សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ប្ដេជ្ញាយ៉ាងពេញទំហឹងក្នុងការជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ

អាមេរិក៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ប្ដេជ្ញាយ៉ាងពេញទំហឹងក្នុងការជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា ក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិបទកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា” នៅក្នុងមហាសន្និបាតអង្កការសហប្រជាជាតិ លើកទី៧៧ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ។

សម្ដេចតេជោ បានលើកឡើងថា សម្រាប់ឆ្នាំនេះ កម្ពុជា មានកិត្តិយសក្នុងការធ្វើជាប្រធានអាស៊ាន។ មកដល់បច្ចុប្បន្ន អង្គការនេះមានអាយុ ៥៥ឆ្នាំ ហើយយើងមានមោទនភាពក្នុងការអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់យើង និងសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ ដែលយើងសម្រេចបានជាបន្តបន្ទាប់ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ អាស៊ានអាចមានលទ្ធភាពធ្វើដំណើរឆ្លងកាត់សភាពការណ៍ភូមិសាស្ត្រនយោបាយដែលមានការផ្លាស់ប្តូរឥតឈប់ឈរ ក្លាយជាអង្គការតំបន់ដ៏លេចធ្លោ និងជោគជ័យបំផុត ខណៈដែលមានការបោះជំហានយ៉ាងខ្លាំង ក្នុងការជំរុញភាពជឿទុកចិត្តបាន និងភាពពាក់ព័ន្ធក្នុងកិច្ចការពិភពលោក ។

សម្តេចបន្តទៀតថា ប្រធានបទរបស់យើង អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដែលបង្ហាញពីស្មារតីរឹងមាំនៃការរួបរួមគ្នាគ្របដណ្តប់លើបញ្ហាចម្បងៗទាំងអស់ ។ សម្តេចថា បញ្ហាប្រឈមទាំងនេះ មានផលប៉ះពាល់យ៉ាងទូលំទូលាយលើដំណើរការកសាងសហគមន៍អាស៊ាន និងទំនាក់ទំនងខាងក្រៅរបស់យើង។ ប៉ុន្តែ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានប្តេជ្ញាចិត្តដូចសព្វដង ក្នុងការច្របាច់បញ្ចូលកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីដោះស្រាយនូវគោលដៅរួម ក្នុងការនាំមកនូវផលប្រយោជន៍ដល់ប្រជាជនរបស់យើង ដោយផ្អែកលើស្មារតីនៃមជ្ឈភាព ឯកភាព និងសាមគ្គីភាពអាស៊ាន ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានសភាពគួរឱ្យព្រួយបារម្ភ ដែលអាចបង្កជាផលប៉ះពាល់ដោយផ្ទាល់ទៅលើសន្តិសុខ និងស្ថិរភាពនៃតំបន់ទាំងមូល ប៉ុន្តែយើងត្រូវតែទទួលស្គាល់ថា វិបត្តិនេះ គឺស្មុគស្មាញជាមួយនឹងមូលហេតុដែលចាក់ឬសយ៉ាងជ្រៅ ។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជា ប្ដេជ្ញាយ៉ាងពេញទំហឹងក្នុងការជួយមីយ៉ាន់ម៉ាដោះស្រាយវិបត្តិ ហើយកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់ គឺសំដៅស្វែងរកការបញ្ចប់អំពើហិង្សា ការនាំមកនូវជំនួយមនុស្សធម៌ដល់ប្រជាជនខ្វះខាត និងការស្វែងរកការកសាងទំនុកចិត្តក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធ សំដៅបើកឱ្យមានការសន្ទនានយោបាយរួមមួយ ដូចដែលបានកំណត់ដោយកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង ៥ចំណុចរបស់អាស៊ាន ៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner