សម្តេចតេជោ ហ៊ុន សែន ៖ ប្រជាជនកម្ពុជា ទទួលបាននូវភាពយុត្តិធម៌ តាមរយៈសាលាក្តីកូនកាត់ ដែលជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ

អាមេរិក៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រជាជនកម្ពុជា ទទួលបាននូវភាពយុត្តិធម៌ តាមរយៈសាលាក្តីកូនកាត់ ដែលជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ នៅក្នុងឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា ក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិបទកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា” នៅក្នុងមហាសន្និបាតអង្កការសហប្រជាជាតិ លើកទី៧៧ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់អង្គការសហប្រជាជាតិថា ការបានចេញសាលដីកាទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិពីម្សិលមិញ អង្គជំនុំជម្រះកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា គឺផ្តន្ទាទោសអស់មួយជីវិតដល់អតីតប្រមុខរដ្ឋខ្មែរក្រហម ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះបានបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងកម្ពុជានិងអង្គការសហប្រជាជាតិ តាមរយៈសាលាក្តីកូនកាត់ នៅក្នុងការនាំមកនូវយុត្តិធម៌ដល់ប្រជាជនកម្ពុជា ដែលបានរងគ្រោះយ៉ាងធ្ងន់ធ្ងរពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជនជាតិឯង ។

សម្តេចបញ្ជាក់ថា យើងអាចប្រកាសប្រាប់ពិភពលោកអំពីការពិតដែលបានរកឃើញ និងយុត្តិធម៌ដែលត្រូវបានការពារ ហើយផ្សព្វផ្សាយដល់ពិភពលោកថា ឧក្រិដ្ឋកម្មបែបនេះមិនគួរកើតឡើងម្តងទៀតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងពីការចូលរួមរបស់កម្ពុជា ទាក់ទងនឹងបេសកកម្មរក្សាសន្តិភាព ដោយកម្ពុជាបានបន្តបញ្ជូនកងកម្លាំងរាប់ពាន់នាក់ ដើម្បីទៅបំពេញបេសកកម្ម ក្នុងបណ្ដាប្រទេសដែលកំពុងជួបវិបត្តិ ។ សម្តេចថ្លែងថា ជាង ១៥% នៃកងកម្លាំងកម្ពុជា ដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជា “ស្ត្រី” ។ ពួកគាត់បានដើរតួជាគំរូ និងជំរុញទឹកចិត្តដល់ស្ត្រី និងយុវនារី ក្នុងសង្គមដែលគ្របដណ្តប់ដោយបុរស ដើម្បីទាមទារសិទ្ធិ និងការចូលរួមចំណែក ក្នុងកិច្ចដំណើរការរក្សាសន្តិភាព ៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner