អ្នកវិភាគ៖ ចិនប្រើកប៉ាល់ស៊ីវិលដើម្បីបង្កើនសមត្ថភាពកងទ័ពជើងទឹកនិងសកម្មភាពយោធាដទៃទៀត

ចិន៖យានជំនិះធម្មតាៗដែលបម្រើឱ្យសកម្មភាពស៊ីវិលនៅលើដែនទឹក ដូចជាកប៉ាល់ ឬស្រឡាងធន់ធ្ងន់ ត្រូវបានចិនយកមកប្រើប្រាស់សម្រាប់សកម្មភាពដ៏មមាញឹកប្រចាំថ្ងៃរបស់ខ្លួន រាប់ចាប់តាំងពីកិច្ចការស្រាវជ្រាវវិទ្យាសាស្រ្ត រហូតដល់ការនេសាទ និងការដឹកជញ្ជូនមនុស្ស ឬទំនិញទូទៅ នៅក្នុងទីលំហសមុទ្រ រួមទាំងនៅលើដែនទឹកដ៏ចម្រូងចម្រាស់នៃសមុទ្រចិនខាងត្បូង។

អ្នកជំនាញភូមិសាស្រ្តនយោបាយរួមទាំងរដ្ឋាភិបាលក្នុងតំបន់ ដែលមិនសប្បាយនឹងការរីកសាយភាពនៃឥទ្ធិពលរបស់ចិនមួយចំនួន មើលឃើញលើសពីនេះ ដោយផ្អែកលើភស្តុតាងផ្សេងៗ។ ពួកគេយល់ថា ការប្រើប្រាស់ជំនិះស៊ីវិល រួមមានកប៉ាល់ជាដើមនោះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រលាយបញ្ចូលបែបស៊ីវិល និងយោធារបស់ចិន ដើម្បីបង្កើនសមត្ថភាពដែនសមុទ្ររបស់ខ្លួន គ្រាន់តែក្រុងប៉េកាំង មិនបង្ហាញសកម្មភាពយោធាស្ដែងៗប៉ុណ្ណោះ។

តាមពិតទៅកងទ័ពជើងចិន គឺជាកងទ័ពដ៏ធំរួចទៅហើយ ប្រសិនបើគេរាប់ចំនួនកប៉ាល់ដែល អង្គភាពយោធានេះមាន។ លើសពីនេះ កងទ័ពជើងទឹកចិនក៏បាននិងកំពុងសាងសង់នាវាចម្បាំងថ្មីៗ ដើម្បីពង្រីកកម្លាំងយោធារបស់ខ្លួន ។ កាលពីខែមិថុនា ចិនបានបើកដំណើរការនាវាផ្ទុកយន្តហោះដែលផលិតក្នុងស្រុកជាលើកដំបូង ហើយយ៉ាងហោចណាស់ មាននាវាចម្បាំងថ្មីៗចំនួន ៥ រំពឹងថានឹងដាក់ដំណើរការក្នុងពេលឆាប់ៗនេះ។

ការបង្កើនសមត្ថភាពកងទ័ពជើងទឹកបែបនេះ ធ្វើឡើងដំណាលគ្នានឹងកិច្ចខិតខំប្រឹងប្រែងបន្សាយឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ ប៉ុន្មានខែចុងក្រោយនេះ ចិនបានបង្កើនសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ ខណៈពង្រឹងទំនាក់ទំនងជាមួយបណ្ដាកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងសាងសង់កោះសិប្បនិមិត្តក្នុងដែនទឹកមានជម្លោះនៃសមុទ្រចិនខាងត្បូង ដែលចិនទាមទារថាជារបស់ខ្លួន ប៉ុន្តែអាមេរិក និងសម្ព័ន្ធបដិសេធ។

អ្នកវិភាគយល់ឃើញថា កប៉ាល់ សាឡាង ឬនាវាស៊ីវិល មានតួនាទីលើសពីអ្វីដែលគេមើលឃើញធម្មតាៗ ព្រោះវាអាចជួយបំពេញភារកិច្ច ដែលពិបាកសម្រាប់យោធាក្នុងការអនុវត្ត។

ប្រធាននៃគំនិតផ្តួចផ្តើមតម្លាភាពដែនសមុទ្រអាស៊ី នៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ លោក Gregory Poling បានលើកឧទាហរណ៍ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន អេភី(AP) ថា នៅប្រជុំកោះ Spratly ក្នុងសមុទ្រចិនខាងត្បូង ចិនបានចំណាយប្រាក់លើកប៉ាល់នេសាទពាណិជ្ជកម្ម ឱ្យទៅនៅក្បែរកោះប្រជុំកោះជម្លោះនេះ ដើម្បីជាភស្តុតាំងគាំទ្រការទាមទាររបស់ខ្លួន។

