Terraform Labs ថាការចេញដីកាចាប់ខ្លួនស្ថាបនិកកាក់ LUNA ជារឿងអយុត្តិធម៌ និងមានចរិតនយោបាយ

សេអ៊ូល៖ Terraform Labs ដែលជាក្រុមហ៊ុនទ្រព្យសម្បត្តិឌីជីថល (គ្រីបតូ) របស់លោក Do Kwon បានច្រានចោលការចោទប្រកាន់របស់តុលាការកូរ៉េខាងត្បូង ជុំវិញការដួលរលំនៃរូបិយប័ណ្ណគ្រីបតូ ដែលមានទំហំ ៦០ប៊ីលានដុល្លារ។ ក្រុមហ៊ុននេះ ថែមទាំងបាននិយាយថាករណីប្រឆាំងនឹងលោក Do Kwon បានក្លាយជារឿង”នយោបាយ”។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋអាជ្ញាដែលកាន់សំណុំរឿងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ពី”ភាពអយុត្តិធម៌និងការខកខានក្នុងការថែរក្សាសិទ្ធិជាមូលដ្ឋានដែលត្រូវបានធានាក្រោមច្បាប់កូរ៉េ។”។ អ្នកនាំពាក្យរបស់ Terraform Labs បន្ថែមថាមិនមានមូលដ្ឋានសមហេតុផលក្នុងការចោទប្រកាន់ពាក់ព័ន្ធនឹងការបំពានច្បាប់ទីផ្សារមូលធនឡើយ។

ការិយាល័យរដ្ឋអាជ្ញានៅទីក្រុងសេអ៊ូល មិនបានឆ្លើយតបភ្លាមៗទេ ចំពោះសំណើសុំការអត្ថាធិប្បាយលើ
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Terraform Labs ។

ប្រទេសកូរ៉េខាងត្បូងបានស្វែងរកជំនួយពីប៉ូលីសអន្តរជាតិ(Interpol) ដើម្បីស្វែងរកលោក Kwon ដែលជាម្ចាស់គម្រោង TerraUSD។ កាក់ថេរ TerraUSD និងកាក់ LUNA ដែលបានដួលរំលំ កាលពីខែឧសភាឆ្នាំ២០២២ ហើយធ្វើឲ្យទីផ្សារគ្រីបតូទាំងមូលរង្គើបាត់បង់ទឹកប្រាក់រាប់សិបប៊ីលានដុល្លារ។

រហូតមកដល់ពេលនេះ គេមិនទាន់ដឹងនៅឡើយទេថា តើលោក Do Kwon កំពុងរស់នៅប្រទេសណានោះ។កាលពីដើមខែកញ្ញា កន្លងទៅអាជ្ញាធរសិង្ហបុរីបាននិយាយថា លោក Do Kwon មិនមានវត្តមាននៅក្នុងទឹកដីសិង្ហបុរីនោះទេ។ កាលពីថ្ងៃទី១៤ ខែកញ្ញា រដ្ឋអាជ្ញាកូរ៉េបាននិយាយថាតុលាការបានចេញដីកាចាប់ខ្លួន លោក Kwon។

អាជ្ញាធរធ្លាប់បានបញ្ជាក់ថា លោក Do Kwon កំពុងតែគេចពីការស៊ើបអង្កេត។ ប៉ុន្តែអ្នកនាំពាក្យរបស់ Terraform Labs បាននិយាយថា បុរសវ័យ៣១ឆ្នាំរូបនេះ កំពុងទាក់ទងជាមួយភ្នាក់ងាររដ្ឋាភិបាលទាំងអស់ដែលបានស្នើសុំទំនាក់ទំនងជាមួយគាត់។ អ្នកនាំពាក្យដដែលបញ្ជាក់ថា “លោក Do Kwon មិនរត់ទៅណាទេ ហើយលោកថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រង Terraform Labs។”

ពាក់ព័ន្ធនឹងការសង្ស័យថាស្ថាបនិករូបនេះ បានលួចយកកាក់ Bitcoin ជា៣ពាន់គ្រាប់នោះ បានជំរុញឲ្យរដ្ឋអាជ្ញាធកូរ៉េខាងត្បូងដាក់សំណើទៅកាន់ទីផ្សារជួញដូរគ្រីបតូ KuCoin និង OKX បង្កកកាក់ទាំងនោះ ដែលមានតម្លៃជាង ៦៥លានដុល្លារអាមេរិក។

កាក់ TerraUSD ត្រូវបានកំណត់ឲ្យមានតម្លៃប្រហាក់ប្រហែល ឬស្មើនឹង១ដុល្លារអាមេរិក។ ប្រព័ន្ធនេះពឹងផ្អែកលើការលាយបញ្ចូលគ្នាដ៏ស្មុគស្មាញនៃកូដ និងការចង់ភ្ជាប់ជាមួយកាក់ Luna។ ប៉ុន្តែវាបានរលំរលាយទៅវិញ ដោយបាត់បង់នូវទឹកប្រាក់ជាង ៦០ប៊ីលានដុល្លារ៕ ដោយ៖ CPA/ យ៉ាន អាន

ads banner