ប្រមុខការទូតអាមេរិកថា អ៊ុយក្រែនអាចប្រើសព្វាវុធលោកខាងលិច ប្រឆាំងនឹងទឹកដីរឹបអូសដោយរុស្ស៊ីបាន
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នៅថ្ងៃអង្គារទី២៧ ខែកញ្ញានេះថ្លែងថា ទីក្រុងវ៉ាស៊ីនតោនមិនជំទាស់នឹងអ៊ុយក្រែនឡើយ ចំពោះការប្រើប្រាស់សព្វាវុធដែលផ្តល់ដោយលោកខាងលិច ដើម្បីកំណត់គោលដៅលើទឹកដីដែលអាចនឹងសម្រេចចិត្តចូលរួមជាមួយរុស្ស៊ី ពីព្រោះសហរដ្ឋអាមេរិកចាត់ទុកការបោះឆ្នោតបែបនេះ គឺ “មិនស្របច្បាប់” នោះទេ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក បណ្ឌិត Subrahmanyam Jaishankar ក្នុងទីក្រុងវ៉ាស៊ីនតោន លោក ប្លីងគែន បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា យើងនឹងមិនទទួលស្គាល់ការដាក់បញ្ចូលទឹកដីអ៊ុយក្រែនដោយរុស្ស៊ីនោះទេ… អ៊ុយក្រែនមានសិទ្ធិដាច់ខាតក្នុងការការពារខ្លួននៅទូទាំងទឹកដីរបស់ប្រទេសខ្លួន រួមទាំងការដណ្តើមយកមកវិញ នូវទឹកដីដែលត្រូវបានរឹបអូសដោយខុសច្បាប់ពីរុស្ស៊ី មិនថា មធ្យោបាយបែបណានោះឡើយ។
គ្រឿងបរិក្ខារ, គ្រឿងសព្វាវុធដែលយើង និងប្រទេសជាច្រើនទៀតកំពុងផ្តល់ឱ្យ ហើយប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពនោះ គឺអាចយកធ្វើរឿងនេះបាន។ លោក ប្លីងគែន បានសង្កត់ធ្ងន់ទៀតថា ប្រជាជនអ៊ុយក្រែននឹងបន្តធ្វើអ្វីដែលពួកគេត្រូវធ្វើ ដើម្បីទទួលបានទឹកដីដែលត្រូវបានដកហូតពីពួកគេមកវិញ… យើងនឹងបន្តគាំទ្រពួកគេក្នុងការខិតខំនោះ។
បើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរុស្ស៊ី RT ប្រជាមតិដែលធ្វើឡើងនៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ក៏ដូចជាក្នុងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ីនៅអ៊ុយក្រែន គឺ Zaporozhye និង Kherson នៅចន្លោះថ្ងៃទី២៣ ដល់ ២៧ ខែកញ្ញា លទ្ធផលនៅ Zaporozhye បង្ហាញពីការគាំទ្រ ៩៣% និងនៅ Kherson គាំទ្រ ៨៧% ឲ្យចូលរួមជាមួយរុស្ស៊ី។
ទោះបីជាយ៉ាងណា ទាំងអ៊ុយក្រែន និងអ្នកគាំទ្រលោកខាងលិចបានច្រានចោលការបោះឆ្នោតប្រជាមតិលើការចូលរួមជាមួយរុស្ស៊ីនេះថា ជាការបោះឆ្នោតដ៏អាម៉ាស់ ហើយប្តេជ្ញាថា នឹងមិនទទួលស្គាល់លទ្ធផលឡើយ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា
![](https://asset.ams.com.kh/central/media/2022/09/photo_2022-09-28_09-22-10.jpg)
![](https://asset.ams.com.kh/central/media/2022/09/photo_2022-09-28_09-22-11-1024x576.jpg)