នាយករដ្ឋមន្រ្តី នៃ គុយបា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា នាដើមខែតុលាខាងមុខនេះ តបតាមការអញ្ចើញរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marreo Cruz) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ។ នេះបើយោងតាមសេចក្តីជូនដំណឹង នៅក្នុងកិច្ចប្រជុំ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដឹកនាំដោយឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងដោយមានការអញ្ជើញចូលរួមពីគណៈកម្មាធិការអន្តរក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន ពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ជុំវិញការត្រៀមលក្ខណៈរៀបចំទទួលបដិសណ្ឋារកិច្ច ទទួលនិងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ដែលដឹកនាំដោយ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា ដែលនិងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានេះ។
ថ្លែងបញ្ជាក់ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឈិន កេតនា ក៏បានជម្រាបជូនអំពីកម្មវិធី ដែលគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយ នាយករដ្ឋមន្រ្តី នៃសាធារណៈរដ្ឋគុយបា និងបានផ្តល់ឱកាសជូនដល់សមាជិកសមាជិក មានមតិយោបល់ពិភាក្សាគ្នាអស់មួយរយៈពេលមក អង្គប្រជុំក៏បានឯកភាព និងបានសម្រេចកំណត់រូបចាត់តាំង ព្រមទាំងបែងចែកភារកិច្ចជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ដែលមានតំណាង មកចូលរួម សូមផ្តោតជាសំខាន់ទៅលើផែនការ និងការទំនួលខុសត្រូវ សាមីក្រសួងស្ថាប័នរបស់ខ្លួន និងត្រូវរាយការណ៍ជូនទៅដល់ថ្នាក់ដឹកនាំបានជ្រាប។
យោងតាមផែនការណៃដំណើរអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូ ដឹកនាំដោយ ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា និងអញ្ជើញមកដល់កម្ពុជា ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដែលជាគម្រោង គណៈប្រតិភូនិងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ ពិធីដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ។
គណៈប្រតិភូ ដឹកនាំដោយ ឯកឧត្តម នាយករដ្ឋមន្រ្តី នៃសាធារណៈរដ្ឋគុយបា និងមានបដិសណ្ឋារកិច្ចផ្លូវការនៅវិមានសន្តិភាព និងមានជំនួបទ្វេភាគី និងពិធីជប់លៀងផ្លូវការ រៀបចំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា ក៏និងគ្រោងអញ្ជើញជំនួបសម្តែងការគួរសម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជំនួបសម្តែងការគួរសម សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
គួររំលឹកផងដែរថា មកទល់និងពេលនេះ ទំនាក់ទំនងរវាងកម្ពុជានិងគុយបា គឺជាទំនាក់ទំនងជាប្រវត្តិសាស្រ្ត ជាមិត្តភាព ដ៏ជិតស្និទ្ធ ហើយជាទំនាក់ទំនងមួយដែលមានអាយុកាល៦២ ឆ្នាំមកហើយ។ ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញទស្សនកិច្ចជាផ្លូវការលើកទី២ នៅក្នុងប្រទេសគុយបា។ ក្នុងដំណើរទស្សនកិច្ចថ្ងៃដំបូងនេះ សម្តេចតេជោ បានជួបសម្តែងការគួរសមជាមួយប្រធានសភា និងប្រធានាធិបតីរបស់គុយបា, អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធវីរបុរសគុយបា លោក Jose Marti នៅវិមាន Jose Marti Memorial ព្រមទាំងអញ្ជើញទស្សនកិច្ចស្សនកិច្ចមជ្ឈមណ្ឌល វិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យា ដែលបង្កើតឡើងដោយដោយលោក ហ្វីដែល កាស្រ្តូ អតីតប្រធានាធិបតីគុយបាផងដែរ៕ ង៉ាន់ ទិត្យ
![](https://asset.ams.com.kh/central/media/2022/09/photo_2022-09-28_11-49-17-1024x576.jpg)