សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់រដ្ឋធានីហាវ៉ាណា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ នៅសាធារណរដ្ឋគុយបា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីហាវ៉ាណា ប្រកបដោយសុវត្តិភាព សំរាប់ដមណើរបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ នៅសា ធារណរដ្ឋគុយបា។
បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រយៈពេល ២ថ្ងៃប្រកបដោយលទ្ធផលដ៏ត្រចះត្រង់រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញបន្តដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេលថ្ងៃ ទៅកាន់រដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា។
យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះចតនៅអាកាសយានអន្តរជាតិ Jose Marti កាលពីវេលាម៉ោង ២០ និង ៣០នាទី រាត្រីថ្ងៃទី២៣ កញ្ញា ម៉ោងនៅទីក្រុងហាវ៉ាណា សាធារណរដ្ឋគូបា ត្រូវនឹងម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២៤កញ្ញា ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីអនុរដ្ឋមន្រ្តីការបរទេសគុយបា លោកជំទាវ បាន បូរ៉ុម ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋគូបា ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ ក្រសួងការបរទេសគុយបា និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋគុយបាជាច្រើនរូប ៕ ស៊ូ វណ្ណលុក