ទឹកជំនន់ដ៏អាក្រក់នៅប៉ាគីស្ថាន ឆក់យកអាយុជីវិតមនុស្សកើនជាង ១,៦០០នាក់ និង ១២,៨០០នាក់ទៀតរងរបួស
អ៊ីស្លាម៉ាបាដ៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់សរុបដោយសារភ្លៀងមូសុងរដូវនេះ និងទឹកជំនន់ចាប់តាំងពីពាក់កណ្តាលខែមិថុនាមក បានកើនឡើងប្រមាណ ១,៦៣៨នាក់ រួមជាមួយអ្នករងរបួសចំនួន ១២,៨៦៥នាក់នៅក្នុងប្រទេសប៉ាគីស្ថាន ។
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ NDMA បានឱ្យដឹងថា កុមារចំនួន ៥៨៨នាក់ និងស្ត្រី ៣៣២នាក់ស្ថិតក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត ដោយសារភ្លៀងធ្លាក់ខ្លាំងដាច់ដោយឡែកពីគ្នា ឬគ្រោះថ្នាក់ទាក់ទងនឹងទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាន ។
កុមារដែលរងគ្រោះដោយទឹកជំនន់ ភាគច្រើនត្រូវបានគេប្រទះឃើញនៅក្នុងស្រុក Jamshoro ខេត្ត Sindh ភាគខាងត្បូងប្រទេសប៉ាគីស្ថាន គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ ខេត្ត Sindh ភាគខាងត្បូងរបស់ប្រទេសប៉ាគីស្ថាន គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ មានមនុស្សចំនួន ៧៤៧នាក់បានស្លាប់ បន្ទាប់មកគឺខេត្ត Balochistan ភាគនិរតី និងខេត្ត Khyber Pakhtunkhwa ភាគពាយព្យ ដែលបានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ៣២៣នាក់ និង ៣០៦នាក់។
ជាងនេះទៅទៀត លំនៅដ្ឋានចំនួន ២,០៤៩,៥៣២កន្លែងត្រូវបានបំផ្លាញ និងសត្វពាហនៈចំនួន ១,១២០,២៦១ក្បាលបានងាប់នៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសប៉ាគីស្ថាន។
បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) មនុស្សប្រហែល ៣៣,០៤៦,៣២៩នាក់ និងស្រុកចំនួន ៨៤ បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។ របាយការណ៍បន្ថែមថា ផ្លូវប្រវែង ១៣.០៧៤គីឡូម៉ែត្រ និងស្ពានចំនួន ៤១០ កន្លែងត្រូវរងការខូចខាតពេញមួយរដូវ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា