឋកិច្ច ធ្វើឱ្យបញ្ហាសន្តិសុខស្បៀង និងថាមពលកាន់តែយ៉ាប់យ៉ឺន។ ការកើនឡើងនៃអរិភាពរវាងតួអង្គកាន់តែច្រើនឡើងៗ ដោយផ្ទាល់ ឬដោយប្រយោល និងគ្មានសញ្ញានៃការបញ្ចប់ រួមទាំងការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែ បានជះឥទ្ធិពលធ្ងន់ធ្ងរដល់ពិភពលោកជារួម ។
![](https://asset.ams.com.kh/central/media/2022/09/photo_2022-09-24_01-36-28-1024x627.jpg)
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្តទៀតថា ស្ថានការណ៍នៅឧបទ្វីបកូរ៉េ នៅតែជាក្តីព្រួយបារម្ភ ដោយសារការត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ លើកទី៧។ ក្នុងឆ្នាំនេះ កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងរាប់សិបគ្រាប់ ក្នុងការឆ្លើយតបនឹងសមយុទ្ធយោធា។ លើសពីនេះ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញបញ្ហាតៃវ៉ាន់ ក៏បង្កការព្រួយបារម្ភផងដែរ។
![](https://asset.ams.com.kh/central/media/2022/09/photo_2022-09-24_01-36-48-1024x681.jpg)
សម្ដេចតេជោ ហ៊ុន សែន យល់ឃើញថា ជារួមក្នុងបរិការណ៍ដ៏លំបាកនេះ ក្នុងនាមជាប្រទេសមួយដែលទទួលបានបទពិសោធន៍ ក្នុងការរកបាននូវសន្តិភាពដោយលំបាកក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន កម្ពុជាបាននិងកំពុងព្យាយាមចូលរួម ប្រកបដោយការស្ថាបនាជាមួយអង្គការសហប្រជាជាតិ ក្នុងការគាំទ្រនូវសន្តិភាព និងសន្តិសុខអន្តរជាតិ ព្រមទាំងលើកកម្ពស់ការគោរពទៅលើគោលការណ៍ និងគុណតម្លៃជាមូលដ្ឋាននៃធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ៕ ស៊ូ វណ្ណលុក
![](https://asset.ams.com.kh/central/media/2022/09/photo_2022-09-24_01-38-44-2-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/09/photo_2022-09-24_01-38-44-1024x683.jpg)