លោក Poling គូសបញ្ជាក់ថា៖ «ប្រទេសចិនអាចប្រើប្រាស់នាវាស៊ីវិលដែលរដ្ឋចាត់ចែងនិងចំណាយ ដើម្បីលេបយកអធិបតេយ្យភាពរបស់អ្នកជិតខាងខ្លួនហើយបន្ទាប់មកក៏បដិសេធដោយចេតនាថា រដ្ឋរបស់ខ្លួនមិនទទួលខុសត្រូវនោះទេ»។

អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ ចិនបានប្រើប្រាស់កប៉ាល់នេសាទស៊ីវិល សម្រាប់គោលបំណងយោធា។ ប៉ុន្តែថ្មីៗនេះចិនបង្កើនចំនួនវាគួរឱ្យកត់សម្គាល់ តាមរយៈការបង្កើត «កងនាវា Spratly Backbone» ចេញពីកម្មវិធីឧបត្ថម្ភធនរបស់រដ្ឋាភិបាល ដែលចាប់ផ្តើមឡើងក្រោមអំណាចរបស់លោកប្រធានាធិបតី ស៊ី ជិនពីង។ លោក Poling អះអាងថា កប៉ាល់ទាំងនោះយ៉ាងច្រើន បានបង្ហាញខ្លួនបន្ទាប់ពីចិនសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែកាលពីប៉ុន្មានឆ្នាំមុន នៅលើកោះសិប្បនិម្មិត នៃប្រជុំកោះ Spratlys ហើយមកទល់ពេលនេះមានជាងពី ៣០០ ទៅ ៤០០ គ្រឿងរួចហើយ ដែលបានដាក់ពង្រាយ។

ប្រទេសហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងប្រទេសដទៃទៀត ក៏មានការទាមទារលើបណ្ដាកោះនៅប្រជុំកោះ Spratlys ផងដែរ។ ប្រជុំកោះនេះ ស្ថិតនៅក្នុងតំបន់នេសាទ និងលើផ្លូវដឹកជញ្ជូនសំខាន់ៗ ហើយត្រូវបានគេគិតថា មានកំណប់ឧស្ម័នធម្មជាតិ និងប្រេង។ ប៉ុន្តែកប៉ាល់របស់ចិន រារាំងអ្នកនេសាទផ្សេងទៀតពីការនេសាទនៅក្នុងតំបន់នេះ ដែលធ្វើឱ្យក្រុមអ្នកនេសាទក្រៅពីចិនកាន់តែស្បើយទៅៗ ខណៈរដ្ឋាភិបាលផ្សេងៗក៏មិនអាចធ្វើបានច្រើន។ នេះបើតាមលោក Jay Batongbacal ដែលជាប្រធានវិទ្យាស្ថានកិច្ចការសមុទ្រ និងច្បាប់សមុទ្រ នៃសាកលវិទ្យាល័យហ្វីលីពីន។

លោក Batongbacal អះអាងថា៖ «ដោយសារតែកប៉ាល់របស់ចិន ជាកប៉ាល់នេសាទពិតៗ កងនាវាចរមិនអាចដោះស្រាយជាមួយពួកគេបានទេ ដោយខ្លាចចិនចោទប្រកាន់ហ្វីលីពីនពីបទបង្កឧប្បត្តិហេតុ និងប្រើប្រាស់កម្លាំងប្រឆាំងនឹងជនស៊ីវិលរបស់ខ្លួន»។
បន្ថែមពីលើកប៉ាល់នេសាទពាណិជ្ជកម្មប្រហែល ៨០០ ទៅ ១ ០០០ គ្រឿង នៅប្រជុំកោះ Spratly ចិនមាននាវាប្រហែល ២០០ គ្រឿងផ្សេងទៀត ដែលជាផ្នែកមួយនៃកងជីវពលសមុទ្រ មានជំនាញវិជ្ជាជីវៈ ត្រឹមត្រូវ។ នេះបើតាមការសិក្សាកាលពីខែវិច្ឆិកា ដែលចូលរួមដោយស្ថាប័នរបស់លោក Poling ដែលប្រមូលទិន្នន័យពីផ្កាយរណប និងប្រភពផ្សេងៗទៀត។

