យុវជនសាយ នឹងចំណាយពេលរត់៩ថ្ងៃ ដើម្បីរ៉ៃអង្គាសថវិការសប្បុរសធម៌ជួយដល់កុមារអង្គរខេត្តសៀមរាប
ភ្នំពេញ៖ យុវជនសាយ ដែលប្រជាជនកម្ពុជាស្គាល់ថា ជាសិល្បៈករផ្នែកតែងនិព័ន្ធបទចំរៀង និងជាតារាសម្តែង បានប្រកាសថា រូបគេ នឹងចាប់បេសកម្មរត់ជាលើកទី២ ក្នុងចម្ងាយផ្លូវជាង៣០០គីឡូម៉ែត្រពីទីក្រុងភ្នំពេញដល់ខេត្តសៀមរាប ចំណាយពេលរត់រយៈពេល៩ថ្ងៃ។
យុវជនសាយ បានគូសបញ្ជាក់ថា បេសកម្មរត់លើកទី២នេះ ត្រូវបានប្រសិទ្ធិនាមថា រត់ដើម្បីសប្បុរសធម៍ បានបង្កើតឡើងក្នុងគោលបំណងស្វែងរកថវិការសប្បុរសធម៍ជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ មូលហេតុដែលជំរុញលើកទឹកចិត្តឲ្យគេបង្កើតកម្មវិធីរត់នេះឡើង ផ្តើមចេញពីខ្លួនគេផ្ទាល់ជាមនុស្សម្នាក់ដែលពុំមានសុខភាពល្អ ហើយតែងតែពឹងផ្អែកលើពន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះតាំងពីខ្លួនជាកុមារភាពមក។ ដូច្នោះការជ្រើសរើសយកសកម្មភាពរត់នេះ ដើម្បីស្វែងរកថវិការជួយដល់មន្ទីរពេទ្យ ដែលជាការរួមចំណែកមួយផ្នែកក្នុងសកម្មភាពមនុស្សធម៌ជួយដល់កុមារ។
យុវជនសប្បុរសធម៍ខាងលើ បានពន្យល់ទៀតថា សកម្មភាពរត់របស់គេរយៈពេល៩ថ្ងៃនេះ គេបានដាក់គោលដៅថា ក្នុងរយៈពេល១ថ្ងៃគេរត់ឲ្យបានចម្ងាយ៤០ទៅ៥០គីឡូម៉ែត្រ ដោយចំណាយពេល៤ថ្ងៃទៅដល់ខេត្ត កំពង់ធំ ហើយថ្ងៃទី៥សម្រាក់នៅកំពង់ធំមួយថ្ងៃ រួចថ្ងៃទី៦ទើបបន្តដំណើរទៅទៀត ដោយចំណាយពេល៣ថ្ងៃទៅដល់ខេត្តសៀមរាបដែលជាកន្លែងបញ្ចប់សកម្មភាពរត់តែម្តង។
យុជនរូបនេះ អះអាងថា កក្តាចម្បង ដែលធ្វើឲ្យគេដាក់គម្រោងរត់មួយថ្ងៃចំនួន៤០ទៅគីឡូម៉ែត្រ ដោយបែងចែកចំនួនពីរពេល គឺ ពេលព្រឹកនិងល្ងាច ដើម្បីផ្តល់ឱកាសឲ្យមានការចូលរួមសកម្មភាពរត់ជាមួយខ្លួនពីប្រជាពលរដ្ឋនិងយុវជនតាមបណ្តាលឃុំ ស្រុក ខេត្តដែលខ្លួនរត់ឆ្លងកាត់ ពិសេស ដើម្បីស្វែងរកថវិកា សប្បុរសធម៌ផងដែរ។
សូមបញ្ជាក់ថា កម្មវិធីរត់រ៉ៃអង្គាសថវិការសប្បុរសធម៍របស់យុវជនសាយ នឹងចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២២ខាងមុខនេះ រត់ក្នុងចម្ងាយប្រមាណជាង៣០០គីឡូម៉ែត្ររយៈពេល៩ថ្ងៃ ពីភ្នំពេញដល់សៀមរាប ដោយរត់កាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងសៀមរាប៕ អត្ថបទ៖ ជាវ ចន្ធូ