លោក Poling អះអាងថា កងជីវពលដែលមានជំនាញវិជ្ជាជីវៈ មានបំពាក់ដោយឧបករណ៍ទំនើបផ្សេងៗ ជាមួយនឹងក្រុមនាវិកដែលទទួលការបណ្តុះបណ្តាល និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋផ្ទាល់ ហើយក្រុមនេះប្រើក្នុងប្រតិបត្តិការធំៗ ដូចជាការយាយីប្រតិបត្តិការដឹកប្រេង និងហ្គាសបរទេស។

អ្នកជំនាញដដែលបន្តថា ក្នុងករណីមានជម្លោះ ការប្រើប្រាស់កប៉ាល់ស៊ីវិលរបស់ចិន នឹងធ្វើឲ្យមានភាពស្មុគស្មាញ ព្រោះគេមិនអាចដោះស្រាយជាមួយកប៉ាល់នេសាទ ដូចកប៉ាល់យោធានោះទេ បើទោះបីជាកប៉ាល់នេសាទចិនទាំងនោះ ប្រដាប់ដោយអាវុធក៏ដោយ។

អ្នកវិភាគនៅសិង្ហបុរីរបស់ក្រុមហ៊ុនចារកម្មការពារជាតិ Janes លោក Ridzwan Rahmat បានលើកឡើងថា ប្រទេសចិនក៏កំពុងដាក់ពង្រាយកប៉ាល់ស្រាវជ្រាវស៊ីវិល សម្រាប់បម្រើឱ្យកិច្ចការដែលទាក់ទងនឹងយោធាផងដែរ ជាពិសេសនៅក្នុងតំបន់ដែលកងទ័ពជើងទឹករបស់ខ្លួន មិនអាចធ្វើប្រតិបត្តិការបាន ដោយខ្លាចរងនូវការឆ្លើយតបពីប្រទេសដទៃ។

លោក Rahmat បានអះអាងទៀតថា ចិនបានប្រើប្រាស់កប៉ាល់ស៊ីវិល ដើម្បីនាំចូលបច្ចេកវិទ្យាណារសើបណា ដែលប្រទេសលោកខាងបិទមិនឱ្យនាំចេញទៅចិន សម្រាប់ការប្រើប្រាស់លើវិស័យយោធា។ លើសពីនេះ ប្រទេសចិនកំពុងបង្កើនការល្បាតដោយនាវាមុជទឹករបស់ខ្លួន ហើយដើម្បីធានាថា វាអាចធ្វើបាន ចិនចាំបាច់ត្រូវកំណត់ទីតាំងក្រោមទឹក ដោយបង្កើតផែនទីយោធាក្នុងសមុទ្រចិនខាងត្បូង។

វិធីសាស្រ្តរបស់ចិន រងការខឹងសម្បារពីឥណ្ឌា ដែលគូប្រជែងក្នុងតំបន់ កាលពីខែមុន នៅពេលដែលចិនចង់ចូលចតនាវា Yuan Wang 5 នៅកំពង់ផែ Hambantota របស់ស្រីលង្កា ដែលនៅមិនឆ្ងាយពីឆ្នេរឥណ្ឌា ខណៈដែលក្រុងញូវដេលីកំពុងរៀបចំការបាញ់សាកល្បងមីស៊ីល។ Yuan Wang 5 គឺជានាវាស្រាវជ្រាវវិទ្យាសាស្ត្រ ដែលបំពាក់ដោយឧបករណ៍ចាប់សញ្ញា ដែលអាចប្រើដើម្បីតាមដានផ្កាយរណប ប៉ុន្តែវាក៏អាចប្រើដើម្បីប្រមូលទិន្នន័យបាញ់បង្ហោះមីស៊ីលផងដែរ។

ប៉ុន្តែក្រោយមក ស្រីលង្កាក៏បដិសេធសំណើររបស់ចិន ដែលសុំចូលចត Yuan Wang 5 ដើម្បីចាក់សាំងនៅពេលនោះ បើទោះបីជាចិនជាអ្នកធ្វើប្រតិបត្តិការលើកំពង់ផែ Hambantota ដែលចិនសាងសង់ក្ដី។ ទីបំផុតឥណ្ឌាក៏បាញ់សាកល្បងមីស៊ីលរបស់ខ្លួន ប៉ុន្តែត្រូវគេសង្កេតឃើញថា បានពន្យាពេលរហូតទាល់តែនាវា Yuan Wang 5 ចេញផុត៕ ដោយ៖ ហួន ឌីណា

ads banner